មីស៊ីលរុស្ស៊ីធ្លាក់ស្រោចលើអ៊ុយក្រែនចំថ្ងៃបុណ្យណូអែល ខណៈ ពូទីនអះអាងពីចេទនាចរចា

កៀវ៖ កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដូចគេស្រោចគ្រាប់ទៅលើ ទីក្រុងផ្សេងៗរបស់អ៊ុយក្រែនចំថ្ងៃបុណ្យណូអែល ( ២៥ ធ្នូ) ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងពីការ បើកចំហចំពោះការចរចារបស់វិមានក្រឹមឡាំងដែលជាជំហអ៊ុយក្រែននិងអាមេរិកច្រានចោលដោយសារសកម្មភាពវាយប្រហារមិនឈប់របស់រុស្ស៊ី។

មេបញ្ជាការយោធាកំពូលអ៊ុយក្រែនអះអាងនៅថ្ងៃអាទិត្យថា កង ទ័ពឈ្លានពានរុស្ស៊ីបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាង១០ លើកនៅស្រុក Kupiansk ក្នុងតំបន់ខាកៀវ។ បាញ់ផ្លោង លើទីក្រុងចំនួន ២៥ តាមបណ្ដោយសមរភូមិជួរមុខតាំងពីក្រុង Kupiansk រហូតដល់ក្រុងលីម៉ង់នៃតំបន់លូហានស្ក៍ ស្របពេល ដែលក្រុងចំនួន ២០ នៅតំបន់ហ្សាប៉ូរីចាក៏រងការវាយប្រហារ ដូចគ្នា។ ប៉ុន្តែ យោធាអ៊ុយក្រែនមិនបានបញ្ជាក់លម្អិតពីការ ខូត ខាត ឬជនរងគ្រោះនោះទេ។ នេះបើតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការវាយប្រហារនេះធ្វើឡើងបន្តបន្ទាប់គ្នាពីល្ងាចមុនថ្ងៃបុណ្យណូអែល (Christmas Eve) ដែលសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១០ នាក់ និងរបួសជិត ៧០ នាក់នៅទីក្រុងឃឺរសុន ស្របពេល ពិភព លោក ត្រៀមរៀបចំប្រារព្វពិធីបុណ្យណូអែល។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីនៅតែបដិសេធលើការដាក់ គោលដៅលើជនស៊ីវិល។ ចំណែកឯក្រសួងការពារជាតិរុស្ស៊ីវិញ ថ្លែងនៅថ្ងៃអាទិត្យថា ខ្លួនបានសម្លាប់ទាហានអ៊ុយក្រែនប្រហែល ៦០ នាក់នៅថ្ងៃសៅរ៍ពីក្រុង Kupiansk ដល់ក្រុង Lyman ហើយបានបំផ្លាញបំណែកសម្ភារៈយោធាអ៊ុយក្រែនអស់ជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានអូស បន្លាយ អស់រយៈពេលជាង ១០ ខែមកហើយ ប៉ុន្តែហាក់ មិនមានសញ្ញានៃការបញ្ចប់នោះទេ ទោះបីជាលោក ពូទីន អះអាងពីជំហលើការចរចាក្ដី។

ប្រធានាធិបតីរុស្ស៊ីរូបនេះ ប្រាប់ទូរទស្សន៍រដ្ឋ Rossiya 1 ក្នុងបទសម្ភាសន៍មួយដែល ចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖ «យើងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចរចាជាមួយគ្រប់គ្នា ដែល ពាក់ព័ន្ធអំពីដំណោះស្រាយដែលអាចទទួលយកបាន ប៉ុន្តែនោះ អាស្រ័យលើពួកគេ។ យើងមិនមែនជាអ្នកបដិសេធក្នុងការចរចា នោះទេ»។

ឆ្លើយតបទៅនឹងការលើកឡើងនេះ ទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី គឺលោក Mykhailo Podolyak បានលើកឡើងថា លោក ពូទីន ចាំបាច់ត្រូវត្រឡប់ ទៅរកការពិត ហើយទទួលស្គាល់ថា រុស្ស៊ីទេដែលមិនចង់ឱ្យមាន ការចរចា។

លោកសរសេរនៅលើបណ្ដាញសង្គមធ្វីតធ័រថា៖«រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយខ្លួនឯង ហើយកំពុងសម្លាប់ពលរដ្ឋ។ រុស្ស៊ី មិនចង់ចរចានោះទេ ប៉ុន្តែព្យាយាមគេចពីការទទួលខុសត្រូវ»។
កន្លងមក អ៊ុយក្រែនក៏បានអះអាងពីការចរចា ហើយថាខ្លួនមិន ឈប់ប្រយុទ្ធនោះទេ លុះត្រាតែសម្រេចទៅតាមការចង់បាន របស់ ខ្លួន ដែលទាមទារឱ្យរុស្ស៊ីដកកងទ័ពទាំងអស់ចេញពីទឹកដី អ៊ុយក្រែន។ ការវាយប្រហារនៅថ្ងៃបុណ្យណូអែល ធ្វើឡើងខណៈ ដែលការវាយប្រហាររបស់រុស្ស៊ីកន្លងមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានថាមពល បន្តធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ គ្មាន ភ្លើងអគ្គិសនីប្រើប្រាស់។

តាមធម្មតា ប្រជាជនអ៊ុយក្រែនដែលភាគច្រើនកាន់សាសនាគ្រិស្ត អូស្សូដក់ មិនប្រារព្ធបុណ្យណូអែលនៅថ្ងៃទី ២៥ ខែធ្នូ ទេ ដោយ ប្រារព្ធថ្ងៃទី ៧ មករា ដូចគ្នានឹងរុស្ស៊ីដែរ។ ក៏មានគ្រីស្ទានអ៊ុយក្រែ នមួយចំនួន បានសម្រេចចិត្តប្រារព្ធពិធីបុណ្យនេះកាលពីថ្ងៃអាទិត្យ ជាមួយគ្នានឹងការជូនពរផ្សេងៗពីមន្រ្តីកំពូលៗអ៊ុយក្រែនរួមទាំងលោក ហ្សេលេនស្គី៕ ដោយ៖ ហួន ឌីណា

ads banner