ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines នឹងបន្ថែមជើងហោះហើរចំនួន ១,៥០០ ដើម្បីបំពេញតម្រូវការ អំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី
ហាណូយ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines នឹងបន្ថែមជើងហោះហើរចំនួន ១,៥០០ ដើម្បីបំពេញតម្រូវការកើនឡើងនៃអ្នកដំណើរក្នុងស្រុក ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខាងមុខនេះ ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះថា ចំនួនជើងហោះហើរបន្ថែមនេះ គឺស្មើនឹង ២២៤,០០០ កៅអី ដែលនឹងត្រូវបានផ្តល់ជូនចាប់ពីថ្ងៃទី ៦ ខែមករា ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ផ្លូវអាកាសដែលនឹងឃើញជើងហោះហើរបន្ថែមទៀត រួមមានផ្លូវហោះហើររវាងទីក្រុងហាណូយ ដាណាង ហូជីមិញ ហាយផុង វីញ ថាញ់ហ្វា និងហ៊ូ ជាដើម។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) កាលពីចុងខែតុលាបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានគ្រោងនឹងបង្កើនចំនួនកៅអីដល់ ៦.៧ លាន ពី ៥.១ លានកៅអី ដើម្បីបំពេញតម្រូវការធ្វើដំណើរមុន និងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។
ឆ្នាំនេះ និយោជិតវៀតណាមនឹងឈប់ពីការងារចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត