ការអភិរក្សសំណង់អគារចាស់ៗនៅបាត់ដំបង ជាការជួយ លើក ស្ទួយវិស័យទេសចរណ៍នៅទីនោះ
បាត់ដំបង៖ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ការអភិរក្ស សំណង់អគារចាស់ៗនៅបាត់ដំបង ជាការជួយ លើកស្ទួយវិស័យទេសចរណ៍នៅទីនោះ។ ការលើកឡើង នេះ ស្របពេលដែលក្រុងបាត់ដំបងមានសំណង់អគារបេតិកភណ្ឌក្នុងក្រុងជាច្រើន ជាពិសេសសំណង់ផ្ទះ ដែលមានរចនាបថ សម័យ អាណានិគមបារាំងរាប់រយខ្នង។
អភិបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានលើកឡើងថា ការអភិរក្សអគារចាស់ៗ ដូចជា អគាររដ្ឋបាលលំនៅឋាន បុរី និងផ្សារ ពិសេសសំណង់ដែលបន្សល់ទុកពីសម័យ អាណា និគម បារាំង ដែលស្ថិតនៅកណ្ដាលទីក្រុង គឺជាការកំណត់ អត្តសញ្ញាណមួយដែលមិនគួរមើលរំលង។ទន្ទឹមគ្នានេះ ឯកឧត្តមមើលឃើញថា ការថែរក្សាទុកនូវសំណង់អគារចាស់ៗ បុរាណទាំងនោះ ក៏ជាចំណែកសំខាន់មួយក្នុងការជួយអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ លោកក៏បានបង្ហាញអំពីទិន្នន័យវប្បធម៌ និង វិចិត្រសិល្បៈនៅខេត្តបាត់ដំបង រួមមាន៖ ប្រាសាទបុរាណមាន ចំនួនប្រាំ,ស្ថានីយបុរេប្រវត្តិសាស្ត្រចំនួនប្រាំមួយកន្លែង, ទួល បុរាណមានចំនួន៤៤២ទួល ផ្ទះរចនាបថសម័យអាណា និគម បារាំងចំនួន៨២៨ខ្នង ស្ថិតនៅកណ្តាលទីក្រុងបាត់ដំបង តាម ផ្លូវលេខ១ ,លេខ១កន្លះ, លេខ២ ,លេខ២កន្លះ និងផ្លូវលេខ៣ ផ្ទះខ្មែរមាន៣៣៤ខ្នង វត្តបុរាណចំនួន១៣៩វត្តផង ដែរ។
ទាក់ទិននឹងការលើកឡើងនេះដែរ សាកលវិទ្យាធិការនៃសាកល វិទ្យាល័យបាត់ដំបង លោក សុខ ឃន បានបញ្ជាក់ដែរថា ការអភិរក្ស សំណងអគារចាស់ៗ ពិសេសសំណង់ បេតិកភណ្ឌ នេះ ក៏បានចូលរួមចំណែកអភិរក្សសំណង់ស្ថាបត្យកម្ម និងការលើកតម្លៃសម្បត្តិវប្បធម៌ជាតិយើងនៅខេត្តបាត់ដំបង មិនតែប៉ុណ្ណោះក៏បានផ្តល់ធាតុចូលជាច្រើនសម្រាប់ការសិក្សារបស់ក្មួយៗនិស្សិតជំនាញស្ថាបត្យកម្ម និងទេសចរណ៍ថែម ទៀត។
លោកបានលើកឡើងបន្ថែមថា៖« ខេត្តបាត់ដំបងមិនត្រឹម តែជាខេត្តជង្រុកស្រូវ និងសម្បូរដោយសម្បត្តិធម្មជាតិ ប៉ុណ្ណោះ ទេ ប៉ុន្តែបន្ថែមលើសម្បត្តិធម្មជាតិដ៏សម្បូរបែប ខេត្តបាត់ដំបង នៅមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមហាសាលជាច្រើនថែមទៀតមានដូចជា សំណង់ប្រាសាទ បុរាណ សំណង់ ផ្ទះ ខ្មែរបុរាណ ផ្ទះល្វែងប្រមាណជាង៨០០ខ្នង ដែលបាន បន្សល់ ទុកតាំងពីសម័យអាណានិគមបារាំង សំណង់អគារ រដ្ឋបាល នានា ផ្សារណាត់ ស្ពានបុរាណ វត្តអារាម និងសំណង់ ព្រះវិហារបុរាណជាច្រើនកន្លែងផងដែរ» ។
បច្ចុប្បន្នសំណង់ទាំងនេះ កំពុងត្រូវបានប្រមុខរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលក្រុងបាត់ដំបង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមសហការគ្នាធ្វើការអភិរក្ស ជួសជុល និងរៀបចំឱ្យមាន សណ្តាប់ ធ្នាប់ និងមានសោភណភាពឡើងវិញ ធ្វើយ៉ាងណា ឱ្យក្លាយទៅជាតំបន់ការពារបេតិកភណ្ឌជាតិដ៏មានតម្លៃ ក្នុង ការថែរក្សាការពារនូវសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃ ជាប្រវត្តិសាស្ត្ររបស់ខេត្តបាត់ដំបង។នេះបើតាមការបញ្ជាក់ បន្ថែមពីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង លោក សុខ ឃន។
ជុំវិញការលើកឡើងនេះ លោក ច្រឹក សុខនីម ប្រធានសមាគម អ្នក វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា សំណង់អគារចាស់ៗ ពិសេសសំណង់អគារដែលបន្សល់ ទុកពីសម័យបារាំង សំណង់បេតិកភណ្ឌ គឺសុទ្ធតែអាចចាត់ ទុកជាសំណង់ប្រវត្តិសាស្ត្រទាំងអស់។ហេតុនេះ លោក ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់អភិរក្ស អគារ ចាស់ៗទាំងនោះ ដើម្បីរក្សាទុកជាកេរមរតកវប្បធម៌ និងទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ទន្ទឹមនឹងអគារថ្មីៗ និងខ្ពស់ៗជាច្រើនដែលកំពុងរីកលូតលាស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត សំណង់អគារចាស់ៗមួយចំនួន ក៏នៅតែមានទីផ្សារដែរ។ ជាក់ស្តែងមានអគារ និងផ្ទះចាស់ៗ មួយចំនួន ត្រូវបានកែប្រែទៅជាហាងលក់ទំនិញ ជាទីស្នាក់ការ ក្រុមហ៊ុន និងជាកន្លែងស្នាក់នៅជាដើម។កត្តានេះ គឺជាការរួម ចំណែក សំខាន់ ជួយលើកស្ទួយវប្បធម៌ និងសេដ្ឋកិច្ចជាតិ ថែម ទៀត។
ទោះមិនបានបញ្ជាក់ពីចំនួនសំណង់អគារចាស់នៅកម្ពុជា ថាមានចំនួនប៉ុន្មាននោះឡើយក្តី បើតាមក្រសួងរៀបចំដែនដី ក៏ធ្លាប់បានបញ្ជាក់ដែរថា សំណង់អគារដែលមានអាយុចាស់ កម្ពុជា នឹងខិតខំអភិរក្សដោយរក្សានៅទ្រង់ទ្រាយដើម ហើយ សម្រាប់ម្ចាស់សំណង់អគារចាស់ទាំងនោះ ត្រូវតែធ្វើការ ជួសជុល និងរក្សាអត្តសញ្ញាណដើម។ ដោយឡែក អគារចាស់ៗ ដែលមានការបាក់បែកខ្លាំង ក្រសួង នឹងចេញលិខិតឱ្យមានការ ជួស ជុល តែនៅតែរក្សារូបរាងដើមដដែល។
អ្នកជំនាញ នៅតែបានបង្ហាញពីការជឿជាក់ចំពោះស្ថាប័ន ពាក់ព័ន្ធ ចំពោះការយកចិត្តទុកដាក់ក្នុងការថែរក្សាការពារនូវ សំណង់បេតិកភណ្ឌដើម្បីទុកឱ្យយុវជនជំនាន់ក្រោយបានយល់ដឹង ព្រមទាំងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈ ការ ទាក់ទាញ ទេសចរ ជាដើម៕
ដោយ៖ បូរ ពេជ្រហ្សាលីន