សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់និងពិភពលោក តាំងពីក្លាយជាសមាជិកទី១០ របស់អាស៊ាន នៅឆ្នាំ១៩៩៩
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក និងបានកសាងចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តាប្រទេសនានា តាំងពីក្លាយជាសមាជិកទី១០ របស់អាស៊ាន នៅឆ្នាំ១៩៩៩ មក ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ស្ដីពី “ការបង្កើនទំនាក់ទំនអាស៊ាន-ចិន” នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ១៩៩៩, កម្ពុជា ត្រូវបាន ទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និង ពិភពលោក, បានកសាងចំណងមិត្តភាព និង សហប្រតិបត្តិការល្អប្រសើរជាមួយ បណ្តាប្រទេសនានាហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និង ស្មើភាព ក្នុងគ្រប់កិច្ចការអន្តរ ជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និង ពិភពលោក។
សម្ដេចបន្តថា ជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយជោគជ័យ នៅឆ្នាំ២០០២, ២០១២ និង ២០២២ គឺជាមោទនភាពជាតិសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិដែលបង្ហាញដល់ពិភពលោកអំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាននិងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាព,ស្ថិរភាព,សន្តិសុខ និង ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅក្នុងសកលលោកនិងតំបន់ ។
សម្តេចតេជោបានបន្តទៀតថា៖ សម្រាប់ឆ្នាំ២០២២នេះ កម្ពុជា បានទទួលជាប្រធានអាស៊ានប្ដូរវេន ជាលើកទី ៣ ស្របពេលដែលតំបន់និងសកលលោកកំពុងប្រឈមនឹង សម្ពាធពីគ្រប់ទិសទីរួមមាន៖ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ,សង្គ្រាម,ជំងឺកូវីដ១៩,វិបត្តិស្បៀងអាហារនិងថាមពល,និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ។
សម្ដេចបញ្ជាក់ថា ទោះបីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្ដី កម្ពុជា បានដឹកនាំនាវាអាស៊ាន ប្រកបដោយជោគជ័យ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើរបៀបវារៈសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការព្យាយាមប្រមូលនូវកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកាត់ បន្ថយផលប៉ះពាល់នៃការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចធំៗ, បណ្ដុះទំនាក់ទំនងមិត្តភាព, ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងទាំងសង្គម និង សេដ្ឋកិច្ច, កសាងទំនុកចិត្តជាមួយប្រទេសដៃគូ និង ជាពិសេស ដើម្បីជំរុញសមាហរណកម្មតំបន់ និងសម្រេចឱ្យបាននូវ «ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥» ៕ ដោយ វណ្ណលុក