លទ្ធផលនៃការប្រឡងបាក់ឌុប នឹងត្រូវប្រកាស នារសៀល ថ្ងៃទី២២ខែធ្នូ
ភ្នំពេញ៖ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២២ នឹងត្រូវប្រកាសនារសៀល ថ្ងៃទី២២ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងទី២៣ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗ ។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងតាមរយៈលិខិតដែលលោកស្នើឱ្យគ្រប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ចាត់មន្រ្តីមក ទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។
លោកបណ្ឌិតបានឱ្យដឹងថា ៖ «ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែធ្នូ ចាប់ពីម៉ោង ១៥:០០ និងនៅខេត្តដទៃទៀត នាព្រឹក ថ្ងៃទី២៣ ខែធ្នូ»។
បណ្ឌិត ហង់ជួន ណារ៉ុន បានណែនាំទៅដល់ប្រធានមន្ទីរ ទាំងអស់ ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិត ឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឱ្យមក ទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរក្នុងរាជធានី-ខេត្ត នៅបន្ទប់បូកសរុបរបាយការណ៍ អគាររដ្ឋបាល ចៅពញាហុក ជាន់ទី៥ ដើម្បីយក ទៅបិទផ្សាយនៅតាម មណ្ឌល សំណេរនីមួយៗ តាមកាលបរិច្ឆេទ និងពេលវេលា កំណត់។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បានបញ្ជាក់ដែរថា ការបើកស្រោមបញ្ជី ប្រកាសលទ្ធផលប្រឡង ត្រូវធ្វើតាម មណ្ឌល សំណេររៀងៗខ្លួន ដោយមានការចូលរួមពីនាយក នាយិកាគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡង តំណាង ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមាន មណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។
លោកថា ៖ «ម្យ៉ាងវិញទៀត ការបើកនេះ ត្រូវមានរបាយការណ៍ ផ្ញើមក នាយកដ្ឋានកិច្ចការប្រឡងវិញ តាមតេឡេក្រាមលេខ ០១២ ៧៣៦ ៧៦៧ ដោយមានបញ្ជាក់ពីស្ថានភាពស្រោម ដែលមាន បិទស្កុត និងវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ពេលវេលាបើកស្រោម បញ្ជីរាយនាម និងហត្ថលេខា របស់អ្នក ចូលរួម»។
សូមរំឮកផងដែរថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២នេះមានបេក្ខជនសរុបចំនួន ១២៨ ១៣៤ នាក់ ដែលមានបេក្ខជនជានារីចំនួន ៦៨ ៧៧១ នាក់ មានមណ្ឌល ប្រឡងសរុបទាំងអស់ ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ ដែលការប្រឡងបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៥ និងទី៦ ខែធ្នូ កន្លងទៅនេះ។
បន្ទាប់ពីការប្រឡងត្រូវបានបញ្ចប់ ក្រសួងអប់រំបានបញ្ជាក់ថា ក្រសួងសង្ឃឹមថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិអាចនឹងប្រកាសបាននៅថ្ងៃទី ២៧ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ២៨ ខែធ្នូ សម្រាប់ខេត្តផ្សេងៗទៀត។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៤ ខែធ្នូ ដំណើរការកំណែ មុខវិជ្ជាទាំង១០នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ដែរថា ការបូកពិន្ទុ ដោយកុំព្យូទ័រ ប្រព្រឹត្តដោយភាពស្ងប់ស្ងាត់ និងស្មារតីទទួល ខុសត្រូវខ្ពស់ ដែលអាចធានាបាននូវការប្រឡងគោរពតាម គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួល យកបាន ដោយបន្ទប់នីមួយៗនៃការងារស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រនេះ មានបំពាក់ដោយកាមេរ៉ាសុវត្ថិភាព ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕
ដោយ៖នាង សុគន្ធា