ខ្យល់ព្យុះកំបុតត្បូងបានសម្លាប់មនុស្ស ១២ នាក់នៅតំបន់ បាហ្វាឡូ សហរដ្ឋអាមេរិក
អាមេរិក៖ នៅថ្ងៃបុណ្យណូអែល ខ្យល់ព្យុះព្រិលទឹកកកដ៏កាច សាហាវ មួយបានកម្ទេចតំបន់បាហ្វាឡូ (Buffalo) នៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយកម្លាំងខ្យល់អម ជាមួយ ព្រិលទឹកកក បានបោកបក់សង្កត់ជាប់អ្នកបើកបរ និងអ្នកជួយ សង្គ្រោះនៅក្នុងយានជំនិះរបស់ពួកគេ ហើយ ផ្ទះរាប់ពាន់ខ្នង រងការដាច់ចរន្តអគ្គិសនី។ចំនួនអ្នកស្លាប់ ដោយ សារខ្យល់ ព្យុះព្រិលទឹកកកនេះបានកើនឡើងជាបន្តបន្ទាប់។
គិតមកទល់ពេលនេះ យ៉ាងហោចណាស់មនុស្ស ៣០ នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។ នេះបើយោងតាមរបាយ ការណ៍ របស់សារព័ត៌មាន NBC News។
គួរដឹងដែរថា ទីក្រុងញូវយ៉កបានទទួលរងនូវអាកាសធាតុ ចុះត្រជាក់ខ្លាំង និងកកស្ទើគ្រប់ទីកន្លែងនៃរដ្ឋមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ព្រិលទឹកកកបានរសាត់តាមកម្លាំង ខ្យល់បក់បោក បង្កើតជាព្យុះកំបុតត្បូងដែលផ្ដើមចេញពីទន្លេ Great Lakes ចាប់តាំងពីថ្ងៃសុក្រមក។
ការបាត់បង់ជីវិតភាគច្រើនបានកើតឡើងនៅជុំវិញតំបន់បាហ្វាឡូ ក្បែរបឹងអ៊ីរី (Erie) ភាគខាងលិចនៃទីក្រុងញូវយ៉ក ដោយសារ ព្រិលទឹកកក និងឥទ្ធិពលបឹងដែលចុះត្រជាក់ខ្លាំង និងដោយ សារ តែឥទ្ធិពលនៃខ្យល់ត្រជាក់បានបោកបក់ឆ្លងកាត់បឹងដែលមានទឹកក្ដៅឧណ្ហ៍ៗ បានអូសបន្លាយរហូតដល់ថ្ងៃឈប់សម្រាក នាចុង សប្តាហ៍។
មន្ត្រីប្រចាំការនៅតំបន់ស្រុកអ៊ីរី លោក Mark Poloncarz បាន លើកឡើងថា ចំនួនអ្នកស្លាប់ដោយសារព្យុះនេះបានកើនឡើង ដល់ ១៣ នាក់កាលពីថ្ងៃអាទិត្យ ដោយកាលពីយប់ ចំនួនអ្នក ស្លាប់មានតែ បីនាក់ប៉ុណ្ណោះ។ លោក Poloncarz បានបន្តថា ជនរងគ្រោះចុងក្រោយបំផុត គឺត្រូវបានរកឃើញនៅក្នុងរថយន្ត និងខ្លះទៀតនៅក្នុងគំនរព្រិលទឹកកក ហើយចំនួនអ្នកស្លាប់ ទំនង ជានឹងកើនឡើងបន្ថែមទៀត។
មន្ត្រីរូបនេះដដែលបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា «នេះមិនមែនជាបុណ្យណូអែលដែលពួកយើង បានរំពឹងទុក ឬចង់បាននោះទេ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀម ក្រំបំផុត ចំពោះគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ទាំងអស់»។
អភិបាលក្រុងញូវយ៉ក អ្នកស្រី Kathy Hochul បានហៅ ឧបទ្ទវ ហេតុនេះថាជា «គ្រោះមហន្តរាយអាកាសធាតុដ៏ អាក្រក់ បំផុត លើកទីមួយក្នុងឆាកជីវិត» ដែលជាប់ចំណាត់ថ្នាក់ជាព្យុះក្នុង រដូវរងាដ៏កាចសាហាវបំផុតដែលធ្លាប់បានកើតឡើងកាលពីមុនក្នុងឆ្នាំ១៩៧៧ ដែលកាលនោះបានសម្លាប់មនុស្សជិត ៣០ នាក់។ អ្នកស្រី Hochul បានប្រាប់សន្និសីទសារព័ត៌មានថា «ឥឡូវនេះ យើងបានឆ្លងផុតឥទ្ធិពលនៃព្យុះនោះហើយ ទាំងកម្រិតខ្លាំង និងភាពសាហាវរបស់វាហើយព្យុះនេះទំនងជានឹងត្រូវបានចាត់ចូលក្នុងប្រវត្តិសាស្ត្រថាជា “ព្យុះកំបុតត្បូងប្រចាំឆ្នាំ២០២២”»។
គួរបញ្ជាក់ថា ព្យុះកំបុតត្បូងនេះបានកើតឡើងជិតប្រាំមួយសប្តាហ៍ បន្ទាប់ពីព្យុះមួយដែលមានរយៈពេលខ្លីជាងនេះ បានវាយប្រហារ ភាគខាងលិចនៃទីក្រុងញូវយ៉ក។
លោក Poloncarz បានឱ្យដឹងថា បើទោះបីជាមានការហាម ប្រាមមិនឱ្យធ្វើដំណើរតាមដងផ្លូវចាប់តាំងពីថ្ងៃសុក្រក៏ដោយ ក៏ នៅតែមានអ្នកបើករថយន្តនៅក្នុងតំបន់ស្រុកអ៊ីរីមួយនេះ រាប់រយ នាក់បានជាប់គាំងនៅក្នុងយានជំនិះរបស់ពួកគេ ហើយកងកម្លាំង ឆ្មាំ ជាតិបានចុះជួយសង្គ្រោះ ប៉ុន្តែត្រូវបានរារាំងដោយ អាកាសធាតុ ចុះអ័ព្ទខ្លាំង និងព្រិលដែលរសាត់តាមកម្លាំងខ្យល់បក់យ៉ាង ខ្លាំង ផងដែរ។
លោកបានប្រាប់អ្នកយកព័ត៌មានថា «រថ្តយន្តរុញព្រិលទឹកកក ចេញពីផ្លូវជាច្រើនគ្រឿង និងឧបករណ៍ផ្សេងៗទៀតយ៉ាងច្រើន ត្រូវបានបញ្ជូនទៅកាន់តំបន់នោះកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ប៉ុន្តែក៏ត្រូវបានជាប់គាំងនៅក្នុងព្រិលដូចគ្នា។ ចឹងហើយ យើង ត្រូវបញ្ជូនក្រុមប្រតិបត្តិបេសកកម្មជួយសង្គ្រោះដើម្បីទៅជួយសង្គ្រោះអ្នកជួយសង្គ្រោះទាំងអស់នោះមកវិញ»។
នាយកដ្ឋានប៉ូលីសតំបន់បាហ្វាឡូ បានបង្ហោះសារ នៅលើ អ៊ីនធឺណិតជាសាធារណៈ ស្នើសុំជំនួយពីពលរដ្ឋដែលមាន ម៉ូតូជិះលើទឹកកក ហើយមានបំណងចង់ចូលរួមជួយស្វែងរក ជនរងគ្រោះ អាចធ្វើការហៅទូរស័ព្ទទៅកាន់លេខរបស់ នាយកដ្ឋានក្នុងតំបន់នោះបាន។
អ្នកស្រី Christina Klaffka អាយុ ៣៩ ឆ្នាំ ជាពលរដ្ឋ ម្នាក់ រស់នៅភាគខាងជើងនៃតំបន់បាហ្វាឡូ បានមើលឃើញខ្យល់ព្យុះ កំពុងបក់រសាត់ផ្ទះអ្នកជិតខាងរបស់អ្នកស្រី ហើយបានស្តាប់ឮ តាមបង្អួចរបស់អ្នកស្រី នូវសំឡេងខ្យល់ព្យុះដ៏គួរឱ្យខ្លាច។ ចរន្ត អគ្គិសនីនៅផ្ទះរបស់អ្នកស្រីក៏ត្រូវបានដាច់ដូចទៅនឹងផ្ទះអ្នកដទៃទៀតនៅក្នុងស្រុកបាហ្វាឡូទាំងមូលដូចគ្នា រហូតមកដល់ ព្រឹក ថ្ងៃអាទិត្យ ក៏នៅមិនទាន់មានថាមពលអគ្គិសនីប្រើប្រាស់ នៅ ឡើយ ។
លោក John Burns អាយុ ៥៨ ឆ្នាំដែលជានិវត្តជនម្នាក់រស់នៅ ភាគខាងជើងនៃតំបន់បាហ្វាឡូ បានលើកឡើងថា លោកនិងក្រុម គ្រួសាររបស់លោកត្រូវបានជាប់នៅក្នុងផ្ទះរបស់ពួកគេអស់រយៈពេល ៣៦ ម៉ោងដោយសារព្យុះនិងអាកាសធាតុត្រជាក់ខ្លាំង ហើយ លោកក៏បានហៅព្រឹត្តិការណ៍នេះថា វាជារឿងដ៏អាក្រក់បំផុត។ លោកបានមានប្រសាសន៍ថា «គ្មាននរណាម្នាក់ហ៊ានដើរ ចេញទៅ ក្រៅនោះទេ ហើយក៏គ្មាននរណាម្នាក់ដើរបណ្ដើរឆ្កែរបស់ពួកគេដែរ គឺគ្មានអ្វីទាំងអស់អំឡុងពេលពីរថ្ងៃនេះ»។
អ្នកស្រី Hochul បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ថារដ្ឋបាលលោក ចូ បៃដិន បានយល់ព្រមគាំទ្រទៅលើ សំណើ របស់ អ្នកស្រីក្នុងការប្រកាសពីគ្រោះមហន្តរាយសហព័ន្ធ។
លោកស្រីបានបន្ថែមថា កងកម្លាំងឆ្មាំជាតិប្រមាណជា ២០០ នាក់ត្រូវបានចល័តទៅកាន់ភាគខាងលិចទីក្រុងញូវយ៉ក ដើម្បី ជួយក្រុមប៉ូលិស និងក្រុមពន្លត់អគ្គីភ័យ ធ្វើការត្រួតពិនិត្យសុខភាព និងនាំយកគ្រឿងផ្គត់ផ្គង់ទៅកាន់ទីជម្រករបស់ពួកគេ។
គួរដឹងថា កាលពីថ្ងៃអាទិត្យ ព្យុះដ៏ធំមហិមានេះបានផ្លាស់ទី ទៅ ទិសខាងកើត បន្ទាប់ពីបានបោកបក់ផ្តាច់ចរន្តអគ្គិសនី ធ្វើឱ្យ ពលរដ្ឋចំនួន ១,៥ លាននាក់គ្មានថាមពលប្រើប្រាស់ និងបណ្ដាល ឱ្យមានការលុបចោលជើងហោះហើររាប់ពាន់ជើងហោះហើរក្នុងអំឡុងពេលកាលវិភាគដ៏មមាញឹកនៃថ្ងៃឈប់សម្រាកបុណ្យណូអែល។
យោងតាមគេហទំព័រ PowerOutage.us បានឱ្យដឹងថា ផ្ទះ និងអាជីវកម្មជាង ១៥ ម៉ឺនកន្លែងនៅសហរដ្ឋអាមេរិកគ្មាន ថាមពលអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យ ដែលតួលេខនេះ បានធ្លាក់ចុះពីចំនួន ១,៨ លានគិតត្រឹមព្រឹកថ្ងៃសៅរ៍។ លោក Poloncarz បានលើកឡើងថា នៅក្នុងស្រុកបាហ្វាឡូ ពលរដ្ឋ ចំនួន ១៥.០០០ នាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់នៅឡើយទេ កាលពីល្ងាចថ្ងៃអាទិត្យ។ លោកបានថ្លែងថា ស្ថានីយអគ្គិសនីមួយ កន្លែងត្រូវបានហុំព័ទ្ធទៅដោយផ្ទាំងទឹកកកកម្រាស់៥,៥ម៉ែត្រ ហើយក្រុមបុគ្គលិកនៅទីនោះបានរកឃើញថា ឧបករណ៍នៅ ខាងក្នុងទាំងអស់ត្រូវបានកកទាំងស្រុង។
គួរកត់សម្គាល់ថា សីតុណ្ហភាពក្នុងថ្ងៃបុណ្យណូអែល បានកើន ឡើងវិញបន្តិច បន្ទាប់ពីធ្លាក់ជិតដល់សូន្យអង្សានៅថ្ងៃសៅរ៍។ យ៉ាងណាក៏ដោយ វានៅតែទាបជាងសីតុណ្ហភាពជាមធ្យមនៅ ទូទាំងភាគកណ្តាល និងភាគខាងកើតនៃសហរដ្ឋអាមេរិកនៅ ឡើយ។ ដោយឡែក ចាប់ពីតំបន់ខាងក្រោមរហូតដល់ ភាគ ខាងត្បូង និងរហូតដល់ឆ្នេរនៃឈូងសមុទ្រវិញ សីតុណ្ហភាព មានការចុះត្រជាក់ខ្លាំង នេះបើយោងតាមអ្នកឧតុនិយម សេវា អាកាសធាតុជាតិ (NWS) លោក Rich Otto។
យោងតាមទិន្នន័យចុងក្រោយបង្អស់របស់ឧតុនិយមសេវាអាកាសធាតុជាតិ បានបញ្ជាក់ថា ព្រិលដែលមានកម្រាស់ជិត ១,២ ម៉ែត្រ បានគ្របដណ្ដប់អាកាសយានដ្ឋានបាហ្វាឡូកាលពីថ្ងៃអាទិត្យ ជាមួយនឹងអាកាសធាតុចុះអ័ព្ទខ្លាំង និងព្រិលនៅតែបន្តធ្លាក់ នៅភាគខាងត្បូងនៃតំបន់បាហ្វាឡូ ដែលមានកម្រាស់ រហូត ដល់ទៅប្រមាណជាពី ៦ តឹកទៅ ៩ តឹកក្នុងមួយម៉ោង។
ដោយឡែក នៅក្នុងរដ្ឋ Kentucky វិញ ក្រុមមន្ត្រីជំនាញបាន បញ្ជាក់ពីការស្លាប់ដោយសារព្យុះចំនួន ៣ នាក់កាលពីថ្ងៃសុក្រ ខណៈដែលមនុស្សយ៉ាងតិចបួននាក់បានស្លាប់ និងជាច្រើន នាក់ទៀតរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តចំនួន ៥០ គ្រឿងបាន បុកបន្តកន្ទុយគ្នានៅក្នុងរដ្ឋ Ohio អំឡុងពេលដែលមានព្យុះ ភ្លៀង កាលពីថ្ងៃសុក្រដូចគ្នា។ ការស្លាប់ដោយសារភាពត្រជាក់ខ្លាំង ឬ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារអាកាសធាតុផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថាបានកើតមានឡើងផងដែរ នៅក្នុង រដ្ឋផ្សេងទៀតរួមមាន Missouri, Tennessee, Kansas និង Colorado នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ផ្សេងៗ៕ ដោយ៖ ធា សុខណា