ក្រសួងកសិកម្មប្ដេជ្ញាការទប់ស្កាត់និងបង្ក្រាបករណីនាំចូលសាច់បង្កកដោយខុសច្បាប់

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្ដេជ្ញាការទប់ ស្កាត់និងបង្កើនការបង្ក្រាបករណីនាំចូលសាច់ជ្រូកបង្កកដោយខុសច្បាប់។នេះបើតាមស្មារតីរបស់ក្រសួងក្នុងកិច្ចប្រជុំអន្តរ ក្រសួង កាលពីដើមសប្ដាហ៍នេះ ដែលមានការចូលរួមពី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ ក្រសួងពាណិជ្ជកម្ម និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំអន្តរក្រសួង ក៏បានសម្រេច ស្នើដល់អគ្គនាយក ដ្ឋាន គយនិងរដ្ឋាករកម្ពុជាពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាប ការនាំចូលសាច់ជ្រូកបង្កក ដោយខុសច្បាប់ ដោយសហការ ជាមួយអង្គភាពមានសមត្ថកិច្ច ដូចជាអាជ្ញាធរដែនដីនៅតាម បណ្តាខេត្តជាប់ព្រំប្រទល់ប្រទេសជិតខាង និងអគ្គនាយក ដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។

អង្គប្រជុំក៏បានសម្រេចផងដែរ រួមគ្នាត្រួតពិនិត្យលើបច្ចេកទេស ព្រមទាំងអនាម័យទីតាំងដែលមានស្តុកផ្ទុកសាច់បង្កក អំពី លិខិតបទដ្ឋានដែលតម្រូវអោយមានក្នុងការនាំចូល ហើយ សហការ រួមគ្នារវាងអង្គភាពជំនាញផ្សេងៗ ដូចជាពីខាងក្រសួង ពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និងសមត្ថកិច្ច ពាក់ ព័ន្ធដទៃទៀត ។ ករណីមិនមានការនាំចូលដោយខុស ច្បាប់ ត្រូវចាត់វិធានការតាមនីតិវិធី។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកញ្ញា អ៊ឹម រចនា ថ្លែងថា សមិទ្ធផលនៃកិច្ចប្រជុំអន្តក្រសួងលើកនេះ គឺ ជាទិសដៅការងារអនុវត្តចាប់ពីពេលនេះតទៅ សម្រាប់ អន្តរក្រសួងដែលក្នុងនោះក៏មានក្រសួងកសិកម្មផងដែរ ។

កញ្ញាបន្តថា៖« ចំពោះសាច់បង្កកដែលនាំចូលខុសច្បាប់ គឺក្រសួងកសិកម្ម នឹងរឹបអូស និងមានវិធានការតាមផ្លូវច្បាប់ »។
កញ្ញាបន្ថែមថា ក្រសួងកសិកម្មនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ នឹងក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីអនុវត្តការងារ អនុលោមទៅតាមលទ្ធផលកិច្ចប្រជុំដែលបានអនុម័តរួច។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បាន សម្តែង ការស្វាគមន៍ចំពោះវិធានការបស់ រាជរដ្ឋាភិបាល ជា ពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងការពង្រឹង ទប់ស្កាត់កុំឱ្យមានការនាំចូលនូវសាច់បង្កកគ្រប់ប្រភេទចូលមកម្ពុជា ព្រោះការនាំចូលសាច់ប្រភេទនេះធ្វើឱ្យប៉ះពាល់ដល់ តម្លៃ ទីផ្សារផលិតផលនៅក្នុងស្រុក។

លោកបន្តថា៖« សាច់បង្កកនេះ មិនមែនជាសាច់ល្អនោះទេ បើនៅស្រុកគេ គឺគេយកទៅបោះចោល ដែលកន្លងមកនេះ គេបាននាំចូលនៅសាច់ប្រភេទនេះមានចំនួនរាប់រយតោនមកចូលក្នុងទីផ្សាររបស់កម្ពុជា ហើយនៅពេលពលរដ្ឋទិញយកទៅ បរិភោគ ធ្វើឱ្យប៉ះពាល់ដល់សុខភាពថែមទៀត» ។

លោកបន្ថែមថា៖ « ជាថ្មីម្តងទៀត ខ្ញុំ សូមអរគុណដល់ រាជរដ្ឋា ភិបាលក្នុងទប់ស្កាកត់សាច់បង្កនេះ ។ បើពុំមានការទប់ស្កាត់ ការ នាំចូលសាច់បង្កក និងផលិតផលសាច់ខុសច្បាប់ ទាំង នោះទេ ជនខិលខូចនឹងឆ្លៀតឱកាសនាំចូលកាន់តែ ច្រើន ឡើង»៕
ដោយ៖យុទ្ធ វីរៈ

ads banner