ក្រសួងវប្បធម៌ ហាមសាងសង់សំណង់ថ្មីលើទីតាំង ដីកុដិបីខ្នង ដែលត្រូវកម្ទេច ក្នុងវត្តឧណ្ណាលោម
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអនុញ្ញាតឱ្យ មាន ការសាងសង់សំណង់ថ្មីលើទីតាំងដីកុដិបុរាណដែលមានអាយុកាលជិត១០០ឆ្នាំក្នុងបរិវេណវត្តឧណ្ណាលោមឡើយ ទោះបី អគារ ដែលស្ថិតនៅក្នុងវត្តនេះ ត្រូវបានវាយកម្ទេចកុដិនោះ រួចហើយក្តី។ ក្រសួងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកការស៊ើបអង្កេត រហូតដល់បញ្ចប់នីតិវិធីច្បាប់។
វិធានការហាមឃាត់នេះធ្វើឡើងបន្ទាប់ពីកុដិបុរាណចំនួនបី ក្នុង បរិវេណវត្តឧណ្ណាលោមស្ថិតនៅរាជធានីភ្នំពេញដែលមានអាយុកាល ៩២ឆ្នាំហើយនោះ ដែលត្រូវបានក្រសួងបានចាត់ទុកជា សម្បត្តិបេតិកភណ្ឌជាតិ ហើយត្រូវបានវាយកម្ទេចចោលចាប់ ពីថ្ងៃទី ៧ខែធ្នូឆ្នាំ២០២២ដោយពុំមានការអនុញ្ញាតពីក្រសួង។
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃ ទី ២១ខែធ្នូបានគូសបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌ វប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប ហើយក្រសួងក្នុងនាមស្ថាប័ន ដែលធ្វើលើកិច្ចការនេះ កំពុងសហការជាមួយអាជ្ញាធរដើម្បី បើកការស៊ើបអង្កេត។
សេចក្តីជូនដំណឹងបានជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថារណីការវាយកម្ទេចកុដិបុរាណចំនួនបី(លេខ៤៣,៤៤ និង៤៥)ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ក្នុងបរិវេណវត្ត ឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុងកាល ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ គឺក្រសួងកំពុង តាម ដានយ៉ាងយកចិត្តទុកដាក់។
ក្រសួងបញ្ជាក់ថា៖« ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹង សហការ ជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះ ស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឱ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់»។
ក្រសួងវប្បធម៌បានឱ្យដឹងថា វិធានការនេះដោយយោងសារាចរ លេខ ០៨ សរ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្តីពីការ ទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិច បំផ្លាញសំណង់អគារ បេតិកភណ្ឌ និង ព្រះរាជក្រម នស/រកម/០១៩៦/២៦ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៩៦ ស្ដីពីកិច្ចការពារបេតិកភណ្ឌ វប្បធម៌។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត លោក សំបូរ ម៉ាណារ៉ា សម្តែង ការសោកស្តាយចំពោះសំណង់អាគារដែលមានរយៈពេលយូរឆ្នាំ ដែលមិនបានថែទាំឱ្យបានគង់វង់ ហើយត្រូវបំផ្លាញចោល។ ប៉ុន្តែសម្រាប់រូបលោក មិនជំទាស់នូវការបំផ្លាញនោះទេ បើ សិនជារកឃើញនូវហានិភ័យណាមួយដែលមិនអាចបន្តអនុវត្តនូវការប្រើប្រាស់គ្មានសុពលភាព ឬមិនស្ថិតនៅសម័យអង្គរ។
លោកបញ្ជាក់ថា៖«ជាទូទៅការវាយកម្ទេចកុដិណាមួយ តែង តែមានមូលហេតុណាមួយ ព្រោះការសាងសង់មានអាយុ កាល នៃការប្រើប្រាស់។ អីចឹងនៅពេលគេវាយកម្ទេចចោល មាន ន័យថាកុដិនោះមានបញ្ហាអ្វីមួយសម្រាប់យើងប្រើប្រាស់ ។សុពលភាពនៃការប្រើប្រាស់អាចមានកំណត់ ហើយបើតាមខ្ញុំ ដឹង ក្បែរ ១០០ឆ្នាំ អីចឹងអគារក្បែរ១០០ឆ្នាំសង់ក្នុង សម័យ កាលដែលមិនទាន់ជឿនលឿន។ មិនទាន់មានគ្រឹះមាំទាំ នេះ មិនមែន សម័យអង្គរទេ»។
សម្រាប់ទស្សនៈលោក ទោះបីជាយ៉ាងណាក៏ដោយការអភិវឌ្ឍ តែងតែ ទទួលនូវការបាត់បង់អ្វីមួយមិនខានទេ ខណៈ លោក ស្នើដល់គ្រប់ភាគីពាក់ព័ន្ធត្រូវសិក្សាឱ្យបានល្អិតល្អន់មុននឹងធ្វើអ្វីមួយ ចៀសវាងប៉ះពាល់ដល់ការរុញឱ្យគ្នាទៅវិញទៅមក។
លោកថ្លែងថា៖« សម្រាប់ខ្ញុំ ផលលំបាកសព្វថ្ងៃនេះ គឺយើង គិតតែរឿងរបស់ដែលអត់មាន ប៉ុន្តែយើងអត់គិតរបស់ដែល ត្រូវ ថែរក្សា នឹងផែនការអភិវឌ្ឍ។ ឧទាហរណ៍ថារបស់ដែល មាន ស្រាប់ យើងគិតថាទុកៗ ប៉ុន្តែយើងអត់បានថែវាទេ រួចដល់ ពេល មាន ហានិភ័យ យើងអាចនឹងបន្ទោសអ្នកគ្រប់គ្រង ទៀតថា ទុកឱ្យខូច ។នេះជារឿងមួយដែលត្រូវពិចារណាជាមួយគ្នា»។
កាលពីថ្ងៃទី៨ ខែធ្នូ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានចេញលិខិតសម្តែង ការ សោកស្តាយជាខ្លាំង ព្រោះកុដិទាំងបីនេះ ក្រសួងបានចាត់ ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៧។
លោកជំទាវ ភឿង សកុណា សង្កត់ធ្ងន់ថា សកម្មភាពនេះកំពុង រងការរិះគន់យ៉ាងផុលផុស ពីមហាជនតាមរយៈបណ្តាញ សង្គម។ លោកស្រីបន្តថា៖«ក្នុងនាមក្រសួងជាសេនាធិការ របស់រាជរដ្ឋាភិបាល ដែលមានតួនាទីនិងភារកិច្ច ក្នុងការ គ្រប់គ្រង ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រសួង សូមបញ្ជាក់ទូលថ្វាយថា សកម្មភាព នៃការរុះរើនិង វាយកម្ទេចកុដិចាស់ ដោយពុំបានសិក្សាពិគ្រោះ និងការ អនុញ្ញាតពីក្រសួងវប្បធម៌ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រម ទាំងសារាចររបស់រាជរដ្ឋាភិបាល ដែលជាឯកសារគតិយុត្តជា ធរមាន ជាមួយការចង្អុលបង្ហាញថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានា ត្រូវស្នើសុំការអនុញ្ញាតពី ក្រសួងវប្បធម៌ ដែលជាក្រសួងជំនាញ»។
សូមជម្រាបថា កាលពីឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញសារាចរ ស្តីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញ សំណង់អគារបេតិកភណ្ឌ ដោយសង្កត់ធ្ងន់ថា សំណង់អគារបេតិកភណ្ឌ ដែលនឹងត្រូវ ធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើ សុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងអាជ្ញាធរ ពាក់ព័ន្ធ ជាមុនសិន៕
ដោយ៖ឡាយ សាមាន