អាមេរិកកៀកនឹងផ្តល់ប្រព័ន្ធការពារមីស៊ីលទំនើប ប្រាទីយ៉ូត ដល់ អ៊ុយក្រែន

អាមេរិក៖​ មន្ត្រីអាមេរិក៣នាក់កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ បានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា សហរដ្ឋ អាមេរិកកំពុងរៀបចំបញ្ចប់ផែនការក្នុងការបញ្ជូនប្រព័ន្ធការពារមីស៊ីលទំនើបប្រាទីយ៉ូត(Patriot) ទៅកាន់អ៊ុយក្រែន ដែលជាការសម្រេចចិត្តអាចនឹងប្រកាសភ្លាមក្នុងសប្ដាហ៍នេះ។

វរសេនីយ៍ទោកងទ័ពចូលនិវត្តន៍លោក អាឡិចសាន់ឌ័រ វីនម៉ែន (Alexander Vindman )ដែលដឹកនាំគោលនយោបាយ សម្រាប់ អ៊ុយក្រែននៅសេតវិមានក្នុងរដ្ឋបាល ត្រាំ បាន និយាយថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់។

ទាំងនេះ(ការផ្ដល់ Patriot ជាជំនួយ)នឹងមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗគ្នាជាច្រើន ដែលអ៊ុយក្រែនមាន ជាពិសេសប្រសិនបើរុស្ស៊ីនាំយក មីស៊ីល ផ្លោងរយៈចម្ងាយខ្លី» ពីអ៊ីរ៉ង់។

ចំណែកឯមន្ត្រីពីរនាក់ផ្សេងទៀត ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានអះអាងថា សេចក្តីប្រកាសអាចធ្វើឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែកំពុងរង់ចាំការយល់ព្រមជាផ្លូវការ ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងលោក ប្រធានាធិបតី ចូ បៃដិន។

មន្ត្រីម្នាក់បានគូសបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនទំនងជា នឹង ទទួលបានការបណ្តុះបណ្តាលនៅប្រទេសអាល្លឺម៉ង់ មុនពេល Patriot ត្រូវបញ្ជូនទៅដល់អ៊ុយក្រែន។ ជុំវិញបញ្ហានេះផងដែរ លោក Vindman បាននិយាយថា ការបណ្តុះបណ្តាលអាច ចំណាយ ពេលច្រើនខែ។

គិតត្រឹមថ្ងៃពុធ គេមិនទាន់ដឹងពីព័ត៌មានលម្អិតចំពោះលទ្ធភាព នៃការផ្ដល់ប្រព័ន្ធការពារអាកាស Patriot របស់អាមេរិក រួម ទាំងប្រភេទនៃអាវុធនេះ ឬចំនួនរបស់វានោះទេ។ បន្ថែមពីនេះ គេក៏មិនច្បាស់ថាតើសហរដ្ឋអាមេរិកនឹងកម្រិតពីរបៀបដែលអ៊ុយក្រែនដាក់ពង្រាយ ឬប្រើប្រាស់ប្រព័ន្ធ Patriot ដែរឬយ៉ាង ណា ព្រោះកន្លងមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ កម្រិតលើការប្រើប្រាស់អាវុធ HIMARS ឱ្យប្រើការបាន តែចំពោះគោលដៅក្នុងប្រទេសអ៊ុយក្រែន។

កន្លងមក អ៊ុយក្រែនបានទទូចស្នើសុំដៃគូលោកខាង លិចរបស់ ខ្លួនសម្រាប់ជំនួយប្រព័ន្ធការពារដែនអាកាស រួមទាំង Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីការពារប្រទេសពីគ្រាប់ មីស៊ីលរបស់រុស្ស៊ី ដែលធ្វើការវាយប្រហារតាមអាកាស លើ អ៊ុយក្រែន យ៉ាងដំណំចាប់តាំងពីខែតុលា រួមទាំងកម្ទេចហេដ្ឋា រចនាសម្ព័ន្ធស៊ីវិល រួមមានថាមពល។

ប្រព័ន្ធការពារអាកាសបាញ់ពីលើដីដូចជា Patriot របស់ ក្រុមហ៊ុន Raytheon Technology Corp ដែលបង្កើតឡើង ដើម្បីស្ទាក់ចាប់មីស៊ីលសត្រូវ ត្រូវបានគេចាត់ទុកថាជា ប្រព័ន្ធ ការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់សហរដ្ឋអាមេរិក ហើយជាធម្មតាមានកង្វះខាតលើផ្នែកផ្គត់ផ្គង់ ដោយសារសម្ព័ន្ធ មិត្តជុំវិញពិភពលោកកំពុងប្រជែងទិញយកវា។

គួរបញ្ជាក់ផងដែរថា ការផ្ដល់សព្វាវុធទំនើបៗរបស់លោក ខាងលិចទៅអ៊ុយក្រែន តែងរងការជំទាស់ពីរុស្ស៊ី ដែល ចោទប្រកាន់លោកខាងលិចថាធ្វើសង្រ្គាមជាមួយខ្លួន តាមរយៈការផ្ដល់ជំនួយឱ្យអ៊ុយក្រែន។ រុស្ស៊ីអះអាងថា ការផ្ដល់ប្រព័ន្ធការពារអាកាសទំនើបដូចជា Patriot នឹងបង្កើនភាពតានតឹង ខណៈកងទ័ពឈ្លានពានរុស្ស៊ីមិន បញ្ឈប់ការបាញ់ប្រហារ ហើយបន្តការប្រយុទ្ធលើទឹកដី អ៊ុយក្រែន ដែលធ្វើឱ្យលោកខាងលិច ជាពិសេសណាតូ ប្ដេជ្ញាលើការផ្ដល់ជំនួយសព្វាវុធបន្ថែម៕
ដោយ៖ហួន ឌីណា
ប្រភព៖ US close to providing Patriot missile defence system to Ukraine: Officials

ads banner