អង្គការសុខភាពពិភពលោក ៖ ករណីឆ្លង និងស្លាប់នៃជំងឺគ្រុនចាញ់ នៅតែរក្សាស្ថិរភាពក្នុងឆ្នាំ២០២១
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) ក្នុងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានបញ្ជាក់ថា ចំនួនករណីឆ្លង និងការស្លាប់នៃជំងឺ គ្រុនចាញ់ជាសកលនៅតែរក្សាបានូវស្ថិរភាពក្នុងឆ្នាំ២០២១ ហើយ ក៏សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ទ្វេដង ដោយប្រទេស ដែលរងផលប៉ះពាល់។
យោងតាមរបាយការណ៍ពីជំងឺគ្រុនចាញ់ពិភពលោកចុងក្រោយបង្អស់របស់អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា អ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២១ មានចំនួន៦១៩,០០០នាក់ បើធៀបនឹងចំនួន៦២៥,០០០នាក់ ក្នុងឆ្នាំ២០២០។
ចំណែកករណីឆ្លងជំងឺគ្រុនចាញ់នៅទូទាំងពិភពលោកបានបន្តកើនឡើងនៅចន្លោះឆ្នាំ២០២០ និង២០២១ ប៉ុន្តែក្នុងអត្រាយឺតជាង អំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដោយចំនួនករណីឆ្លងជំងឺ គ្រុនចាញ់ទូទាំងពិភពលោក បានកើនឡើងដល់២៤៧លាន នាក់ ក្នុងឆ្នាំ២០២១ បើធៀបនឹងចំនួន២៤៥លាននាក់ក្នុងឆ្នាំ២០២០ និងចំនួន២៣២លាននាក់ក្នុងឆ្នាំ២០១៩។
ស្របពេលជាមួយគ្នានេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា ការកើនឡើងតិចតួចនេះ គឺដោយសារតែការខិត ខំប្រឹងប្រែងទ្វេដងដោយប្រទេសដែលរងផលប៉ះពាល់ដោយជំងឺគ្រុនចាញ់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់បំផុតនៃជំងឺគ្រុនចាញ់។ ឧបករណ៍សំខាន់ក្នុងការទប់ស្កាត់ជំងឺនេះ គឺដេកក្នុងមុងដើម្បីការពារមូសខាំ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា