មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញឱ្យឆ្មបប្រកាន់សីលធម៌វិជ្ជាជីវៈ ដើម្បីសុវត្ថិភាពអ្នកទទួលសេវា

ភ្នំពេញ: រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ជំរុញឱ្យពេទ្យឆ្មបទាំងអស់នៅទូទាំងប្រទេសប្រកាន់ភ្ជាប់នូវសីលធម៌វិជ្ជាជីវៈដើម្បីធានាសុវត្ថិភាពដល់អ្នកទទួលសេវាទាំងអស់។ ការថ្លែងបែបនេះធ្វើឡើងក្នុងពេលដែលលោកឆ្លើយសំណួររបស់អ្នកកាសែតដែលបានចោទសួរពីវិជ្ជាជីវៈឆ្មបកាលពីថ្ងៃទី០៥ខែធ្នូក្នុងឱកាសបើក អង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី ដែនកំណត់ និងនិយាមវិជ្ជាជីវៈឆ្មប។

វេជ្ជបណ្ឌិត ធា គ្រុយ បានថ្លែងទៅកាន់អ្នកកាសែតដោយពន្យល់និងរំលឹកឡើងវិញពីវិជ្ជាជីវៈឆ្មប បន្ទាប់ ពី កើតមានហេតុការណ៍ឆ្មបនៅខេត្តកំពង់ស្ពឺអនុវត្តខុសវិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឱ្យស្ត្រីម្នាក់ស្ទើរស្លាប់ស្ទើររស់រួចមក។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា ឆ្មបត្រូវបំពេញតួនាទីជាអ្នកថែរទាំទាំងម្ដាយទាំងទារក ដើម្បីធានាបានថាពួកគេមានសុវត្ថិភាពនិងមានសុខភាពល្អ។លោកបន្តថា ៖«កិច្ចការឆ្មបមិនមែនកិច្ចការធម្មតាទេ ឆ្មបត្រូវតែមាំទាំយល់ដឹងជំនាញនេះឱ្យច្បាស់មែនទែន ត្រូវប្រយ័ត្នប្រយ៉ែងក្រែងមានបញ្ហា កុំធ្វើលើសពីជំនាញ បើសិនជាស្ថានភាពលើសសមត្ថភាពរបស់ខ្លួនសូមបញ្ជូនអ្នកជំងឺទៅទីតាំងមួយទៀតដែលល្អជាងហ្នឹង កុំធ្វើខ្លួនឯងព្រោះប្រឈមណាស់»។

លោកបន្ថែមថា៖«កិច្ចការឆ្មបគឺមិនមែនជាកិច្ចការជួញដូរអីទេ ជាកិច្ចការដែលគិតគូរមុនគេនូវប្រយោជន៍អតិថិជនរបស់ដែលទទួលយកសេវារបស់យើង។ឆ្មបមិនមែនជាអ្នករកស៊ីទេ ជាអ្នកផ្ដល់សេវាចាំបាច់ដល់ស្ត្រីមាតានិងទារក សូមមេត្តាកុំច្រឡំថាវាជាមុខរបរជំនួញ»។

គណៈឆ្មបកម្ពុជាបានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ដែនកំណត់ និងនិយាមវិជ្ជាជីវៈឆ្មប ដើម្បីពង្រឹងវិជ្ជជីវៈឆ្មបនៅកម្ពុជា។

នៅកម្ពុជា ឆ្មបទាំងអស់ដែលចង់ប្រកបអាជីពជាឆ្មបត្រូវចុះបញ្ជីនៅគណៈឆ្មបកម្ពុជា។ គណៈឆ្មបកម្ពុជាបញ្ជាក់ថា ការចុះបញ្ជីឆ្មបគឺមានសារៈសំខាន់ក្នុងការការពារសាធារណៈជនដើម្បីធានាថាឆ្មបដែលអនុវត្តការងារមានគុណវុឌ្ឍិគ្រប់គ្រាន់ មានសុខភាពល្អ អាកប្បកិរិយា និង សីលធម៌ល្អ។ការចុះបញ្ជីមានសុពលភាព៣ឆ្នាំ និងតម្រូវឲ្យចុះបញ្ជីឡើងវិញបន្ទាប់ពីចប់សុពលភាពនៅឆ្នាំកំណត់។

គណៈឆ្មបកម្ពុជាមានទស្សន:វិស័យ៖«ធានាថាឆ្មបទាំងអស់ផ្តល់សេវាថែទាំសុខភាពដូចៗគ្នា ប្រកបដោយគុណភាព និងប្រសិទ្ឋិភាពខ្ពស់ដល់មាតា និងទារកទើបកើត តាមរយៈគោលនយោបាយនិងពិធីសារជាតិព្រមទាំបទដ្ឋានអន្តរជាតិនៃការអនុវត្តវិជ្ជាជីវៈឆ្មប»។
កាលពី ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ មន្ទីរពេទ្យឯកជនឈ្មោះ ដើម អង្រ្គងបានធ្វេសប្រ ហែស ដោយ អនុញ្ញាត ឲ្យ ឆ្មប ដែល មិន មាន ការ បណ្ដុះបណ្ដាល ចេញពី ឆ្មប រំលូត កូន ចូល វះកាត់ យក កូន ស្លាប់ ក្នុង ផ្ទៃ ម្ដាយ ចេញ កាត់ដោយទាំងពោះវៀនម្ដាយផងធ្វើឱ្យស្ត្រីរូបនោះរងរបួសធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ក្រសួងសុខាភិបាលបានចាត់ទុកករណីនេះជាករណីគួរឱ្យយកចិត្តទុកដាក់ដោយសម្រេចបិទមន្ទីរពេទ្យនេះ ដាក់ពិន័យឆ្មបព្រមទាំងចេញថ្លៃព្យាបាលជនរងគ្រោះ។

ទោះជាយ៉ាងណាក្ដីអ្នកឃ្លាំមើលបញ្ហាសង្គមយល់ឃើញថា ការអនុវត្តវិជ្ជាជីវៈឆ្មបនៅកម្ពុជាមិនទាន់បានប្រសើរនៅឡើយ។ម្ដងម្កាលតែងមានការរិះគន់ពីការមិនយកចិត្តទុកដាក់ចំពោះមាតាដែលជិតសម្រាល និងកំហុសបច្ចេកទេសវិជ្ជាជីវៈបណ្ដាលឱ្យអ្នកទទួលសេវាមានគ្រោះថ្នាក់ជាដើម។សង្គមស៊ីវិលធ្លាប់ស្នើជាញឹកញាប់ឱ្យ ក្រសួងសុខាភិបាលនិងរដ្ឋាភិបាល កែរទម្រង់ប្រព័ន្ធសុខាភិបាល ខណៈដែលពលរដ្ឋអ្នកមានជីវភាពធូរធាររាប់ពាន់នាក់សម្រេចចិត្តទៅទទួលសេវាសុខាភិបាលនៅក្រៅប្រទេសដោយទំនងជាមិនសូវមានទំនុកចិត្តលើគ្រូពេទ្យក្នុងស្រុក។

របាយការណ៍របស់គណៈឆ្មបកម្ពុជាបង្ហាញថា គិតត្រឹមឆ្នាំ២០១៣កម្ពុជាមានឆ្មបប្រមាណជាង៥ពាន់នាក់បានចុះបញ្ជីប្រកបវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា៕

ដោយ:វណ្ណស័ក្កិ

ads banner