២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៨ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៥៨១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីថ្ងៃម្សិលមិញ ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងមកនេះមានចំនួន ៧ពាន់ ៩៩៩ករណី ដែលបានឆ្លងលើ ប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលមានតួ លេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣ពាន់ ៣៥១ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ១៤ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧២នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៤១នាក់ ជាតួលេខស្លាប់ ច្រើនជាងគេផងដែរ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៥លាន ៣៧ម៉ឺន ៥ពាន់ ២៨៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៣ពាន់ ៣៣៧នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៥១លានករណី, និងការស្លាប់មានជាង ៦លាន ៦៥ម៉ឺន នាក់ ៕

ads banner