លោក ភិរម្យ ដារ៉ា ម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២២
ភ្នំពេញ:លោក ភិរម្យ ដារ៉ា ធ្លាប់ប្រកួតប្រជែងនៅអក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ២០២១ បាលទទួលជ័យលាភីលេខ២ ផ្នែកកំណាព្យរឿង និងនៅ ឆ្នាំ២០២២នេះ លោក បានទទួលជ័យលាភីលេខ៣ផ្នែកំណាព្យរឿងសម្រាប់ ការប្រកួតនៅ អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ ប៉ុន្តែ លោកបានទទួលជ័យលាភីលេខ១ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២២ ផ្នែកកំណាព្យរឿង «គុណការងារ»។
លោកបានប្រាប់ពីបទពិសោធ ដែលឈានដល់ការដណ្ដើមបានជ័យលាភីបន្តបន្ទាប់ ដូច្នេះថា ៖ «សម្រាប់បទពិសោធខ្លួនខ្ញុំផ្ទាល់ដើម្បីយកពានមួយនេះ ខ្ញុំត្រូវគិតទៅលើឆ្អឹងរឿងជាមុន ថាតើមានរូបារម្មណ៍កម្រិតណា អត្ថន័យបែបណា អត្ថរសបែបណា? បានជួយអ្វីខ្លីដល់ខ្លួនឯង ដល់គ្រួសារ ជាពិសេសដល់សង្គមជាតិ»។
លោកថា ការសង្កត់ធ្ងន់លើតម្លៃវប្បធម៌ អភិរក្ស និងអភិវឌ្ឍន៍ក្រោយពេលចេញឆ្អឹងរឿងហើយ ពិនិត្យខ្លួនឯងថាគ្រប់គ្រាន់ហើយទើបបញ្ចូលជាភាសាកាព្យ ដោយចែកតាមវគ្គ តាមបទឱ្យស្របនឹងបរិយាកាសបទនីមួយៗ។ ការប្រើប្រាស់សម្ផស្សកាព្យឱ្យល្អិតល្អតែមិនរឹតត្បិតពេកទេខ្លាចខូចរូបារម្មណ៍សាច់រឿង និយាយរួមកុំឱ្យណែងណងជ្រុលដូចគោះត្រឡោក ព្រោះនេះជាកំណាព្យរឿង មិនមែនកំណាព្យឧបទេសកថាទេ មួយទៀតគឺការយកចិត្តទុកដាក់លើអក្ខរាវិរុទ្ធឱ្យបានគ្រប់ជ្រុងជ្រោយ។
លោកក៏បានផ្ដាំផ្ញើជូនអ្នកដែលមានបំណងចង់ចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ផ្នែកនិពន្ធផងដែរថា ដើម្បីចូលរួមលើ កស្ទួយវិស័យតែងនិពន្ធ យុវជនគួរមានស្នាដៃចូលរួមប្រកួតឱ្យច្រើន ស្នាដៃនោះ ទោះជាកំណាព្យរឿងក៏ដោយ ជាប្រ លោ មលោកក៏ដោយ ក៏ត្រូវផ្ដោតសំខាន់លើសាច់រឿងដូចគ្នា គ្រាន់តែផ្នែកំណាព្យគិតពិន្ទុពិសេសលើរចនាបថ និងភាពត្រឹមរបស់កំណាព្យថែមមួយកម្រិតទៀត។
លោក ភិរម្យ ដារ៉ា បានបន្តថា ចំពោះបេក្ខជនដែលចូលប្រឡងដើម្បីបានជយលាភី គួរតែសម្រឹតសម្រាំងសាច់រឿងឱ្យស៊ីជម្រៅ ឱ្យបានគ្រប់ចំណុចដែលមានក្នុងសេចក្ដីប្រកាសប្រកួតប្រជែង។
សម្រាប់ឆ្នាំថ្មីនេះផ្នែកកំណាព្យរឿង លោក ភិរម្យ ដារ៉ា នឹងមិនចូលរួមប្រកួតប្រប្រជែងទៀតនោះទេ ដោយឡែកផ្នែកប្រលោមលោកខ្នាតខ្លី លោកមិនទាន់សម្រេចចិត្តនៅឡើយ។
សូមរម្លឹកថា លោក ភិរម្យ ដារ៉ា កើតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។ ក្រោយពេលបញ្ចប់មធ្យមសិក្សាក្នុងឆ្នាំ ២០០២ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ច ក្នុងខេត្តស្ទឹងត្រែង លោកបានបន្តការសិក្សានៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ឯកទេសគណិតវិទ្យា ហើយបានបញ្ចប់បរិញ្ញាបត្រក្នុងឆ្នាំ២០០៦។
លុះដល់ឆ្នាំ២០១៤ លោកបានបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បន្ថែមទៀតពីសាកលវិទ្យាល័យបៀលប្រាយ នៅខេត្តស្ទឹងត្រែង ឯកទេសគ្រប់គ្រងធុរៈកិច្ច។ លោក ភិរម្យ ដារ៉ា ចេះនិងអាចប្រើភាសាបរទេសបានដូចជា អង់គ្លេស ថៃ និងឡាវ។ បច្ចុប្បន្នលោក ជាមន្ត្រីរាជការនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងផងដែរ។
ក្រៅពី ស្នាដៃចូលរួមប្រកួតប្រប្រជែង លោក ក៏មានស្នាដៃដែលបានចូលរួមចំណែកក្នុងវិស័យតែងនិពន្ធនេះបន្ថែមដែរ គឺនៅឆ្នាំ២០២០ លោកបានចូលរួមចងក្រងសៀវភៅប្រលោមកំណាព្យ១ក្បាល មានអ្នកនិពន្ធ១០នាក់ និងមានរហូតដល់ ១០ រឿងក្នុងនោះ ហើយលោកក៏មានបំណងចងក្រងបោះពុម្ពបន្ថែមទៀតដែរ។
សូមបញ្ជាក់ ផងដែរថា ការប្រឡងពានរង្វាន់ព្រះនាងឥន្ទ្រទេវី លើស្នាដៃតែងនិពន្ធសម្រាប់ ឆ្នាំ២០២២នេះ មានបេក្ខជនដាក់ស្នាដៃប្រឡង ចំនួន ១០៤ ស្នាដៃ ហើយឆ្នាំនេះ ក៏ជាឆ្នាំទី២២ នៃការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿង ហើយក៏ជាឆ្នាំទី៨ នៃការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រីទេវីផងដែរ៕
ដោយ:ហ៊ួន ស៊ីឡូន
រូបថត ហ៊ួនស៊ីឡូន