សមត្ថកិច្ចជំនាញ បង្ហាញមុខក្រុមចោរគាស់ផ្ទះ កាច់កម៉ូតូ នៅរាជាធានីភ្នំពេញ បន្ទាប់ពីចាប់ខ្លួនបានចំនួន ៤នាក់
ភ្នំពេញ ៖ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញមុខក្រុមចោរគាស់ផ្ទះ កាច់កម៉ូតូ នៅក្នុងរាជធានីភ្នំពេញ ក្រោយ បង្រ្កាបបានចំនួន៤នាក់ យកសាកសួរ រហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កម្លាំងជំនាញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចុះប្រតិបត្តិការបទល្មើសជាក់ស្តែង ក្នុងករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ កាច់កម៉ូតូ) ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ រួមមាន៖ ទី១-ឈ្មោះ ឆាយ តារាពិទ័រ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ, ទី២-ឈ្មោះ ផូ សម្ភស្ស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ ស្រស់ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ, និងទី៤-ឈ្មោះ លន់ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ, កំពុងធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿង ម៉ាក (PCX) ពណ៌ស សេរីឆ្នាំ២០២១ មិនមានស្លាកលេខ បន្ទាប់មកកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួននាំយកមកសួរនាំ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្រោយពីការសួរនាំជនសង្ស័យ០៤នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿង ម៉ាក (PCX) ពណ៌ស សេរីឆ្នាំ២០២១ មិនមានស្លាកលេខ ពិតប្រាកដមែន។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ឱ្យដឹងទៀតថា វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ០២គ្រឿង ម៉ាក (Honda PCX) ពណ៌ស សេរីឆ្នាំ២០២១ មិនមានស្លាកលេខ (ជាម៉ូតូរបស់ជនរងគ្រោះ), ម៉ាក (Today) ពណ៌ប្រផេះ មិនមានស្លាកលេខ (ម៉ូតូសំរាប់ធ្វើសកម្មភាព) និងសម្ភារៈសំរាប់ធ្វើសកម្មភាពកាច់ក បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ ម៉ូតូរបស់ជនរងគ្រោះខាងលើ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើទាំង ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមច្បាប់ ៕ ដោយ ៖ ឆៃហួត និងប៊ុនធី