អភិបាលរងខេត្តពោធិ៍សាត់ ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនត្រូវរៀបចំផែនការមេមួយច្បាស់លាស់ទើបមានប្រសិទ្ធភាព
ពោធិ៍សាត់ ៖ ថ្លែងក្នុងកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយរីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀងនៅតែជាបញ្ហាប្រឈមសំខាន់មួយដែលដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ទាំងការចរាចរណ៍ ការចែកចាយ ការប្រើប្រាស់ នឹងការជួញដូរ។ ដូច្នេះដើម្បីឲ្យយើងអាចវាស់វែងបានអំពីកម្រិតនៃការថយចុះ ចំពោះបទល្មើសគ្រឿងញៀននៅតាមទីតាំងដែលមានហានិភ័យខ្ពស់ ឆ្លើយតបទៅនឹងចក្ខុវិស័យក៏ដូចជាគោលដៅយើងចង់បានដែលជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាអភិបាលខេត្តពោធិ៍សាត់ផ្ទាល់នោះគឺទាមទារឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានលើកឡើងផងដែរថា ពិតណាស់យើងមិនអាចលុបបំបាត់បញ្ហាបទល្មើសគ្រឿងញៀនឲ្យបាត់អស់ភ្លាមៗនោះបានទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏បានចេញដំណើរការលើកិច្ចការងារ បង្ក្រាប និងទប់ស្កាត់ដោយមានទិសដៅមួយច្បាស់លាស់ដើរលើផ្លូវដែលមានផែនទីបង្ហាញគោលដៅក្នុងការទប់ស្កាត់បង្ក្រាបបញ្ហាគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ឱ្យមានប្រសិទ្ធភាពផងដែរ ៕ ចេង ពុំ