អ្នកនាំពាក្យ៖ ការឆ្លងនូវវីរុសកូវីដ១៩ នៅតែជាបញ្ហាសុខភាព សាធារណៈ នៃបណ្តាប្រទេសលើសកលលោកនៅឡើយទេ
ភ្នំពេញ៖ ការលេចឡើងនូវការឆ្លងនូវវីរុសកូវីដ១៩ គឺស្ថិតនៅតែជា បញ្ហាសុខភាពសាធារណៈនៅតាមបណ្តាប្រទេសនៅលើសកលលោកនៅឡើយទេ ដែលហេតុផលនេះធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹក ទៅដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យប្រុងប្រយ័ត្នចំពោះមេរោគកូវីដ១៩ ជាប់ ជាប្រចាំ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនំាពាក្យ ក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សំាង កូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងឱ្យ ដឹងថា ក្រសួងក៏ដូចជាប្រជាពលរដ្ឋតែងតែទទួលបាន ជារឿយៗ នូវការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងការរៀនសូត្រ នូវបទពិសោធក្នុងឆ្នាំ ២០២០ -២០២១ ហើយនិង ក្នុងឆ្នាំ២០២២ ដែលនឹងឈានដល់ដាច់ឆ្នាំនាពេលខាងមុខឆាប់ៗនេះដែរ។
លោកជំទាវបានលើកឡើងថា ៖ «យើងត្រូវយល់ទាំងអស់គ្នាថា ថ្វីត្បិតតែយើងអាចគ្រប់គ្រងការឆ្លងរីករាលដាលជាសកលនៃវីរុសកូវីដ១៩បានល្អនៅក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែវីរុសកូវីដ១៩នេះ មិនទាន់ទៅណាឆ្ងាយនោះទេ គឺវីរុសនេះនៅតែនៅជាមួយយើង ហើយដោយសារលទ្ធភាពនៃការបំប្លែងខ្លួនរបស់វីរុសកូវីដ១៩ បច្ចុប្បន្នក៏ឃើញមាននូវការចេញនូវការបំប្លែងខ្លួននូវវីរុសថ្មីៗហើយក៏វានៅមានការវិវត្តតទៅមុខទៀតផងដែរ»។
អ្នកនាំាពាក្យរូបនេះបានបញ្ជាក់បន្តថា ៖ «ដូច្នេះហើយ ការលេចឡើងនូវការឆ្លងនូវវីរុសកូវីដ១៩គឺស្ថិតនៅតែជាបញ្ហាសុខភាពសាធារណៈនៅតាមបណ្តាប្រទេសនៅលើសកលលោករបស់យើងនៅឡើយទេ»។
ប្រសិនបើនៅតាមបណ្តាប្រទេសផ្សេងៗនៅលើសកលលោកនៅមានការឆ្លង ជាពិសេសនៅតាមប្រទេសដែលនៅជិតខាងប្រទេសកម្ពុជានេះតែម្តង ដែលនៅតែបន្តរកឃើញមានជារៀងរាល់ថ្ងៃ។
ត្រង់ចំណុចនេះ លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ៖ «មានន័យថា យើងអាចមានសុវត្ថិភាព ការចម្លងមេរោគនេះនឹងស្ងប់ស្ងាត់ដាច់ទៅបាន លុះត្រាណាតែបណ្តាប្រទេសជិតខាងទាំងនោះ មានការស្ងប់ស្ងាត់នៃការឆ្លងមេរោគនេះដែរ។ ប្រទេសកម្ពូជា ជាប្រទេសមួយស្ថិតនៅក្នុងតំបន់ ចឹង! លទ្ធភាពនៃការឆ្លងគឺមានគ្រប់ពេល ដែលវាអាចកើតមានឡើងនៅគ្រប់ពេលវេលាទាំងអស់»។
សម្រាប់វិធានការនៅឆ្នាំខាងមុខនេះ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងឱ្យដឹងថា ក្រសួងសុខាភិបាលកំពុងតែធ្វើការរៀបចំបង្ហើយនូវផែនការយុទ្ធសាស្រ្តសុខាភិបាលជាតិតំណាក់កាលទី៤ ហើយនៅក្នុងផែនការនេះ ក្រសួងផ្តោតសំខាន់ណាស់ទៅលើការគិតគូរយ៉ាងណាឱ្យឆ្លើយតបនូវការកាត់បន្ថយអត្រាស្លាប់របស់ប្រជាជនកម្ពុជាដែលពាក់ព័ន្ធនឹងជំងឺឆ្លង។
លោកជំទាវបញ្ជាក់ថា ៖ «យើងមិនមែនមានតែជំងឺកូវីដ១៩មួយមុខនោះទេ តែយើងមានជំងឺឆ្លងជាច្រើនទៀតដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺអេដស៍ ជំងឺគ្រុនឈាម និងជំងឺផ្សេងៗដែលអាចនឹងកើតចេញមកដោយមិនអាចធ្វើការទស្សទាយមុន»។
នៅក្នុងទៀតសោត អ្វីដែលសំខាន់ ក្រសួងសុខាភិបាលក៏នឹងបោះជំហានមួយទៀតទៅរកការជំរុញ និងការបង្កើននូវការអនុវត្តការថែទាំសុខភាពបឋម។
ទាក់ទងនឹងមេរោគកូវីដ១៩ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឱ្យដឹងផងដែរកាលពីថ្ងៃទី២៦ ខែធ្នូ ក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ថា ការបើកប្រទេសឡើងវិញដោយគ្មានការរំខាន យាយីបន្តដោយមេរោគកូវីដ១៩ទេ ប៉ុន្តែសម្ដេចមិនមានន័យថាត្រូវបោះបង់ចោលនូវកិច្ចការពារខ្លួនទាក់ទងនឹងកូវីដ១៩ទេ។
សម្ដេចតេជោមានប្រសាសន៍ថា ៖ «កូវីដ១៩ មិនទាន់ទៅណាឆ្ងាយទេ ហើយនៅថ្ងៃខានស្អែកនេះ ខ្ញុំនឹងជួបជាមួយនឹងក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យថ្មីមួយដែលយើងកសាងសម្រាប់ដាក់អ្នកជំងឺបានរហូតដល់មួយម៉ឺនគ្រែ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀត ក្នុងអំឡុងនៃការឆ្លងរាលដាលមេរោគកូវីដ១៩ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានពឹងពាក់ទៅលើផ្នែកឯកជនដែលពួកគាត់ឱ្យខ្ចីសម្រាប់ប្រើប្រាស់ដាក់អ្នកជំងឺកូវីដ១៩ ដោយមិនអាចឱ្យអ្នកជំងឺកូវីដ១៩ណាម្នាក់ដេកនៅលើដីឬដេកតាមចិញ្ចើមផ្លូវនោះទេ។
សម្ដេចបន្តថា ៖ «នៅពេលនេះយើងមិនមានអ្នកជំងឺកូវីដ១៩ យើងដាក់ឱ្យព្យាបាលជំងឺទូទៅដែលមានសមត្ថភាពទទួលរហូតដល់មួយម៉ឺនគ្រែ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តអំពាវនាវឱ្យនៅបន្តការពារពីជំងឺកូវីដ១៩ ដោយសារយើងមិនដឹងថាជំងឺនេះនឹងរាលដាលទៅជាប្រភេទជំងឺអ្វីទៀតនោះទេ»។
ទន្ទឹមនឹងនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឱ្យប្រជាពលរដ្ឋបន្តទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទៀត នៅពេលដែលដល់វេន ខណៈដែលមនុស្សប្រមាណជាង៤លាននាក់ទៀត នៅមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទី៣។
កម្ពុជានៅសល់វ៉ាក់សាំងកូវីដ១៩នៅក្នុងឃ្លាំងប្រមាណជាងប្រាំពីរលានដូសទៀត។ រីឯជំនួយពីរដ្ឋាភិបាលចិនដែលនៅសល់១៥លានដូស និងសហរដ្ឋអាមេរិក នៅសល់៥,៥លានដូស ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើកុំទាន់ដឹកយកមកកម្ពុជា។
សម្ដេចតេជោមានប្រសាសន៍ថា ៖ «សម្រាប់អ្នកដែលចាក់ដូសទី៣ គឺនៅជាងបួនលាននាក់ទៀតដែលមិនទាន់បានទៅចាក់ ខណៈដែលអ្នកខ្លះទទួលដល់ដូសទី៥ហើយ។ យើងមិនដឹងថានឹងមានជំងឺអីនឹងកើតមានឡើងទៀតនោះទេ ដូចនេះត្រូវបន្តការការពារឱ្យបានត្រឹមត្រូវបន្តទៀត»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦ លាននាក់ មាន៩៥,២៥%។
ក្រសួងបានបន្តដែរថា សម្រាប់អ្នកដែលបានចាក់ដូសទី៣ មានជាង១០លាននាក់ អ្នកទទួលបានដូសទី៤ មានចំនួនជាង៤,៧លាននាក់ និងអត្រាអ្នកចាក់ដូសទី៥ បានចំនួន ជាង១,២ លាននាក់៕
ដោយ៖នាង សុគន្ធា