យុទ្ធសាស្ត្រឌីហ្វីដទទួលបានជោគជ័យទាំងស្រុង
ដោយអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្ហាញឱ្យក្រុមខ្មែរក្រហមដែលដឹកនាំដោយតាម៉ុកឃើញនូវអំពើអមនុស្សធម៌ទាំងឡាយ និងជាមេដឹកនាំផ្តាច់ការ កម្លាំងខ្មែរក្រហមដែលនៅសេសសល់បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាជាលើកចុងក្រោយនៅដើមឆ្នាំ១៩៩៩។ កម្លាំងកងទ័ព និងប្រជាជនជាច្រើនម៉ឺននាក់បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយទទួលបាននូវការធានា អាយុជីវិត ទ្រព្យសម្បត្តិ និងតួនាទី ដែលខ្លួនមានអំឡុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ទឹកដីប្រទេសកម្ពុជា ដែលពីមុនបែងចែកជាតំបន់ស្បែកខ្លា ត្រូវបានបំបាត់ កម្ពុជា មានការឯកភាពទឹកដី សន្តិសុខបានកើតឡើងពាសពេញប្រទេស ហើយការអភិវឌ្ឍក៏បានរីកដុះដាលដូចផ្សិតផងដែរ។
យុទ្ធសាស្ត្រឌីហ្វីដដែលដាក់ចុះដោយសម្ដេចតេជោ ហ៊ុន សែន បានសម្រេចជោគជ័យ ក្នុងការរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ឱ្យរលំរលាយ ដោយគ្មានការបង្ហូរឈាម និងមិនចំណាយប្រាក់ច្រើនក្នុងការសម្រេចបានកិច្ចការទាំងនេះឡើយ។ យុទ្ធសាស្ត្រឌីហ្វីដ បានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៨៧ ក្នុងបំណងបំបែកក្រុមខ្មែរក្រហមនិង ធ្វើឱ្យមានភាពឯកោ ពីក្រុមចលនាត្រីភាគី ហើយបានបញ្ចប់ក្រុមខ្មែរក្រហម តាមរយៈការដាក់ក្រុមនេះឱ្យនៅក្រៅច្បាប់ និងការវាយសង្រ្គប់ទៅលើទីតាំងនានាដែលក្រុមខ្មែរក្រហមកាន់កាប់។ យុទ្ធសាស្ត្រឌីហ្វីដ បានសម្រេចបេសកកម្មរបស់ខ្លួន ក្រុមខ្មែរក្រហមបានទទួល នូវនយោបាយ “ឈ្នះ-ឈ្នះ ” ដែលមានន័យថា ទាំងរាជរដ្ឋាភិបាលទាំងក្រុមខ្មែរក្រហម គ្មានអ្នកណាចាញ់ឬមានអ្នកណាឈ្នះឡើយ ទាំងពីរជាអ្នកឈ្នះ ដោយបានបញ្ចប់សង្គ្រាមស៊ីវិល ជាច្រើនទសវត្សរ៍មកហើយ។ នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងដើម្បី សន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីកម្ពុជា ដែលបានជួបនូវគ្រោះ មហន្តរាយដោយ សង្គ្រាមជាងពីរទសវត្សរ៍។
យុទ្ធសាស្ត្រឌីហ្វីដតេជោសែន បាននាំមកនូវសុខសន្តិភាព និងការបង្រួមបង្រួម ជាតិដែលមិនធ្លាប់មានក្នុងរយៈពេលជិត១០០០ឆ្នាំ ក្រោយពីសម័យអង្គរធ្លាក់ចុះ និងសម័យកើតកលិយុគ មានការបែងចែកទឹកដី។ ឥឡូវនេះ យុទ្ឋសាស្ត្រឌីហ្វីដ បានដោះស្រាយជម្លោះ កម្ពុជាដែលជាចលនាមួយមានអាយុកាលជាងកន្លះសតវត្សរ៍មកហើយ និងបានបង្កវិនាស-កម្មជាច្រើនរាប់មិនអស់ដល់កម្ពុជាទាំងមូល ព្រមទាំងផ្តល់យុត្តិធម៌ដល់ពលរដ្ឋកម្ពុជា។ ជាមួយយុទ្ធសាស្ត្រឌីហ្វីដ កម្ពុជាបានក្លាយជាកោះសន្តិភាពនិងការអភិវឌ្ឍ និងសមាហរណកម្មក្នុងពិភពលោក៕ (ប្រភព៖យុទ្ធសាស្ត្រឌីហ្វីដតេជោសែននៃកម្ពុជា)
ប្រភពរូបភាព៖ Gettyimage
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សមាហរណកម្ម #យុទ្ធសាស្ត្រឌីហ្វីដ #ការអភិវឌ្ឍ #កោះសន្តិភាព #សង្គ្រាម #នយោបាយឈ្នះឈ្នះ #សម្តេចតេជោហ៊ុនសែន #ខ្មែរក្រហម