អ្នកជំនាញ៖ សព្វថ្ងៃទីផ្សារដីធ្លីនៅទ្រឹង ប៉ុន្តែជាឱកាសសម្រាប់ អ្នកមានលុយទិញដីទុករយៈពេលវែង
ភ្នំពេញ៖អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានឱ្យដឹងថាចរន្តនិង សញ្ញាទិញលក់ដីធ្លីនៅតែមានជារឿយៗ គ្រាន់តែថាសន្ទុះនៃការ ទិញលក់អចលនទ្រព្យប្រភេទនេះមិនមានភាពពុះកញ្ជ្រោលខ្លាំងដូចមុនប៉ុណ្ណោះ។ អ្នករកស៊ីផ្នែកដីធ្លីកត់សម្គាល់ថា សព្វថ្ងៃនេះទីផ្សារ ទិញលក់ដីធ្លីនៅទ្រឹង ប៉ុន្តែជាឱកាសសម្រាប់អ្នកមានលុយ ទិញដី ទុករយៈពេលវែង។
លោក ជា សុផល អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Asia Real Estate Cambodia Co.,Ltd បានឱ្យដឹងថា ស្ថានភាពទី ផ្សារ វិនិយោគលើវិស័យនៅកម្ពុជាបច្ចុប្បន្ន ថ្វីត្បិតតែមានវិបត្តិ ក៏ អចលនទ្រព្យមួយចំនួននៅតែមានសកម្មភាពទិញលក់ ជាក់ស្តែង ទាក់ទងនឹងដីធ្លីនៅតែមានតម្រូវការទិញ តែអាស្រ័យលើដីថ្លីដែល មាន ទីតាំងល្អ លក្ខណៈបង់ប្រាក់ងាយស្រួលអាចចរចារបាន និង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ជាដើម។
លោកបានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមើលឃើញថា ដីធ្លីនៅគ្រប់តំបន់ តែម្តងឱ្យល្អ នៅតែមានសកម្មភាពទិញលក់បើទោះជាដីនោះមាន តម្លៃខ្ពស់ដល់រាប់សិបលានដុល្លារក៏ដោយ ឧទាហរណ៍ នៅតំបន់ អភិវឌ្ឍន៍ដូចជា តំបន់បឹងតាមោក ឬទំនប់កប់ស្រូវ គឺអ្នកវិយោគ ដែលមានលទ្ធភាពនៅតែទិញ ហើយទិញទុករយៈពេលវែង ដែល ធ្វើឱ្យគាត់អាចចំណេញគុណពីរឬគុណនឹងបីនាពេលខាងមុខ»។
ទាក់ទិននឹងការលើកឡើងនេះដែរ លោក ឌិត ចណ្ណា អគ្គនាយក ក្រុមហ៊ុន Lucky Real Estate និងជាសមាជិកក្រុមប្រឹក្សា ភិបាល សមាគមភ្នាក់ងារអចលនទ្រព្យកម្ពុជាបានលើកឡើងដែរថា ថ្វីត្បិត ទីផ្សារអចលនទ្រព្យមួយចំនួននៅទ្រឹងបន្តិចប៉ុន្តែបច្ចុប្បន្នតម្រូវការអចលនទ្រព្យធំៗចំនួនបីនៅតែមានសកម្មភាព ដូចជា សកម្មភាព ជួល សកម្មភាពទិញ និងសកម្មភាពពង្រីកអាជីកម្ម ធំៗ។
លោកបានបញ្ជាក់ទៀតថា ការទិញលក់ដីធ្លីវិញ នៅមានភាពជាក់ លាក់ និងច្បាស់លាស់បន្តិច ព្រោះអ្នកទិញមានចរិត និងរបៀប នៃការទិញខុសប្លែកពីមុនបន្តិច ពោលលុះត្រាតែអ្នកទិញមាន តម្រូវការជាក់លាក់ទើបគាត់ទិញ។ ជាងនេះទៀត សម្រាប់ឱកាស នេះដែរ គឺជាឱកាសមាសសម្រាប់អ្នកវិយោគឆ្លាតវៃ ដោយសារ ទីផ្សារ អចលនទ្រព្យបច្ចុប្បន្នមិនសូវកក្រើកខ្លាំង ដែលជាឱកាស ឱ្យអ្នកវិនិយោគអាចទិញដីធ្លីបានក្នុងតម្លៃសមរម្យ និងបានទីតាំង ល្អថែមទៀត។
ពាក់ព័ន្ធនឹងចរន្តទិញលក់ដីធ្លីនៅកម្ពុជានាពេលបច្ចុប្បន្ននេះដែរ ត្រូវបាន លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ចនិងវិនិយោគ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោកបានលើកឡើងដែរថា ពេលនេះជាឱកាសល្អ ក្នុងការវិនិយោគដីធ្លីសំរាប់បង្កើត ជា ចំណូល និងបម្រើដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច ក្នុងរយៈ ពេល ១០ឆ្នាំខាងមុខ។លោកបានសរសេរដូច្នេះថា៖«តាមការប្រមើមើលរបស់អ្នកជំនាញឃើញថា លើសពី១០ឆ្នាំទៅមុខទៀត ការវិនិយោគលើដីធ្លី ដោយ គ្រាន់ តែទិញទុកលក់យកចំណេញ នឹងមិនសូវមានផលចំណេញ ខ្ពស់ទៀតទេ”។ ដោយហេតុថា ដូចប្រទេសអ្នកមានដទៃទៀតដែរ ទីផ្សារកាន់តែមានភាពចាស់ទុំ តម្លៃដីធ្លីនឹងកាន់តែថ្លៃខ្លាំង និង សេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើន ដែលមានទំនោរទៅរកការ ប្រើប្រាស់ដីធ្លី ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចពិតប្រាកដ»។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះ អះអាងទៀតថា ពេលនេះជាឱកាស វិនិយោគទាន់ស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ តម្លៃដីធ្លីនៅមាន ថ្លៃទាប និងអាចប្រែក្លាយដីធ្លីទាំងនោះ ដើម្បីបង្កើតជាចំណូល អកម្ម តាមរយៈការជួល ឬអភិវឌ្ឍជាគម្រោងនានានាពេល អនាគត ផងដែរ។
សូមរម្លឹកដែរថា វិស័យអចលនទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ យ៉ាងខ្លាំងនៅឆ្នាំ ២០២០ ពីវិបត្តិកូវីដ១៩។ នៅឆ្នាំ ២០២១ ផ្ទុយ ទៅនឹងការរំពឹងទុកទីផ្សារបានរងប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដោយសារ ការបិទខ្ទប់ និងមេរោគបំប្លែងថ្មី។យ៉ាងណាក្ដី ការបើកបើកប្រទេស ឡើងនាពេលកន្លងមក បានធ្វើឱ្យអ្នកវិភាគអចលនទ្រព្យ ជាច្រើន រូប នៅតែមានក្ដីសង្ឃឹមថា វិស័យអចលទ្រព្យកម្ពុជា នឹងត្រឡប់ ទៅស្ថានភាពល្អប្រសើរឡើងវិញ នាឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ៖ បូរ ពេជ្រហ្សាលីន