ប្រេសិតពិសេស អ.ស.ប ៖ ទណ្ឌកម្មអាមេរិក លើស៊ីរី មិនគួរប៉ះពាល់ដល់ការផ្តល់ជំនួយមនុស្សធម៌នោះទេ
ដាម៉ាស់៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប) ទទួលបន្ទុកកិច្ចការស៊ីរី លោក Geir Pedersen ក្នុងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បាននិយាយថា ទណ្ឌកម្មរបស់លោកខាងលិចដែល ដឹកនាំ ដោយសហរដ្ឋអាមេរិកលើប្រទេសស៊ីរី មិនគួររារាំងដល់ការ ផ្តល់ ជំនួយមនុស្សធម៌នោះទេ។
ដោយសង្កត់ធ្ងន់ទៅលើជនជាតិស៊ីរី៩០ភាគរយរស់នៅក្នុងភាពក្រីក្រនោះ លោក Pedersen បានប្រាប់អ្នកយកព័ត៌មានថា លោកបាន ទាមទារម្តងទៀតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយថ្ងៃមុននេះថា ទណ្ឌកម្មដែលបានដាក់លើប្រទេសស៊ីរី មិនគួរ ប៉ះពាល់ដល់ការផ្តល់ជំនួយមនុស្សធម៌នោះទេ។
លោកថា មិនមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងស៊ីរីទេ… មានតែទណ្ឌកម្មរបស់អាមេរិក និងសហភាព អឺរ៉ុបប៉ុណ្ណោះ ហើយជាការពិតណាស់ ទាំងអស់នេះគឺជាប្រធានបទ ដែល យើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលស៊ីរី និងជាមួយប្រទេស ដទៃទៀត។
លោក Pederson ដែលបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ ពីកិច្ចប្រជុំរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad បានជំរុញឱ្យភាគីទាំងអស់នៅក្នុងប្រទេសស៊ីរី កាត់ បន្ថយភាពតានតឹង ជាពិសេសនៅភាគខាងជើង ចំពេលមាន ភាពតានតឹងកើនឡើងជាមួយតួកគី។
លោក Pederson បានបញ្ជាក់បន្ថែមថា ស៊ីរីមិនត្រូវការ សង្រ្គាម ទៀតទេ ខ្លួនត្រូវការសន្តិភាព ហើយខ្លួនត្រូវការដំណើរការ នយោបាយ។ លោកថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសស៊ីរី គឺមិនអាចទទួលយកបានទេ នៅពេលដែលមនុស្សជិត១៥លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា