គ្រុំចំពុះទាបានផ្តល់ប្រាក់ចំណូល និងក្លាយជាអាហារប្រចាំសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប
ខេត្តកោះកុង៖ ចាប់ពីខែវិច្ឆិកាមកបងប្អូន ប្រជាសហគមន៍នៅ តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតនៅក្នុង ខេត្តកោះកុង បានចាប់ផ្តើមប្រមូលផលគ្រុំចំ ពុះទា បណ្តើរៗហើយដើម្បីចែកចាយ លក់តាមទីផ្សារទាំងក្នុងស្រុក ក៏ដូចជាលក់ទៅកាន់ ក្រៅប្រទេស។
បើក្រឡេកនៅតាមផ្ទៃសមុទ្រ និង កន្លែងវេចខ្ចប់លក់គ្រុំចំពុះទាវិញគេឃើញប្រជាសហគមន៍ខ្មីឃ្មាតចុះប្រមូលផលនៅតាមដៃសមុទ្រដែលជាទីតាំងចិញ្ចឹមគ្រំចំពុះទារបស់ពួកគាត់។រយៈពេលជិតមួយឆ្នាំមកហើយដែលពួកគាត់បាននាំគ្នាដាំបង្គោលក្នុងទឹកសមុទ្រដើម្បីឱ្យគ្រុំចំពុះទាតោងដែលជាការចិញ្ចឹមបែបលក្ខណៈធម្មជាតិដោយមិនមានការផ្តល់ចំណី ឬផ្តល់អ្វីផ្សេងក្រៅពីនេះឡើយ។
ការចិញ្ចឹមគ្រុំចំពុះទា ជាមុខរបរមួយងាយស្រួលខ្លាំងណាស់ បន្ទាប់ពីកសិករបោះបង្គោលរួចនៅបាតសមុទ្ររួចហើយ នោះកូនគ្រុំវាក៏មកតោងនិងរស់នៅធំធាត់បានដោយស្វ័យជីវិត ក្នុងរយ:ពេល ១២ខែប៉ុណ្ណោះ បន្ទាប់មកកសិករអាចដកឃ្លា មកប្រកបការងារផ្សេងៗទៀតបានយ៉ាងងាយស្រួល ដោយរង់ចាំពេលវេលា និងប្រមូលផលលក់ទៅកាន់ទីផ្សារជាការស្រេច។
លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុងបានប្រាប់ឱ្យដឹងថា៖នៅសហគមន៍របស់លោកអាចផលិតគ្រុំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ២៥០០ដល់ជាង៣០០០ តោន ក្នុង ១ រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។
សម្រាប់ឆ្នាំនេះដែរដូចសព្វមួយដងគឺគ្រំចំពុះទា របស់ប្រជាសហគមន៍ លោកបានហុចផលប្រហាក់ប្រហែលបណ្តាឆ្នាំមុនៗដែរ ហើយពេលនេះប្រជាសហគមន៍កំពុងត្រៀមបញ្ចេញលក់ទៅកាន់ទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេសពិសេសថៃនិងវៀតណាម។សម្រាប់ទីផ្សារប្រទេសថៃ គឺបានស្រូបទាញការលក់ខ្ពស់ជាងគេក្នុងនេះអាចលក់បានប្រមាណ៦៥-៧៥ភាគរយ ,វៀតណាមអាចលក់បានប្រមាណ១៥ភាគរយ និងការលក់ក្នុងស្រុកបានប្រមាណ១៥ភាគរយ។
លោកបានលើកឡើងថាមុខរបរចិញ្ចិមគ្រុំចំពុះទា ជាមុខរបរមួយឈានមុខគេរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ព្រោះទទួលបានប្រាក់ចំណូលខ្ពស់ជាងមុខរបរនេសាទផ្សេងៗទៀត ខណៈមានកសិករខ្លះទទួលបានប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លាក្នុងមួយរដូវកាលទៀតផង។
គួរបញ្ជាក់ថា៖ សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ឃុំពាមក្រសោប មានប្រជាពលរដ្ឋប្រមាណ ១១៩គ្រួសារប្រកបរបរនេសាទខ្យងចំពុះទា ក្នុងចំណោមពលរដ្ឋសរុបចំនួន ៣៩២ គ្រួសារដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន ក្រៅពីលក់ដូរ និងប្រកបអាជីវកម្មផ្តល់សេវាទេសចរណ៍ជូនភ្ញៀវដើរលេងកម្សាន្ត ៕
ដោយ ៖ ម៉ាដេប៉ូ