អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពត
ខេត្តកំពត ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពត សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត នាយករដ្ឋបាល នាយករងរដ្ឋបាល និងរដ្ឋបាលក្រុងស្រុកនិងឃុំ/សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តកំពតជាច្រើនរូបទៀតនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២២។
លោក លី ស៊ីដែល អនុប្រធានគណៈប្រតិភូ បានអានរបាយការណ៍សង្ខេបលទ្ធផលស្តីពីការចុះធ្វើសវនកម្មនៅរដ្ឋបាលខេត្តកំពត សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធរួចមក ឯឧ អភិបាលរងនៃគណៈអភិបាលខេត្ត បានចូលរួមឯកភាពតាមអនុសាសន៍ដែលមាននៅក្នុងរបាយការណ៍សវនកម្ម និងខិតខំអនុវត្តការងារទាំងអស់នេះឲ្យមានប្រសិទ្ធភាពនាការិយបរិច្ឆេទលើកក្រោយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងពិធីឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពត សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ។
បន្ថែមពីនេះទៀត ឯកឧត្តម អគ្គនាយក បានកោតសសើរដល់រដ្ឋបាលខេត្តកំពត ចំពោះកិច្ចខិតខំការអនុវត្តការងារអស់ពីកម្លាំងកាយចិត្ត និងមានស្មារតីទទួលខុសត្រូវខ្ពស់ នៅថ្នាក់ក្រោមជាតិក្នុងខេត្តកំពតនេះ និងបានពាំនាំយកអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់រដ្ឋបាលខេត្តកំពត និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម អគ្គនាយក បានលើកឡើងពីតួនាទីរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ៕ ដោយ-រ៉ាវុធ