លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងកិច្ចការនារី
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។
លោកជំទាវបានមានប្រសាសន៍ថា ៖សន្និបាតនេះពិតជាមានសារៈសំខាន់ ដែលជាការជួបជុំរវាងអ្នករៀបចំយុទ្ធសាស្រ្ត អ្នកអនុវត្ត និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលសម្រេចបាន រួមទាំងចំណុចខ្វះខាត បញ្ហាប្រឈម ចំណុចខ្លាំង និងកាលានុវត្តភាពនានា នៅក្នុងការអនុវត្តការងាររបស់ក្រសួង និងមន្ទីរកិច្ចការនារី ក៏ដូចជាការអនុវត្តផែនការយុទ្ធសាស្រ្ត នារីរតនៈ ទី៥ ក្នុងរយៈពេលមួយឆ្នាំកន្លងមក នាឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ ជាពិសេសរួមចំណែក ធ្វើឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិ ស្ថានភាព ឋានៈ និងតួនាទី របស់ស្រ្តី នៅក្នុងគ្រួសារ និងសង្គមជាតិ ។
លោកជំទាវថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកក្នុងការដឹកនាំ ការសម្របសម្រួល និងការអនុវត្ត រៀបចំព្រឹត្តិការណ៍ដោយសម្រេចបានសមិទ្ធផលពាក់ព័ន្ធនឹងស្រ្តី សម្រាប់ថ្នាក់តំបន់ នៅពេលដែលកម្ពុជា ធ្វើជាប្រធានប្ដូរវេនអាស៊ាន។
លោកជំទាវបាន អំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់រូប ចូលរួមគាំទ្រ និងអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមភាពយេនឌ័រ ដើម្បីបង្កឱកាសឱ្យស្រ្តីនិងក្មេងស្រីបានចូលរួមយ៉ាងពេញលេញ ព្រមទាំងទទួលភាគផលពីកិច្ចអភិវឌ្ឍនៅគ្រប់ជំនាន់តទៅមុខទៀត ៕ ដោយ ថេត វិចិត្រ + ហេង សម្បត្តិ