សម្ដេចតេជោ ហ៊ុន សែន ស្នើដល់គ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់លើជនមានពិការភាព
ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋម ន្រ្តី ហ៊ុន សែន ស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព និងអំពាវនាវដល់គ្រប់ភាគីផ្តល់ឱកាសការងារដល់ពួកគេ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងធានាបាននូវសិទ្ធិស្មើគ្នាក្នុងសង្គម។
ការអំពាវនាវនេះធ្វើឡើងតាមរយៈសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ ចេញផ្សាយក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ “ពិការភាពទាំងអស់មិន អាចកំណត់ដោយការមើលនឹងភ្នែកនោះទេ” ។
សារលិខិតបានលើកឡើងថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ កម្ពុជាបានទទួលឥទ្ធិពលអវិជ្ជមានឆ្លងកាត់វិបត្តិជាសកលនៃជំងឺកូវីដ១៩ ក៏ដូចជាស្ថានភាពនយោបាយ សេដ្ឋកិច្ចពិភពលោកដែលជាហេតុធ្វើឱ្យមាន ការអាក់ខានការប្រារព្ធពិធីមីទ្ទីងជាផ្លូវការនៃទិវាជនមានពិការភាពនៅកម្ពុជា។ប៉ុន្តែទោះបីជារាជរដ្ឋាភិបាលមិនបាន រៀបចំកម្មវិធីជាផ្លូវការនាពេលកន្លងមក ក៏បានចាត់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ចុះសួរសុខទុក្ខនិងនាំយកនូវអំណោយដើម្បីចែកជូនជនមានពិការភាពនៅតាមសមាគម អង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីចូលរួមដោះស្រាយនូវការលំបាកមួយគ្រាៗ និងជាការបង្ហាញអំពីការយកចិត្តទុកដាក់ដែលមិនអាចកាត់ផ្តាច់និងមើលរំលងបានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនជនមានពិការភាពឡើយ។
សម្ដេចតេជោហ៊ុន សែន បន្តថា៖« រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាល ភាពជនមានពិការភាព ឱ្យកាន់តែប្រសើឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា»។
សម្ដេចបានបន្ថែមថា ដើម្បីឱ្យសង្គមមួយមានបរិយាបន្ន តាមរយៈការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ហែ និងសកម្មភាពផ្សេងៗទៀត ចាំបាច់ត្រូវមានការបង្កឱកាសស្មើភាពគ្នារវាងជនមានពិការភាព និងមិនមានពិការភាព។
នេះឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន សែន ស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការ សម្របសម្រួលទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។
សម្ដេចតេជោបន្តថា៖« ខ្ញុំសូមឱ្យមានការគិតវិភាគប្រភេទអាជីវកម្មនិងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតបតម្រូវការទីផ្សារ ដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើត សារជីវកម្មនិងការចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង»។
ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជានិងអន្តរជាតិឆ្នាំនេះ លោក ហ៊ុន សែន បានអំពាវនាវដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩- ២០២៣ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ គោលនយោបាយជាតិ និង អន្តរជាតិនានាដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនមានពិការភាព គ្រប់ប្រភេទ និងគ្រប់កម្រិត។ អំពាវនាវជនមានពិការភាពកម្ពុជាគ្រប់រូបដែលមានលទ្ធភាពចូលរួមប្រកួតប្រជែងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខឱ្យទទួលបាននូវជោគជ័យ។ ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ ដូចជាការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាពការធ្វើជម្រាល ការបំពាក់ឧបករណ៍ ធ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែង និងមធ្យោបាយដឹកជញ្ជូន។ល។
គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិនិងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំង អស់ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូល បម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មានស្តីពី ការរាតត្បាតនិងពិធីសាស្ត្រការពារជំងឺកូវីដ១៩ ដើម្បីមនុស្សគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។
បន្ថែមពីនេះសម្ដេចតេជោហ៊ុន សែន ក៏បានអំពាវនាវដល់ជនមានពិការភាពគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះនិងបោះឆ្នោតឱ្យបានគ្រប់ៗគ្នា តាមឆន្ទៈរៀងៗខ្លួន។
ក្នុងឆ្នាំ២០២២ ជនមានពិការភាពចូល បម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន ៣៧ មានចំនួន ៣ ៧៤៨ នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយ ២,០១% កើនលើសឆ្នាំ២០២១។ ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្របានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារចំនួន ៥ ៨៣៩ នាក់ ស្ត្រីមានពិការភាព ៣ ៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩ ៥៨៧ នាក់កំពុងបម្រើការងារ។
នាយកដា្ឋនសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងដំណើរអនុវត្ត កម្មវិធីកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅទូទាំងប្រទេស គោលបំណងផ្តល់បណ្ណសំគាល់ពិការភាពជូនជនមានពិការភាពយកទៅប្រើប្រាស់ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន ដោយគិតត្រឹម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្ភាសន៍ជនមានពិការភាពសរុបចំនួន ២៥៣ ២៥៧នាក់ (ស្រី ១១៩,៥៦១នាក់)៕
ដោយ:ឡាយ សាមាន