វៀតណាមកត់ត្រាពីករណីកើតជំងឺគ្រុនឈាមជាង ៣០ម៉ឺនករណី និងស្លាប់ ១២២នាក់ ក្នុងឆ្នាំ២០២២នេះ
ហាណូយ៖ ប្រទេសវៀតណាមបានរកឃើញករណីកើតជំងឺគ្រុនឈាមរហូតដល់ ៣២៥,៦០៤នាក់ បើគិតមកទល់នឹងពេលនេះ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១២២នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលវៀតណាម។ ចំនួនអ្នកកើតជំងឺគ្រុនឈាមបានកើនឡើងជិត ៥ដង ហើយចំនួនអ្នកស្លាប់បានកើនឡើង ៩៧នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅចន្លោះខែមករា ដល់ខែវិច្ឆិកាកន្លងមកនេះ ប្រទេសវៀតណាមក៏បានរាយការណ៍ពីករណីឆ្លងមេរោគរលាកខួរក្បាលចំនួន ២៦៩នាក់ផងដែរ ក្នុងនោះមានអ្នកស្លាប់ចំនួន ៥នាក់ ហើយជំងឺឆ្លងនៅលើដៃ ជើង និងមាត់មានចំនួន ៦២,៤០០នាក់។ នេះបើយោងតាមនាយកដ្ឋានបង្ការសុខភាពរបស់វៀតណាម ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
នាយកដ្ឋាននេះ បានបញ្ជាក់ថា មនុស្សសរុបចំនួន ៦០១នាក់នៅក្នុងប្រទេសវៀតណាមបានទទួលរងពីការពុលចំណីអាហារ ដែលក្នុងនោះ ១៤នាក់បានស្លាប់ ។ បច្ចុប្បន្នវៀតណាមក៏មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ២២១,៥០០នាក់ផងដែរ ហើយរហូតមកទល់ពេលនេះ អ្នកជំងឺប្រមាណ ១១២,៥០០នាក់ទូទាំងប្រទេសវៀតណាមបានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងជំងឺអេដស៍៕
ប្រភព ៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា