មនុស្ស១៧នាក់ស្លាប់ និងរាប់សិបនាក់រងរបួសដោយសារព្រិលធ្លាក់ខ្លាំងនៅជប៉ុន

ជប៉ុន៖ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បាននិយាយថា ព្រិលធ្លាក់ ខ្លាំងនៅប្រទេសជប៉ុនបានសម្លាប់មនុស្ស១៧នាក់ និងបង្ករឱ្យមនុស្សជាង៩០នាក់ផ្សេងទៀតរងរបួស ព្រមទាំង ធ្វើឱ្យផ្ទះរាប់រយខ្នងគ្មានអគ្គិសនីប្រើប្រាស់។

ព្យុះព្រិលនៅថ្ងៃបុណ្យណូអែលចុងសប្ដាហ៍កន្លងទៅនេះ បាន ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់១៧នាក់ និងរបួសដល់៩៣ នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ។ នេះបើតាមសារព័ត៌មានដែលស្រង់ របាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្ត រាយជប៉ុន។
សាកសពជាច្រើនត្រូវគេរកឃើញពីគំនរព្រិលលើដំបូលផ្ទះ ឬត្រូវបានកប់នៅក្រោមគំនរព្រិលក្រាស់ដែលរអិលពីលើដំបូល។អាជ្ញាធរនៅតំបន់ដែលរងគ្រោះដោយព្រិល ជំរុញឱ្យអ្នកស្រុក ប្រុងប្រយ័ត្នក្នុងអំឡុងពេលដែលពួកគេជីកកកាយព្រិលចេញពីផ្ទះសម្បែងនិងស្នើកុំធ្វើការតែម្នាក់ឯង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបាននិយាយថា ស្ត្រីម្នាក់ ក្នុងវ័យ៧០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់កប់នៅក្រោមគំនរ ព្រិលដ៏ក្រាស់នៅលើដំបូល នៅក្នុងទីក្រុងណាហ្គៃ( Nagai )នៃ ខេត្ត អ៊ីយ៉ាម៉ាហ្គាតា(Yamagata )ចម្ងាយប្រហែល៣០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងតូក្យូ។

ទីក្រុងនេះជាកន្លែងដែលមានព្រិលធ្លាក់កម្ពស់ជិតមួយម៉ែត្រ(៨០សង់ទីម៉ែត្រ)កាលពីថ្ងៃសៅរ៍។
យោងតាមក្រសួងសេដ្ឋកិច្ច និងឧស្សាហ៍កម្មជប៉ុនបានឱ្យដឹងថា ព្រិលធ្លាក់ខ្លាំងធ្វើឱ្យប៉មបញ្ជូនថាមពលអគ្គិសនីនៅភាគខាងជើងប្រទេសជប៉ុនរងការខូចខាតនិងដួលរលំ។

ហេតុការណ៍ខូចខាតបង្គោលភ្លើងនេះ ធ្វើឱ្យផ្ទះប្រហែល ២០ ០០០ ខ្នងគ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃបុណ្យណូអែល ទោះបីជាអគ្គិសនីត្រូវបានភ្ជាប់ឡើងវិញនៅក្នុងតំបន់ភាគច្រើននៅថ្ងៃនោះក៏ដោយ ។

ក្រសួងដឹកជញ្ជូនបានឱ្យដឹងថា រថភ្លើង និងជើងហោះហើររាប់សិប ត្រូវបានផ្អាកដំណើរការរហូតដល់ថ្ងៃអាទិត្យ ប៉ុន្តែសេវាកម្មទាំងនេះ ភាគច្រើនបានដំណើរការឡើងវិញហើយ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner