ហ្សេលេនស្គី គ្រោងទៅអាមេរិកក្នុងដំណើរទស្សនកិច្ច ក្រៅ ស្រុកលើកដំបូងចាប់តាំងពីរុស្ស៊ីចូលឈ្លានពាន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃពុធ ទី២១ ខែធ្នូនេះ
។លោកទំនងនឹងជួបជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ហើយធ្វើសេចក្ដីថ្លែងការណ៍ទៅកាន់សភា។ នេះបើតាមសេចក្ដី រាយការណ៍ផ្សេងៗគ្នារបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែល ស្រង់សម្ដីប្រភពសភា និងការទូតមិនបញ្ចេញឈ្មោះ។

តាមរយៈទស្សនកិច្ចនេះ រដ្ឋបាលបៃដិនអាចនឹងប្រកាស អំពីផែនការផ្ដល់កញ្ចប់សព្វាវុធថ្មីតម្លៃ ១,៨ ប៊ីលាន សម្រាប់ អ៊ុយក្រែន រួមទាំងប្រព័ន្ធការពារដែនអាកាស ប្រាទ្រីយ៉ូត (Patriot) នៅក្នុងជំនួបរវាងមេដឹកនាំនៅសេតវិមាន តាមការ គ្រោងទុកដែលមានស្រាប់។

ទីភ្នាក់ងារសារព័ត៌មានអេភី( AP )បានស្រង់សម្ដីប្រភព ផ្សេង គ្នាដែលថា គម្រោងទស្សនកិច្ចអាចនឹងលុបចោលវិញ នៅ នាទីចុងក្រោយ ប្រសិនបើមានការព្រួយបារម្ភផ្នែកសុវត្ថិភាព។
ទោះយ៉ាងណាក៏ដោយ បើការរំពឹងទុកនឹងប្រព្រឹត្តទៅតាម គម្រោងនោះ វានឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើក ដំបូងបង្អស់របស់លោក ហ្សេលេនស្គី ចាប់តាំងពីរុស្ស៊ីបើកការ ឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសនៅខែកុម្ភៈ។កន្លងមក លោក ហ្សេលេនស្គី ដែលដឹកនាំអ៊ុយក្រែនយ៉ាងសស្រាក់ សស្រាំនោះ បានធ្វើសេចក្ដីថ្លែងការណ៍ជាញឹកញាប់ទៅកាន់ មេដឹកនាំ និងអ្នកគាំទ្រជុំវិញពិភពលោក ប៉ុន្តែនៅតាមតែទូរស័ព្ទ ឬប្រព័ន្ធវីដេអូប៉ុណ្ណោះ។

ទស្សនកិច្ចនៅថ្ងៃពុធរបស់លោក ហ្សេលេនស្គី ដែលទំនងនឹង កើតឡើងនេះ ក៏នឹងប្រព្រឹត្តទៅផងដែរ ខណៈសមាជិកសភា អាមេរិករៀបចំការបោះឆ្នោតលើកញ្ចប់ចំណាយរបស់ខ្លួន ដែលនឹងរួមបញ្ចូលទាំងការផ្ដល់ជំនួយ ៤៤,៩ ប៊ីលានដុល្លារជា បន្ទាន់ទៅឱ្យអ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូ។

គួររំឭកថា អាមេរិកគឺជាម្ចាស់ជំនួយរបស់អ៊ុយក្រែនដ៏ធំនិង សំខាន់បំផុត ដែលបានផ្តល់ជំនួយសរុបប្រមាណ ៥០ ប៊ីលានដុល្លាររួចហើយ រួមទាំងជំនួយផ្នែកសន្តិសុខប្រហែល ២០ ប៊ីលានដុល្លារ ដើម្បីប្រឆាំងនឹងរុស្ស៊ី។ យ៉ាងណាមិញ បច្ចុប្បន្ននេះ អ៊ុយក្រែននៅតែបន្តទទូចសុំជំនួយសព្វាវុធបន្ថែម ពីសម្ព័ន្ធមិត្តបស្ចិមលោក ជាពិសេសប្រព័ន្ធស្ទាក់ចាប់មីស៊ីល ទំនើប ដើម្បីការពារខ្លួនពីគ្រាប់មីស៊ីល និងដ្រូនរបស់រុស្ស៊ី ដែលវាយប្រហារកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន រួមមានថាមពល យ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ការរាយការណ៍ពីដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅសហរដ្ឋអាមេរិក ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមេ ដឹកនាំ អ៊ុយក្រែនរូបនេះ ចុះសួរសុខទុក្ខកងទ័ពអ៊ុយក្រែន នៅទីក្រុងបាក់មត់ (Bakhmut) ដែលជាចំណុចដ៏តាន តឹងនៃសមរភូមិ កាលពីថ្ងៃអង្គារ។

ដំណើរទស្សនកិច្ចដែលគ្មានការប្រកាសជាមុន និងដ៏ គ្រោះ ថ្នាក់នៅក្រុងនេះ ធ្វើឡើងបន្ទាប់ពីវិមានក្រឹមឡាំងបាន ប្រកាស ថា លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបមន្ត្រីយោធាជាន់ ខ្ពស់នៅថ្ងៃពុធ ដើម្បីថ្លឹងថ្លែងការវាយលុកទូទាំងប្រទេសរបស់ រុស្ស៊ីលើ អ៊ុយក្រែន តាំងពីដើមរហូតមកទល់បច្ចុប្បន្ន ហើយ កំណត់ គោលដៅសម្រាប់ឆ្នាំក្រោយ បន្ទាប់ពីកងទ័ពរុស្ស៊ីរបស់ លោកបរាជ័យក្នុងសមរភូមិជាបន្តបន្ទាប់៕
ដោយ៖ហួនឌីណា
ប្រភព៖ Ukraine’s Zelenskyy plans US visit; first trip abroad since war began

ads banner