រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ដ្រីដែលទទួលបន្ទុកលើគម្រោងទាំងអស់ឱ្យពិនិត្យមើលឡើងវិញអំពីគុណតម្លៃនៃគម្រោងនីមួយៗ
ភ្នំពេញ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធនៃក្រសួង បានចូលរួមស្ដាប់បទបង្ហាញរបស់ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ អំពីគម្រោងទាំងអស់ដែលក្រសួងកំពុងតែអនុវត្តជាមួយដៃគូអភិវឌ្ឍ។
ជាការពិតជំនួយរបស់ដៃគូអភិវឌ្ឍទាំងអស់បានផ្ដល់លទ្ធភាពដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចអនុវត្តនូវគម្រោងនានាក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់បងប្អូនប្រជាកសិករ និងវិស័យកសិកម្មនៅកម្ពុជា តាមរយៈវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់មន្ដ្រីដែលទទួលបន្ទុកលើគម្រោងទាំងអស់ឱ្យពិនិត្យមើលឡើងវិញអំពីគុណតម្លៃនៃគម្រោងនីមួយៗថា តើគម្រោងទាំងនោះពិតជាផ្ដល់ផលពិតប្រាកដ ជាតម្រូវការចំគោលដៅ និងមាននិរន្ដរភាពដែរឬទេ ព្រោះបើពុំដូច្នោះទេ ការខិតខំចំណាយពេលវេលា ធនធានមនុស្ស និងហិរញ្ញវត្ថុ ទៅលើគម្រោងទាំងនេះនឹងមិនអាចផ្ដល់ផលប្រយោជន៍ពិតប្រាកដនិងយូរអង្វែងដល់ប្រជាកសិករ និងវិស័យកសិកម្មឡើយ ៕ សេឌី