កម្ពុជា នៅតែបន្ត ឱ្យ ប្រជាពលរដ្ឋទាំងអស់ប្រុង ប្រយ័ត្ន ពី មេរោគកូវីដ១៩ ខណៈអត្រាឆ្លងកូវីដនៅលើពិភពលោកបានកើនដល់ជាង ៦០០លាននាក់ហើយ
ភ្នំពេញ: យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) គិត ត្រឹម ថ្ងៃទី ២ ខែធ្នូ នៅលើសកលលោក ទាំងមូល មានករណីជំងឺកូវីដ១៩ សរុបចំនួនជាង ៦៤០ លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុប ចំនួនជាង៦,៦ លាន នាក់ ជាហេតុរាជរដ្ឋាភិបាល កម្ពុជានៅតែបន្ត ឱ្យ ប្រជាពលរដ្ឋទាំងអស់ប្រុង ប្រយ័ត្ន ពី មេរោគកូវីដ១៩នេះជាប្រចាំ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល កាល ពី ថ្ងៃទី ៥ ខែធ្នូ បាន ធ្វើការណែនាំ ពីការការពារការចម្លងវីរុសកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល២០២៣នាពេលខាងមុខនេះ ដែល ប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្ត ជាពិសេសនាអំឡុងពេលបុណ្យណូអែល និង ចូលឆ្នាំសកល។
លោក បាន លើកឡើងថា ៖ « WHO បាន ឱ្យដឹងថា នៅលើសកលលោក មានករណីជំងឺកូវីដ១៩ ចំនួនជាង ៦៤០,៣៩៥,៦៥១នាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុប ៦,៦១៨,៥៧៩នាក់ គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ កម្ពុជា បានគ្រប់គ្រងបានល្អប្រសើរ ក្នុងនោះការស្រោចស្រពវ៉ាក់សាំងកូវីដ១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលបានធ្វើឱ្យមានការបើកដំណើរ ការប្រទេសឡើងវិញនៅក្នុងប្រក្រតីភាពថ្មី»។
ឯកឧត្តម ម៉ម ប៊ុនហេង បាន បន្តថា ៖ «វីរុសកូវីដ១៩ ជាវីរុសអត់ស្រមោល ដែលយើង មិនអាចមើលវាឃើញនឹងភ្នែក ហើយវាក៏នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយដែរ។ ដូច្នេះ ដើម្បីបន្តនិរន្តរ៍ ភាពដំណើរការប្រទេសជាបន្តទៅមុខទៀតប្រកបដោយសុវត្ថិភាព និងភាពរីករាយ សូមបន្តចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ១៩នៅក្នុងគ្រួសារ និងសហគមន៍ ដោយបន្តអនុវត្តនូវវិធានការការពារ ពិសេស៣កុំ និង៣ការពារ»។
៣ការពារ គឺត្រូវ ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង៣កុំ គឺកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាជាដើម។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ ក៏បាន លើកទឹកចិត្តអនុវត្តការធ្វើតេស្តរហ័សក្នុងករណីសង្ស័ យវិជ្ជមានវីរុសកូវីដ១៩ផងដែរ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្កឱ្យមានការចម្លងទ្រង់ទ្រាយធំ នៅក្នុងសហគមន៍។
ឯកឧត្តម ម៉ម ប៊ុនហេង បាន ថ្លែងថា ៖ «សម្រាប់ដំណើរកំសាន្ត ត្រូវ ប្រកាន់យកនូវការប្រុងប្រយ័ត្នខ្ពស់ ពីកត្តាហានិភ័យក្នុងការចម្លងវីរុសកូវីដ១៩ ដោយ ធ្វើដំណើរដាច់ដោយឡែក ជាលក្ខណៈគ្រួសារតូចៗ ដែលមិនមានការជួបជុំគ្នា ហើយត្រូវយកទៅតាមខ្លួនជាប់ជានិច្ចនូវទឹកអាល់កុល ឬជែលសម្រាប់លាងដៃ និងត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត» ។
មួយវិញទៀត លោករដ្ឋមន្រ្តិ ក៏បាន អំពាវនាវទៅដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្ការពី ការពុលចំណីអាហារផងដែរ ដោយត្រូវអនុវត្តវិធានការសុវត្ថិភាពចំណីអាហារដោយរក្សាភាពស្អាត ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។
ឯកឧត្តម ម៉ម ប៊ុនហេង បន្តថា ៖ «នៅពេលលោកអ្នកទិញម្ហូប អាហារដែលឆ្អិនស្រាប់ នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានសុវត្ថិភាព។ ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥អង្សាសេ និងក្ដៅលើសពី ៦០អង្សាសេ ឬ ចម្អិនអាហារមួយពេលសម្រាប់តែមួយពេលប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ»។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន លើកឡើងកាល ពី ដើមខែធ្នូនេះដោយ លោកនៅតែបន្តអំពាវនាវ ដល់ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ទាំងអស់ បន្ត ប្រយុទ្ធជាមួយនឹង កូវីដ១៩ទៀត ដោយ សារជំងឺនេះ មិនទាន់ទៅណាឆ្ងាយនោះឡើយ។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន បញ្ជាក់ថា ៖ «មកដល់ពេលនេះ វិធានការ ៣កុំ និង៣ការពារ ពិតជាពិបាក ធ្វើ ប៉ុន្តែបើគ្រប់គ្នា ប្រឹងប្រែងធ្វើនោះ នៅតែ អាចធ្វើទៅបាន ហើយវិធានការ ៣ការ ពារនៅតែមានលទ្ធភាពធ្វើ គឺពា ក់ម៉ាស លាងដៃ និង រក្សាគម្លាត »។
យោង តាម របាយការណ៍ របស់ ក្រសួង សុខាភិបាល បាន ឱ្យដឹងថា គិត ត្រឹម ថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២ កម្ពុជា មាន អត្រា ឆ្លង មេរោគ កូវីដ១៩ សរុប ចំនួន ១៣៨ ១៧៦នាក់ អ្នកជា សះស្បើយ សរុប ចំនួន ១៣៥ ០៣៥នាក់ និង អ្នកស្លាប់ ចំនួន ៣ ០៥៦នាក់ ៕
ដោយ:នាង សុគន្ធា