អ្នកនាំពាក្យ៖ ស្រូវជាង១៥ ម៉ឺនតោនត្រូវបានរោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានប្រមូលទិញ ពីប្រជាកសិករ

អត្ថបទដោយ៖
CPA

ភ្នំពេញ:មន្រ្តីអ្នកនាំពាក្យនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រាប់ឱ្យដឹងថា ស្រូវ ជាង១៥ ម៉ឺនតោន ត្រូវ បាន រោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានប្រមូលទិញ ពីប្រជាកសិករ ខណៈដែល ក្រសួង កំពុងរកដំណោះស្រាយពីភាគីពាក់ព័ន្ធ ដើម្បីបញ្ចៀសការធ្លាក់ចុះតម្លៃស្រូវបន្តទៀត។

កញ្ញា អុឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រាប់ ឱ្យ ដឹងកាល ពី ថ្ងៃទី ២៧ ខែវិច្ឆិកា ថា ការធ្លាក់ចុះនៃតម្លៃស្រូវ ក្រសួងបាន បញ្ជាក់ និង ធ្វើការពន្យល់យ៉ាងច្បាស់លាស់ហើយនៅក្នុង សេចក្តី ប្រកាសព័ត៌មាន កាល ពី ថ្ងៃទី ១៥ ខែវិច្ឆិកា ដែល ជាការពិត ការធ្លាក់ចុះតម្លៃស្រូវនេះ កើតមានឡើង ជារៀងរាល់ឆ្នាំ ហើយជាទូទៅកើត ឡើង ក្នុង រដូវប្រមូល ផលដែលចាប់ ផ្តើម ពីដើមខែវិច្ឆិកាដល់ពាក់កណ្តាលខែធ្នូ ដោយសារជារដូវប្រមូលផល របស់ ប្រជាកសិករ។

កញ្ញា បានបន្ថែមថា នេះជាកត្តាសត្យានុម័តដែលមិនអាចប្រកែកបាន ហើយវាពុំមែនជាកំហុសរបស់ប្រជាកសិករទាល់តែសោះនៅពេលដែលដំណាំស្រូវរបស់លោកដល់ពេលប្រមូលផល និងត្រូវតែប្រមូលផលឱ្យទាន់សភាពការណ៍។

កញ្ញា បាន ថ្លែងថា ៖ «គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ រោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានប្រមូលទិញស្រូវពីប្រជាកសិករបានជាង១៥ម៉ឺនតោនរួចមកហើយ ខណៈទិន្នផលស្រូវដែលនៅសស់មិនទាន់ដល់ពេលប្រមូលផល មានចំនួនប្រមាណ២០ភាគរយនៅខេត្តបាត់ដំបង និងជាង៥០ភាគរយនៅខេត្តបន្ទាយមានជ័យ»។

អ្នកនាំពាក្យវ័យក្មេងរូបនេះ បាន លើកឡើងទៀតថា ប្រជាកសិករ មិនមានកំហុសណាមួយនោះទេ នៅពេលដែលដំណាំស្រូវរបស់ ពួកគាត់ ដល់ពេលប្រមូល ផល ហើយ ហើយ ត្រូវ ធ្វើការប្រមូល ផលឱ្យ ទាន់សភាពការណ៍។

យ៉ាងណាក៏ដោយ ចាប់ តាំងពី ពាក់កណ្តាលខែវិច្ឆិកានេះ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏បានបញ្ជូន មន្រ្តីរបស់ខ្លួនដើម្បី ធ្វើការដោះស្រាយបញ្ហាទាំងនេះនៅតាម មូលដ្ឋានដោយផ្ទាល់ផងដែរ តាមរយៈការសម្របសម្រួល ការទិញដូរស្រូវ រវាងម៉ាស៊ីនកិនស្រូវជាមួយនឹងកសិករ នៅក្នុង តម្លៃស្រូវ សមស្របមួយដែល អាចទទួលយកបាន ពីគ្រប់ភាគី ទាំងអស់។

កញ្ញា អ៊ឹម រចនា បាន ថ្លែង ឱ្យដឹងទៀតថា ៖ «នេះគឺជាវិធានការឆ្លើយតបបន្ទាន់ ជាការស្វែងរកទីផ្សារ ជូនដល់ប្រជាកសិករដែលរងផលប៉ះពាល់ ក្រោមកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យស្រូវអង្ករ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាន បន្ថែមថវិកាដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីជួយផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ឱ្យទិញស្រូវប្រជាកសិករទាន់ពេលវេលា ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជាដែលបានសហការគ្នាប្រមូលទិញយ៉ាងសស្រាក់សស្រាំក្នុងតម្លៃដែលអាចទទួលយកបាន»។

ក្នុងនោះដែរ កងកម្លាំងយោធា ក៏បាន ចំណាយកម្លាំងចូលរួមជួយលើកដាក់ស្រូវ ប្រជាកសិករពេលកំពុងប្រមូលល ក់ នៅខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តដទៃទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ធ្លាប់បានពន្យល់អំពីបញ្ហានេះរួចមកហើយថា ដំណោះស្រាយចំពោះវិស័យកសិកម្ម គឺទាមទារឱ្យសម្លឹងមើលទាំងមូល និងឱ្យបានគ្រប់ជ្រុងជ្រោយ មិនមែនមើលត្រឹមតែផ្នែកណាមួយនោះទេ។ ទាក់ទងនឹង ដំណោះស្រាយទៀតសោត គឺ ត្រូវតែជាដំណោះ ស្រាយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
កញ្ញា អ៊ឹម រចនា បាន បញ្ជាក់ថា ៖ «ជាការពិត នេះជាការងារលំបាក និង ប្រើ ពេល យូរ ប៉ុន្តែជាការងារដែលចាំ បា ច់ត្រូវធ្វើ។ សួរថាតើទៅរួចទេ? គឺថាវាទៅរួច និង សម្រេចបានដរាបណា ភាគីពាក់ព័ន្ធ នៅ ក្នុងវិស័យកសិកម្ម វិស័យស្រូវអង្ករ ចូលរួម សហការគ្នាជួយគ្នា ហើយអ្នកដែលចាប់ ផ្តើមធ្វើមុនគេនឹងទទួលបាន ផលមុនគេដែរ»។

តាម ការ លើកឡើង របស់កញ្ញា នាពេលខាងមុខ ក្រសួងនឹងជួយជ្រោមជ្រែងដល់គ្រប់ភាគីទាំងអស់ ដើម្បីឱ្យវិស័យកសិកម្មដំណាំស្រូវនេះដើរទៅមុខ តាមរយៈ វិធានការផលិតពូជសុទ្ធល្អដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រ គល់ឱ្យក្រសួងអនុវត្ត ដែលក្រសួងបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយវិស័យឯកជន។

កញ្ញា ថា វិធានការលក់ចែកចាយពូជក្នុងថ្លៃសមរម្យដែលនៅក្រោមថ្លៃទីផ្សារធម្មតា។ វិធានការអ្នកទិញពូជនឹងទទួលបានកិច្ចសន្យាផលិតកម្ម។ វិធានការកម្មវិធីដាំដុះដើម្បីធានាការប្រើប្រាស់ទឹក និងការទិញមកវិញ មិនឱ្យចា ល់ដូចការផលិតដែលគ្មានផែនការរួម។
កញ្ញា អឹុម រចនា បានបញ្ជាក់ថា ៖ «ក្រសួងកសិកម្មកំពុងតែបំពេញការងារ និងបន្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មដំណាំស្រូវ ត្រៀមខ្លួនចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មីដែលនឹងផ្តល់ផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា»។
សូមបញ្ជាក់ថា នាសប្តាហ៍ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ថវិកា បន្ថែមចំនួន ១០ លាន ដុល្លា រអាម៉េរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣ លាន ដុល្លារ តាមរយៈធនាគារ អភិវឌ្ឍន៍ ជនបទនិង កសិ កម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ៕
ដោយ:នាង សុគន្ធា

ads banner