លោក មិកាមិ ម៉ាសាហ៊ីរ៉ូ៖ ខ្ញុំចាកចេញពីប្រទេសកម្ពុជាថ្ងៃនេះ ជាមួយនឹងការចងចាំល្អៗជាច្រើន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Massahiro) បានបញ្ចប់អាណត្តិរបស់លោកជាឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងបានចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីលោកបានមកបំពេញភារកិច្ច និងតួនាទីជាឯកអគ្គរាជទូតជប៉ុនកាលពីខែកញ្ញាឆ្នាំ ២០១៩។
តាមរយៈសារជាវីដេអូដែលមានរយៈពេលជាងបួននាទី លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាននិយាយជាភាសាខ្មែរយ៉ាងស្ទាត់ ជំនាញ ដោយលោកបានជម្រាបប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុង ឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជានាពេលនេះ។

លោកមានប្រសាសន៍ថា ៖ «ប្រជាជនកម្ពុជាជាទីគោរពរាប់ អាន។ ខ្ញុំនឹងចាកចេញពីប្រទេសកម្ពុជាថ្ងៃនេះ ជាមួយនឹងការ ចង ចាំល្អៗជាច្រើន។ សូមអរគុណសម្រាប់ការគាំទ្រការងារ របស់ ខ្ញុំរយៈពេលបីឆ្នាំ បួនខែនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសូម រំលឹកពីអាណត្តិរបស់ខ្ញុំដោយក្តីដឹងគុណយ៉ាងស្មោះចំពោះប្រជាជនកម្ពុជា»។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានចាប់ផ្តើមបេសកកម្មរបស់លោក នៅ ខែកញ្ញាឆ្នាំ២០១៩ ហើយទោះបីជាក្នុងអំឡុងពេល បេសកកម្ម របស់លោកមានការប្រឈមនៃវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្តែលោកជឿជាក់ថា ទំនាក់ទំនងជប៉ុន-កម្ពុជាបានរីក ចម្រើន យ៉ាងប្រសើរ នៅគ្រប់កម្រិតចាប់ពីដំណើរទស្សនកិច្ចថ្នាក់ កំពូលរហូតដល់ការផ្លាស់ប្តូរថ្នាក់មូលដ្ឋានលើគ្រប់វិស័យ។

លោកបានថ្លែងទៀតថា ឆ្នាំនេះនាយករដ្ឋមន្ត្រីនៃប្រទេស ទាំងពីរ លោក គីស៊ិដា ហ្វូមិអ៊ុ និងសម្ដេចតេជោ នាយក រដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាគ្នាចំនួនបួនដងនៅក្នុងប្រទេស កម្ពុជា និងប្រទេសជប៉ុន ហើយកាលពីខែវិច្ឆិកាកន្លងមក ប្រទេស ទាំងពីរបានប្រកាសថានឹងដំឡើងទំនាក់ទំនងទ្វេភាគី ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំក្រោយ ដែលជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាង ប្រទេសទាំងពីរនេះ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ទៀតថា ៖ «ក្នុងនាមជា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ខ្ញុំសូមកោតសរសើរចំពោះ សមិទ្ធផល ដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ទោះបីជាប្រទេស ជាតិ ត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាម ស៊ីវិលហើយ ខ្ញុំរីក រាយដែលប្រទេសជប៉ុនបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងប្រទេសឡើងវិញ»។

បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបាននឹងកំពុង ពង្រីកមិនត្រឹមតែផ្នែកជំនួយពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែម ទាំងក្នុងវិស័យធុរកិច្ច និងវិស័យផ្សេងៗទៀត ស្របពេលដែល សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ហើយសមត្ថភាពរបស់ កម្ពុជា កាន់តែប្រសើរឡើង។

លោកបានរៀបរាប់ក្នុងពេលកាន់តំណែងថា លោកមាន ឱកាស បានជួបប្រជាជនកម្ពុជាជាច្រើន និងទទួលបានបទ ពិសោធន៍ ពីវប្បធម៌ខ្មែរតាមរយៈកម្មវិធីជួបជុំ និងព្រឹត្តិការណ៍ផ្សេងៗ ហើយឥឡូវនេះ លោកមានការយល់ដឹងកាន់តែច្បាស់អំពី ប្រទេស និងប្រជាជនកម្ពុជា បើធៀបនឹងពេលដែលលោកទើប មកដល់។

លោកថា ៖ «ខ្ញុំរីករាយ ដែលជីវភាពរស់នៅរបស់ប្រជាជនបាន ប្រសើរឡើង ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប៉ុន្តែ នៅតែមាន ការប្រឈមជាច្រើនទៀតនៅខាងមុខ។ ខ្ញុំសូមជូនពរ ឱ្យប្រទេស កម្ពុជាកាន់តែមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យបន្តទៀតឆ្ពោះទៅរកសង្គមមួយដោយមិនទុកអ្នកណាម្នាក់ចោលឡើយ ហើយគ្រប់គ្នាកាន់តែមានសុភមង្គល»។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តថា ៖ «ខ្ញុំសូមជូនពរ ប្រជាជន កម្ពុជាដោយអស់ពីចិត្ត។ ខ្ញុំនឹងទៅប្រទេសបែល ហ្ស៊ិក នាពេល ឆាប់ៗនេះក្នុងនាមជាឯកអគ្គរាជទូតនៅទីនោះ ប៉ុន្តែខ្ញុំនឹង បន្ត ធ្វើ ជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់សម្រាប់កម្ពុជា និងទំនាក់ទំនង កម្ពុជា-ជប៉ុន»។

ទន្ទឹមនឹងនេះដែរ លោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋ ទូតអូស្រ្តាលីប្រចាំកម្ពុជាដែលបានបញ្ចប់បេសកកម្មរបស់លោកនៅកម្ពុជាដូចគ្នានេះដែរ ក៏បានរៀបចំកម្មវិធីជួបជុំលា សម្រាប់ និសិត្សអាហារូបករណ៍អូស្ត្រាលី (Australia Awards Cambodia) ចំនួន ៣៥ រូប កាលពីថ្ងៃទី២១ ខែធ្នូផងដែរ ដែលនិស្សិតទាំងនេះនឹងចាប់ផ្តើមការសិក្សារបស់ពួកគាត់នៅប្រទេសអូស្ត្រាលីក្នុងឆ្នាំថ្មីខាងមុខនេះ។

យោងតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងថា ឆ្នាំ ក្រោយនេះ ស្ថានទូតក៏នឹងរៀបចំកម្មវិធីលានិស្សិត អាហារូប ករណ៍ អូស្ត្រាលីចំនួន ១០ រូបទៀត ដែលនឹងចាប់ផ្តើមការសិក្សា របស់ពួកគាត់នៅប្រទេសអូស្ត្រាលីក្នុងឆមាសទី២ឆ្នាំ២០២៣។

ស្ថានទូតដដែលនេះបានបញ្ជាក់ថា ៖ «រដ្ឋាភិបាលអូស្ត្រាលី ប្តេជ្ញាកសាងធនធានមនុស្សនៅកម្ពុជា។ យើងមានសេចក្តីរីក រាយដែលបានឃើញសហគមន៍និសិត្សអាហារូបករណ៍អូស្រ្តាលី មានការរីកចម្រើន ដោយក្នុងនោះមាននិសិត្សកម្ពុជាជិត ១ ០០០ នាក់ បានទទួលអាហារូបករណ៍ទៅបន្តការ សិក្សាក្រោយ ឧត្តមសិក្សានៅប្រទេសអូស្ត្រាលីចាប់តាំងពីឆ្នាំ ១៩៩៤ មក»។
រដ្ឋាភិបាលអូស្រ្តាលី មានមោទនភាពដែលឃើញអតីតនិស្សិត អូស្ត្រាលីរបស់យើងរីកចម្រើនទាំងផ្នែកវិជ្ជាជីវៈ និងការអភិវឌ្ឍ ខ្លួន ដោយពួកគាត់ជាបុគ្គលដ៏សកម្មក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

សូមបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ លោក ប៉ាប្លូ កាង បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាវិមានសន្តិភាព ដើម្បីឆ្លុះបញ្ចាំងពីការរីកចម្រើនក្នុងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលបីឆ្នាំកន្លងមកនេះផងដែរ៕
ដោយ៖នាង សុគន្ធា

ads banner