សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ចុះ ហត្ថលេខា ប្រគល់-ទទួលឥណទានសម្បទានជិតពីរ ពាន់ លានដុល្លារពីកូរ៉េ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ចុះហត្ថលេខាប្រគល់-ទទួលឥណទានសម្បទានជិតពីរ ពាន់លាន ដុល្លារពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ។
ពិធីចុះហត្ថលេខាក្នុងឱកាសនេះ រួមមាន ៖
១. ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ កម្ពុជា និង ឯកឧត្ដម ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើ កិច្ចសម្រប សម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិ បត្តិការ អភិ វឌ្ឍន៍ សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមាន ទំហំទឹក ប្រាក់ចំនួន ១៥០០ លាន ដុល្លារ អាមេរិក។
២. ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធាន មូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណ កូរ៉េប្រចាំកម្ពុជា ក៏នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់ គម្រោង ចំនួន០២ដូចខាងក្រោម៖
គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ ដែលមានទឹក ប្រាក់ចំនួន ៧០ ០០០ ០០០ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។
សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ជាស្ពាន ខ្សែកាប តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។ ស្ពាននេះ នឹងក្លាយជា ស្ពានទំនើបដើម្បីសម្រួលដល់នាវាចរតាមទន្លេ ទាំងពីរ គឺទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលសាងសង់រួច វាអាចជួយសម្រួល ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃដែលជាភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ នូវការទាក់ទាញវិស័យទេសចរណ៍ជាពិសេស កត្តា សោភ័ណភាព និងការលើកសម្រស់រាជធានីភ្នំពេញ។
ស្ពាននេះ នឹងត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ។
ឥណទានសម្បទាន ដែលផ្ដល់ដោយរដ្ឋាភិបាលនៃ សាធារណរដ្ឋ កូរ៉េនាពេលនេះ នឹងចូលរួមចំណែក ដ៏សំខាន់ដល់កិច្ចខិត ខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អដែលមានស្រាប់ រវាងប្រជាជាតិទាំងពីរ ៕
ដោយ ៖វណ្ណលុក