ជប៉ុនផ្តល់ជំនួយឥតសំណង១៨ម៉ឺនដុល្លារសម្រាប់សង់ស្ពាននិងស្តារប្រព័ន្ធធារាសាស្រ្តនៅកំពង់ស្ពឺនិងកំពង់ចាម

ភ្នំពេញ: រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងប្រមាណ ១៨ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា សម្រាប់គម្រោងសាងសង់ស្ពាននៅខេត្តកំពង់ស្ពឺ និងស្តារប្រព័ន្ធធារាសាស្រ្តនៅខេត្តកំពង់ចាម ក្នុងន័យចូលរួមចំណែកកែលម្អជីវភាពប្រជាជន និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករកម្ពុជា តាមរយៈកិច្ចការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានផ្តល់កញ្ចប់ថវិកាចំនួន ១៨៦,៨៥៦ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាន និងការស្តារប្រព័ន្ធធារាសាស្រ្ត នៅកម្ពុជាក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ឬជំនួយឥតសំណងគូសាណូណិ។

ជំនួយឥតសំណងប្រមាណ ១៨ម៉ឺនដុល្លារនេះ ត្រូវបានផ្តល់ជូនដោយការចុះហត្ថលេខាដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថាតទូតជប៉ុនប្រចាំកម្ពុជា ជាមួយភាគីតំណាងស្ថាប័នទទួលជំនួយចំនួន ២ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺសម្រាប់គម្រោងសាងសង់ស្ពាននៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់ ៩៩,២១២ដុល្លារអាមេរិក និងភាគីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្រ្តទួលអណ្តែត ខេត្តកំពង់ចាម ក្នុងទំហំទឹកប្រាក់ ៨៧,៦៤៤ ដុល្លារអាមេរិក។

តាមការគូសបញ្ជាក់ពីសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ពីមូលហេតុដែលជំរុឲ្យរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសាងសង់ស្ពាននៅឃុំអមលាំង នាខេត្តកំពង់ស្ពឺនោះ គឺ៖« ក្នុងគម្រោងនេះ ស្ពានឈើពុកផុយនិងងាយរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង និងត្រូវបានជំនួសដោយស្ពានបេតុងថ្មី។ ក្នុងរដូវវស្សាពេលស្ពានត្រូវបានទឹកហូរកាត់ផ្តាច់ ប្រជាជននឹងត្រូវធ្វើដំណើរតាមផ្លូវវាងដោយចំណាយពេលវេលា និងថវិកាច្រើន»។ រដ្ឋាភិបាលជប៉ុនរំពឹងទុកថា តាមរយៈជំនួយនេះ នឹងផ្លាស់ប្តូរជីវភាពប្រជាជនសិស្សានុសិស្ស ប្រមាណ ៣,៣០០ នាក់ក្នុងតំបន់នេះ ក្នុងកិច្ចការដឹកជញ្ជូន ផលិតផលកសិកម្ម ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃ។

ចំណែកឯ គម្រោងស្តាប្រព័ន្ធធារាសាស្រ្តទួលអណ្តែត ក្នុងខេត្តកំពង់ចាមវិញ រដ្ឋាភិបាលជប៉ុនបានគូសបញ្ជាក់ដូច្នេះថា៖« ជំនួយនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ស្តារទំ នប់ និងលូមូលចំនួន៣ ដែលរងការខូចខាត នៅស្រុកព្រៃឈរ។ បរិក្ខារធារាសាស្រ្តដែលរងការខូចខាតទាំងនេះ មិនអាចស្តុកទឹកភ្លៀងបានគ្រប់គ្រាន់ក្នុងរដូវវស្សាទេ។ ជាលទ្ធផល ការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃមិនគ្រប់គ្រាន់ ហើយការធ្វើស្រែចំការមិនស្ថិតស្ថេរ ដោយអាស្រ័យលើទឹកភ្លៀង»។ រដ្ឋាភិបាលជប៉ុន សង្ឃឹមថា តាមរយៈជំនួយនេះ នឹងជួយលើកកម្ពស់ជីវភាពនិងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករក្នុងតំបន់នេះប្រមាណ ៤,៥០០នាក់ តាមរយៈការផ្គត់ផ្គង់ទឹកដោយស្ថេរភាពលើការប្រកបកិច្ចការកសិកម្ម។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៦៥លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល លើការអនុវត្តគម្រោងគូសាណូណិចំនួនរហូតទៅដល់ ៦៦៧គម្រោង នៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសមួយនេះ។
លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានបញ្ហាសង្គមមួយរូបផងដែរនោះ បង្ហាញក្តីសោមនស្សជាខ្លាំងក្នុងនាមលោកជាពលរដ្ឋកម្ពុជាចំពោះជំនួយឥតសំណងទ្រង់ទ្រាយតូចរបស់រដ្ឋាភិបាលជប៉ុនក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជាមួយនេះ ដែលរដ្ឋាភិបាលជប៉ុនតែងជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាប់តាំងពីឆ្នាំ១៩៩១ មកជាហូរហែរ។
សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន លោកបណ្ឌិតយង់ ពៅ ដែលជាអ្នកជំនាញភូមិសាស្រ្តនយោបាយ មើលឃើញ ដូច្នេះថា៖« ទំនាក់ទំនងកម្ពុជា-ជប៉ុន បានវិវត្តមកកាន់តែស៊ីជម្រៅនិងរឹងមាំ ដែលជប៉ុនបានផ្តល់គុណតម្លៃដល់កិច្ចអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ។កម្ពុជាបានអនុវត្តការទូតចម្រុះពណ៌ ដែលកម្ពុជាបានគិតប្រយោជន៍ជាតិជាធំ ។ ម្យ៉ាងទៀត នៅឆ្នាំ២០២៣ កម្ពុជានិងជប៉ុន បានកំណត់យកជាឆ្នាំបង្កើនទំនាក់ទំនងគ្រប់ជ្រុងជ្រោយ តាមរយៈជំនួបនៃនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅនេះ» ។

លោកមើលឃើញពីសារៈសំខាន់ដែលរដ្ឋាភិបាលជប៉ុន បានគិតគូរចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាតួយ៉ាង ផ្លូវគមនាគមន៍ ស្ពានថ្នល់ ប្រឡាយ ជាដើម ដែលបានចូលរួមលើកកម្ពស់ជីវភាពប្រជាជនកម្ពុជានិងសេដ្ឋកិច្ចកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបណ្ឌិតប៉ា ច័ន្ទរឿន ប្រធាន វិទ្យាស្ថាន ប្រជាធិបតេយ្យ កម្ពុជា គូសបញ្ជាក់ថា ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មក ទាំងការអភិវឌ្ឍន៍ផ្នែករូបវ័ន្ត និងការអភិវឌ្ឃន៍ផ្នែកធនធានមនុស្ស។

លោកបណ្ឌិតប៉ា ច័ន្ទរឿន៖«ខ្ញុំមើលឃើញថា ជំនួយឥតសំណងប្រមាណ ១៨ម៉ឺនដុល្លារអាមេរិកនេះ ទោះបីទឹកប្រាក់ វាមិនច្រើនប៉ុន្មានក្តី ប៉ុន្តែវាជាការចូលរួមចំណែកក្នុងការសាងសង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្រ្តជូនប្រជាពលរដ្ឋ សម្រាប់ពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម »។
លោកយល់ថា តាមរយៈកាយវិការនិងសកម្មភាពផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះ ជាកាយវិការលើកកម្ពស់ចំណងកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសជប៉ុននិងកម្ពុជា មួយកម្រិតទៀតផងដែរ។
ចាប់តាំងពីឆ្នាំ១៩៩១ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងគូសាណូណិមកកម្ពុជាជាហូរហែរ ក្នុងន័យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតថ្នាក់មូលដ្ឋាន ដែលមានទិសដៅការពារជនរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិតនិងជីភាពរស់នៅ ព្រមទាំងសេចក្តីថ្លៃថ្នូរ និងដើម្បីជួយជំរុញនូវភាពម្ចាស់ការលើខ្លួន ឯងរបស់ប្រជាសហគមន៍៕
ដោយ: សំបាន ច័ន្ទដារ៉ា

ads banner