បេក្ខជនជិត ១ពាន់ ៧០០នាក់ បានចូលរួមប្រឡងយកសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្នុងខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ខេត្តព្រះវិហារ មានមណ្ឌលប្រឡងចំនួន ៣ និងមានបេក្ខជន ១ពាន់ ៦៧៧នាក់ ។
ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២២នេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ធ្នូ ដល់ថ្ងៃទី៦ ធ្នូ ២០២២ នៅក្របខណ្ឌទូទាំងប្រទេស។
ដោយឡែក ខេត្តព្រះវិហារ នៅថ្ងៃទី១ នៃសម័យប្រឡង ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចាប់បើកវិញ្ញាសារប្រឡងព្រមៗគ្នានៅតាមមណ្ឌលប្រឡងទាំង៣ ដោយបានធ្វើឡើងក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់របស់ អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី ,ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា , តំណាងអង្គភាពប្រឆាំងអំពើរពុករលួយ ,សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
យោងរបាយការណ៍របស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានបង្ហាញថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ ខេត្តព្រះវិហារ មានមណ្ឌលប្រឡងចំនួន៣ ,មានបេក្ខជនសរុប ១ពាន់ ៦៧៧នាក់ ស្រី ៩២០នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួន ៣៦១នាក់ ស្រី ២២៥នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១ពាន់ ៣១៦នាក់ ស្រី ៦៩៥នាក់ ។
អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី បានថ្លែង ក្រើនរំលឹកដល់បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីទទួលបានជោគជ័យលើការប្រឡងនេះ យកទៅសម្រេចលើជោគវាសនារបស់ខ្លួន នាពេលអនាគត ។
គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ២០២២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ៥-៦ ធ្នូ ២០២២នេះ រដ្ឋបាលខេត្តព្រះវិហារ បានដាក់ចេញ នូវផែនការពង្រឹង និងរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបានប្រើប្រាស់កម្លាំង ស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ជាមួយនឹងការត្រៀមក្រុមគ្រូពេទ្យប្រចាំការ ដើម្បីសង្គ្រោះបន្ទាន់ក្នុងករណីចាំបាច់ផងដែរ ៕ ដោយ ៖ ឡុង សំបូរ