មន្រ្តីពន្លត់អគ្គិភ័យ អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ក្នុងរដូវប្រាំង
ភ្នំពេញ៖ មន្រ្តីនៃនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នពីអគ្គិភ័យក្នុងរដូវប្រាំង។ ជាពិសេស លើការប្រើប្រាស់ឧបករណ៍សារធាតុ ដែលងាយឆេះឱ្យ បានកាន់តែខ្លាំងថែមទៀត។
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានថ្លែងដូចនេះក្នុងឱកាសនៃការធ្វើលំហាត់ សមយុទ្ធ ពន្លត់អគ្គិភ័យ និងសង្គ្រោះ កាលពីថ្ងៃទី២៦ ខែធ្នូ ដោយបាន សហការ ជាមួយធនាគារស្ថាបនា (SATHAPHANA TOWER) ដែលលំហាត់សមយុទ្ធក្នុងឱកាសនោះ មានការប្រកាសអាសន្ន ជម្លៀសខ្លួន, ការសង្គ្រោះជនដែលរងគ្រោះ និងការពន្លត់អគ្គិភ័យ។
លោកមានប្រសាសន៍ថា ៖ «សុំឱ្យប្រជាពលរដ្ឋត្រូវគិតគូរមែនទែន ទាក់ទងនឹងការតបណ្តាញខ្សែភ្លើង ត្រូវប្តូរបំពង់ពន្លត់អគ្គិភ័យ ដែល ចាស់ពេកចេញ និងត្រូវប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងមិនប្រយ័ត្ន ដែលអាចឆាបឆេះព្រៃឈើជាដើម»។
ទាក់ទងនឹងការធ្វើសមយុទ្ធ លោក នេត វន្ថា បានឱ្យ ដឹងថា ការ ធ្វើសមយុទ្ធនៅពេលនេះ គឺដើម្បីឱ្យបុគ្គលិកនៅក្នុងអគារចេះ អំពីវិធានការបង្ការ និងពន្លត់អគ្គិភ័យបឋមដោយខ្លួនឯង និងចេះ ជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ ព្រមទាំងផ្សាភ្ជាប់ជាមួយ ជំនាញ របស់សមត្ថកិច្ច។
លោកមានប្រសាសន៍ថា ៖ «ខ្ញុំចង់ឱ្យគ្រប់ធនាគារឬអគារធំៗ ដែលមានបុគ្គលិកច្រើន គួរតែមានការធ្វើលំហាត់សមយុទ្ធ ពន្លត់ អគ្គិភ័យនេះ ហើយការងារលើអគ្គិភ័យនេះ មិនមែនជនគ្រប់ រូប ចេះទាំងអស់គ្នានោះទេ គឺទាល់តែមានការសហការគ្នា បង្រៀន ពីជំនាញ និងយល់ដឹងពីហេតុផល ក៏ដូចជាការចូលរួមសមយុទ្ធ នាពេលនេះជាដើម»។
ឆ្លងកាត់សមយុទ្ធនេះ លោកមើលឃើញថា ប្រតិបត្តិការរបស់ បុគ្គលិក និងមន្ដ្រីជំនាញ គឺអនុវត្តបានល្អស្មើដៃគ្នា និងមាន ជំនាញច្បាស់លាស់ ដែលលោករំពឹងថា ក្នុងករណីមាន ហេតុការណ៍ បន្ទាន់កើតឡើង បុគ្គលិករបស់ធនាគារស្ថាបនា អាច មានលទ្ធភាពសង្គ្រោះបឋមដោយខ្លួនឯងបាន ហើយក្នុងករណី តូចតាចក៏អាចគ្រប់គ្រងបាន និងមិនធ្វើឲ្យរីករាលដាលផងដែរ។
លោក នេត វន្ថា បានបញ្ជាក់ថា ៖ «ខ្ញុំសូមសំណូមពរដល់អ្នក គ្រប់គ្រងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវ អនុវត្ត វិធានការបង្ការ ពន្លត់អគ្គិភ័យនេះ ឲ្យមានប្រសិទ្ធភាព សុវត្ថិភាពខ្ពស់ និងត្រូវអនុវត្តតាមច្បាប់បទដ្ឋានគតិយុត្តអគ្គិភ័យ ដែលមានចែង នៅ ក្នុងប្រទេសកម្ពុជា»។
ទាក់ទងនឹងការធ្វើសមយុទ្ធនេះដែរ លោក នេត វន្ថា បានប្រាប់ឱ្យ ដឹងដែ រថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការ ធ្វើសមយុទ្ធនៅអ៊ីអន៣ ក្នុងខណ្ឌមានជ័យ។
ជាមួយគ្នានេះ អនុប្រធាននាយកប្រតិបត្តិ នៃធនាគារស្ថាបនា លោក កេនជី គូរ៉ូគី(Kenji Kuroki) បានលើកឡើងឱ្យដឹងដែរថា ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និង សង្គ្រោះគ្រោះអគ្គិភ័យ ទើបធនាគារលោកបានស្នើសុំ កិច្ចសហការ ពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បី បង្ហាត់ បង្ហាញដល់បុគ្គលិករបស់ធនាគារ អំពីវិធីសាស្ដ្របង្ការ និង សង្គ្រោះផ្សេងៗ នៅពេលមានហេតុការណ៍កើតឡើងជាយ ថា ហេតុ។
លោកបានថ្លែងថា៖ «ដោយសារតែអគារធនាគារស្ថាបនា មាន កម្ពស់រហូតដល់១៩ជាន់ និងជម្រៅទៅក្រោមដីបួនជាន់ ជាមួយ បុគ្គលិកជាង១ ០០០នាក់នោះ យើងមើលឃើញថា ការយល់ដឹង អំពីវិធីសាស្ដ្រទាំងអស់នេះ គឺជារឿងសំខាន់បំផុត»។
លោក Kenji Kuroki បញ្ជាក់ផងដែរថា ធនាគារស្ថាបនា តែង សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើលំហាត់ សមយុទ្ធនេះជារៀងរាល់ឆ្នាំ។
យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលបង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យ ដឹងថា ក្នុងឆ្នាំ២០២២នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង នៅទូទាំងប្រទេស ចំនួន៦១៨លើក លើ៦៧០លើក ថយ ចុះ៥២លើក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
របាយការណ៍ដដែលថា គ្រោះថ្នាក់អគ្គិភ័យនេះបានបណ្ដាលឱ្យ មនុស្សស្លាប់ ១៧នាក់ លើ២៤នាក់, របួស ៥៩នាក់ លើ៣៥នាក់, ឆេះផ្ទះចំនួន៦៩៧ខ្នង, តូបចំនួន១០៩។ មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពី អគ្គិសនី ៤១.៥៥ភាគរយ, ប្រើប្រាស់ភ្លើង ៣៨.២៤ភាគរយ និងក្ដាប់មិនបាន ២០.២១ភាគរយ៕
ដោយ៖នាង សុគន្ធា