គ.ជ.បកំណត់កាលបរិច្ឆេទថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាក្រុង-ស្រុកដែលទើបបង្កើតថ្មី
ភ្នំពេញ៖គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន កំណត់កាលបរិច្ឆេទថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងប្រាំដែលរដ្ឋាភិបាលទើបចេញអនុក្រឹត្យបង្កើតថ្មី។មន្ត្រីជាន់ខ្ពស់គ.ជ.បឱ្យដឹងថា គ.ជ.បនឹងរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សាក្រុងស្រុកដែលរាជរដ្ឋាភិបាលទើបបង្កើតថ្មី នៅក្នុងអំឡុងខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងរបស់គ.ជ.ប ថ្លែងថា ជាធម្មតា នៅពេលដែល មានការបង្កើតក្រុងស្រុកថ្មី គ.ជ.ប មាន តួនាទីក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដើម្បី អនុលោមទៅតាមច្បាប់របស់ប្រទេសកម្ពុជា ។
ឯកឧត្តមបន្តថា ក្នុងដំណាក់កាលចាប់ពីពេលនេះតទៅ គ.ជ.ប កំពុងរៀបចំផែនការមេ រួមទាំងប្រតិទិនក្នុងការបោះឆ្នោតសមាជិក ក្រុមប្រឹក្សាសម្រាប់ក្រុងស្រុកដែលទើបបង្កើតថ្មី ។ ដោយឡែក សម្រាប់សមាជិកក្រុមប្រឹក្សាត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មានប្រធាន ក្រុមប្រឹក្សា និងសមាជិករបស់ក្រុមប្រឹក្សា ទៅតាមការកំណត់របស់អនុក្រឹត្យនេះ ។
ឯកឧត្តម សោម សូរីដា ថ្លែងថា៖« សម្រាប់អាណត្តិរបស់ ក្រុមប្រឹក្សា នេះនឹងបន្តអាណត្តិសម្រាប់ឆ្នាំ ២០១៩ដល់ឆ្នាំ ២០២៤ ហើយនៅពេលដល់ឆ្នាំនេះ នឹងមានការបោះឆ្នោតម្តងទៀត ។ដូច្នេះ អាណត្តិរបស់ក្រុមប្រឹក្សាក្រុងស្រុកថ្មីនេះ ក៏នឹងត្រូវបាន បញ្ចប់ដូចក្រុមប្រឹក្សាចាស់ផងដែរ» ។
ឯកឧត្តមបញ្ជាក់ថា ក្នុងដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុងស្រុកថ្មីនេះ គណបក្សនយោបាយដែលបានចុះបញ្ជី នៅក្នុង ក្រសួងមហាផ្ទៃ អាចដាក់បេក្ខជនរបស់ខ្លួនឈរឈ្មោះ ចូលរួម ប្រកួតប្រជែង ដើម្បីទទួលបានមុខតំណែងក្នុងក្រុមប្រឹក្សា ក្រុង ស្រុក ផងដែរ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ីនប៉ិច ថ្លែងថា គណបក្សក៏បានទទួលរួចហើយដែរ ចំពោះការបង្កើតក្រុងស្រុក ថ្មី របស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ គណបក្សក៏បាននឹងកំពុង ត្រៀម បេក្ខជន សម្រាប់ចូលរួមប្រកួតប្រជែង សម្រាប់ការ បោះ ឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកថ្មីនេះ ។
លោកបន្តថា ទោះជា គណបក្សហ្វ៊ុនស៊ិនប៉ិច នៅក្នុងក្រុងស្រុក ថ្មី នោះ មិនមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងក្រុងស្រុក ដែលបង្កើតថ្មីក៏ដោយ ក៏គណបក្ស ដាក់បេក្ខជន ចូលរួមប្រកួត ប្រជែងផងដែរ ពីព្រោះនេះ គឺមានសារៈសំខាន់សម្រាប់គណបក្ស ក្នុងទិសដៅដាក់បេក្ខជនសម្រាប់អាណត្តិនៅពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ បានចេញអនុក្រឹត្យដាច់ដោយឡែកពីគ្នា សម្រេច បង្កើតក្រុងចំនួនពីរនៅខេត្តកណ្តាល គឺ ក្រុងអរិយក្សត្រ និងក្រុង សំពៅ ពូន ហើយបង្កើតស្រុកមួយទៀតនៅខេត្តក្រចេះគឺ ស្រុកអូរគ្រៀង សែនជ័យហើយក៏បានបំបែកស្រុកឧដុង្គជា ពីរនៅខេត្តកំពង់ស្ពឺ៕ ដោយ៖ យុទ្ធ វីរៈ