ប្រមុខការពារជាតិតួកគី និងហ្វាំងឡង់ពិភាក្សាគ្នាជុំវិញការដកទណ្ឌកម្មអាវុធលើតួកគី និងសមាជិកភាពណាតូ
អង់ការ៉ា៖ រដ្ឋមន្ត្រីការពារជាតិតួកគី និងហ្វាំងឡង់ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជួបពិភាក្សាគ្នា ខណៈដែលតួកគីជំរុញឱ្យប្រទេស Nordic ដកការរឹតត្បិតលើឧស្សាហកម្មការពារជាតិរបស់ប្រទេសខ្លួន ដើម្បីត្រួសត្រាយផ្លូវសម្រាប់សមាជិកភាពអង្គការណាតូរបស់ហ្វាំងឡង់។
រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បាននិយាយបន្ទាប់ពីជំនួបជាមួយសមភាគីហ្វាំងឡង់ លោក Antti Kaikkonen នៅរដ្ឋធានីអង់ការ៉ាថា យើងរំពឹងថា សម្ព័ន្ធមិត្តរបស់យើងទាំងអស់ ជាពិសេសហ្វាំងឡង់នឹងគាំទ្រ ហើយរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងភេរវកម្មរបស់តួកគី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្ម នៃកងកម្លាំងប្រដាប់អាវុធតួកគី។
ចំណែកលោក Kaikkonen វិញ បាននិយាយថា ប្រទេសហ្វាំងឡង់នឹងបន្តដំណើរការនៃការដកការរឹតត្បិតផ្នែកសព្វាអាវុធលើតួកគី ហើយថា ហ្វាំងឡង់-តួកគីនឹងក្លាយជា ប្រទេសសម្ព័ន្ធមិត្តដ៏រឹងមាំនៅក្នុងអង្គការណាតូនាពេលអនាគត។
ប្រមុខការពារជាតិហ្វាំងឡង់រូបនេះ បាននិយាយដោយសំដៅលើអនុស្សរណៈ នៃការយោគយល់ដែលចុះហត្ថលេខាដោយភាគីតួកគី ហ្វាំងឡង់ និងស៊ុយអែត កាលពីថ្ងៃទី២៨ ខែមិថុនាថា ដូចដែលវាត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងត្រីភាគី មិនមានការហាមឃាត់អាវុធអន្តរជាតិទេ។
គួរបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់បានរឹតបន្តឹងការនាំចេញអាវុធទៅកាន់តួកគី បន្ទាប់ពីទីក្រុងអង់ការ៉ាបានចាប់ផ្តើមប្រតិបត្តិការយោធាឆ្លងព្រំដែននៅភាគខាងជើងប្រទេសស៊ីរី ក្នុងឆ្នាំ២០១៩៕
ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា