តាលីបង់ដែលកាន់អំណាចនៅអាហ្វហ្គានីស្ថានហាមស្ត្រីមិនឱ្យចូលរៀនសាកលវិទ្យាល័យ
កាប៊ុល៖មេដឹកនាំតាលីបង់អាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារទី ២០ ខែធ្នូ បានចេញការហាមឃាត់និស្សិតស្រីមិនឱ្យចូលរៀន នៅសកលវិទ្យាល័យ ក្នុងបទបញ្ជាចុងក្រោយបង្អស់លើការ រឹតត្បឹត សិទ្ធិ និងសេរីភាពរបស់ស្ត្រី ដែលចូលជាធរមានភ្លាមៗ។
ការហាមឃាត់ ដែលអនុវត្តតាមច្បាប់អ៊ិស្លាមដ៏តឹងរ៉ឹងក្រោមការ បកស្រាយរបស់ខ្លួននេះ ធ្វើឡើងទោះបីជាពួកតាលីបង់ធ្លាប់ បានសន្យាថានឹងបង្កើតច្បាប់កម្រិតមធ្យមលើការគោរពសិទ្ធិស្រ្តី ដោយសារតែសម្ពាធពីអន្តរជាតិក៏ដោយ។
កន្លងមក តាលីបង់ដែលចូលកាន់អំណាចនៅ អាហ្វហ្គានីស្ថាន ឡើងវិញកាលពីឆ្នាំមុន បានបិទសិទ្ធិក្មេងស្រីមិនឱ្យចូលរៀនក្នុង សាលាអនុវិទ្យាល័យ និងវិទ្យាល័យ ហើយហាមឃាត់ស្រ្តីមិន ឱ្យធ្វើ ការងារជាច្រើនជាមួយគ្នានឹងបទបញ្ជាឱ្យស្លៀក ពាក់ បិទ ជិតតាំងពីក្បាលដល់ចុងជើងនៅទីសាធារណៈ។ មិនត្រឹម តែប៉ុណ្ណោះ ស្រ្តីក៏ត្រូវបានហាមឃាត់មិនឱ្យចូលទីសួនច្បារ និងកន្លែងហាត់ប្រាណផងដែរ។
ជុំវិញការហាមឃាត់ស្រីមិនឱ្យចូលរៀននៅសាកលវិទ្យាល័យនេះត្រូវបានប្រកាសឡើងបន្ទាប់ពីកិច្ចប្រជុំមួយរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ។ លិខិតមួយច្បាប់ ដែលចែកចាយដោយ អ្នកនាំពាក្យក្រសួងឧត្តមសិក្សា លោក Ziaullah Hashmi បានប្រាប់សាកលវិទ្យាល័យឯកជន និងសាធារណៈ ឱ្យ អនុវត្តការហាមប្រាមនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននិងជូនដំណឹងដល់ក្រសួងនៅពេលដែលបម្រាមនេះចូលជាធរមាន។
ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថានឹងប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកតាលីបង់ ដែលព្យាយាម សុំការទទួលស្គាល់ពីម្ចាស់ជំនួយអន្តរជាតិធំៗ ស្របពេល ដែលអាហ្វហ្គានីស្ថានកំពុងជាប់គាំងក្នុងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ។ កន្លងមក សហគមន៍អន្តរជាតិបានជំរុញឱ្យ មេដឹកនាំ តាលីបង់បើកសាលារៀនឡើងវិញ និងផ្តល់សិទ្ធិឱ្យស្ត្រី ដើរហើរនៅទីសាធារណៈ។
គួរកត់សម្គាល់ថា ការហាមឃាត់ប្រកាសឡើងប៉ុន្មានសប្ដាហ៍ បន្ទាប់ពីសិស្សស្រីប្រឡងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ខ្លួន បើទោះបីជាពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលថ្នាក់ រៀននៅ សាលាតាំងពីតាលីបង់ចូលកាន់អំណាចក៏ដោយ។ វាក៏រងការ ថ្កោលទោសផងដែរ ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូវ ហ្គូតទែរ៉េស ដែលនិយាយថា ការសម្រេច ចិត្តនេះគឺជាទង្វើគួរឱ្យព្រួយបារម្ភរបស់តាលីបង់ ដែលធ្វើខុស ពីការសន្យា។
លោក ហ្គូតទែរ៉េស ថ្លែងយ៉ាងដូច្នេះថា៖ «វាពិបាកក្នុងការ ស្រមៃមើលថាតើប្រទេសមួយអាចអភិវឌ្ឍបាន អាចដោះស្រាយ រាល់បញ្ហាប្រឈមដែលខ្លួនមានតាមរបៀបណា ដោយគ្មានការ ចូលរួមយ៉ាងសកម្មពីស្ត្រី និងការអប់រំ»។ខណៈ តាលីបង់ មិន បានទាន់ប្រតិកម្មយ៉ាងណាទៅនឹងការថ្កោលទោសរបស់អន្តរជាតិ អនុឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ.ស.ប. លោក Robert Wood បាននិយាយថា ក្រុមតាលីបង់មិន អាចរំពឹង ថានឹងក្លាយជាសមាជិកស្របច្បាប់នៃសហគមន៍អន្តរជាតិនោះទេ លុះត្រាតែពួកគេគោរពសិទ្ធិរបស់ប្រជាជន អាហ្វហ្គានីស្ថាន ទាំងអស់។
ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Adrienne Watson វិញ បាននិយាយថា សហរដ្ឋអាមេរិក ក៏បានថ្កោលទោសទង្វើរបស់ពួកតាលីបង់ផងដែរ ហើយថា «ការសម្រេចចិត្តដ៏គួរឱ្យសោកស្តាយនេះ គឺជាកិច្ចខិតខំប្រឹង ប្រែង ចុងក្រោយបង្អស់របស់មេដឹកនាំតាលីបង់ ក្នុងការដាក់ កម្រិត បន្ថែមលើស្ត្រី និងក្មេងស្រីនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន និងរារាំងពួកគេមិនឱ្យអនុវត្តសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពួកគេ»។ លោកស្រីបន្តថា បញ្ហានេះនឹងធ្វើឱ្យក្រុមតាលីបង់កាន់តែឃ្លាតឆ្ងាយពីសហគមន៍អន្តរជាតិ និងមិនទទួលបានភាពស្របច្បាប់ដែលពួក គេចង់ បាន៕
ដោយ៖ហួន ឌីណា
ប្រភព៖ Taliban bar women from university education in Afghanistan