រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកអាជីវកម្មថតចម្លងឯកសារជាបណ្តោះអាសន្ន អំឡុងប្រឡងបាក់ឌុប

អត្ថបទដោយ៖
CPA

ដោយ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង ត្រូវផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត ខណៈថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តខ្លះបានផ្តល់កន្លែងស្នាក់នៅ ដើម្បីជួយសម្រួលដល់សិស្សានុសិស្សមកពីចម្ងាយ។

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេលចំនួន ២ថ្ងៃ គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

ដើម្បីចូលរួមចំណែកឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣០មណ្ឌល នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួន។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ២ខែធ្នូ បានសម្រេចផ្អាកជាបណ្ដោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ ស៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ និងផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀក បរិវេណមណ្ឌលប្រឡងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

រដ្ឋបាលរាជធានីបន្តទៀតថា ចំពោះទីតាំងអាជីវកម្មដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខានដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសាធារណជន និងបងប្អូនអាជីវករទាំងអស់ មានការយោគ យល់ខ្ពស់ដោយអនុគ្រោះ ហើយផុតរយៈពេលនេះបងប្អូនអាជីវករ អាចបើកប្រកបអាជីវកម្មជាធម្មតាឡើងវិញ។

ដោយឡែក អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ សហការជាមួយ ស.ស.យ.ក បានការផ្ដល់កន្លែងស្នាក់នៅ និងទទួលផ្ញើ ទោចក្រយានយន្ត និងរថយន្ត ជូនដល់សិស្សានុ សិស្ស ដោយឥតគិតថ្លៃ ដែលចូលរួម ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ។

សេចក្តីជូនដំណឹងរបស់ ស.ស.យ.ក ខេត្តប៉ៃលិន ចុះថ្ងៃទី ២ ខែធ្នូ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់អភិបាលខេត្តប៉ៃលិនលោកជំទាវ បាន ស្រីមុំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន គឺ ស.ស.យ.ក បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានត្រៀមលក្ខណៈជួយសម្រួលផ្តល់កន្លែងស្នាក់នៅ និងទទួលផ្ញើទោចក្រយានយន្ត រថយន្តជូនដល់
ប្អូនៗ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ដែលអញ្ជើញមកពីក្រុង និងស្រុក ក្នុងខេត្តប៉ៃលិន ហើយមានការខ្វះខាត បានស្នាក់នៅ ដោយឥតគិតថ្លៃ។

សេចក្តីជូនដំណឹងបន្តថា កន្លែងស្នាក់នៅដែលផ្តល់ជូនសិស្សានុសិស្ស និងអាណាព្យាបាល មាននៅទីតាំង ផ្ទះសំណាក់គ្រូ ស្ថិតនៅ ភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងទទួលផ្ញើ ទោចក្រយានយន្ត រថយន្ត នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ។

មាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស ដែលមានបំណង ស្នាក់នៅទីតាំងខាងលើដោយឥតគិតថ្លៃ អាចធ្វើការទំនាក់ទំនងតាម រយៈលេខទូរស័ព្ទ ០១២ ៦៩៩ ៦៧៨ និង ០៩៧ ៦៩៩ ៦៦៩៦ ។

ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បានអំពាវ នាវ ដល់ ប្រតិបត្តិករទេសចរណ៍ កុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សដែលត្រូវចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខ៕

ដោយ:ឡាយ សាមាន

ads banner