មន្រ្តីជាន់ខ្ពស់អាជ្ញាធមីន៖ អូស្ត្រាលី បានចូលរួមដល់ការងារ បោសសម្អាតមីនមនុស្សធម៌ នៅកម្ពុជាយ៉ាងសកម្ម ចាប់ពី ឆ្នាំ១៩៩៤

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ១៩៩៤ អូស្រ្តាលី បានចូលរួមដល់ ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាយ៉ាងសកម្ម និងបានផ្តល់ជំនួយជាង ១០០ លានដុល្លារអាមេរិក ដោយ រំដោះបាននូវផ្ទៃដីជាច្រើនរយគីឡូម៉ែត្រក្រឡា សម្រាប់ផ្តល់ សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់នៅជូនដល់ ប្រជាជនកម្ពុជានៅតាមមូលដ្ឋានប្រមាណជាង មួយលាន នាក់។

នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជា កាលពីថ្ងៃទី៣ ខែមករា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាប្លូ កាង(Pablo Kang) ឯកអគ្គរាជទូតអូស្រា្តលីប្រចាំកម្ពុជា មុននឹងចប់ អាណត្តិនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម លី ធុជ បានវាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជន ទាំងពីរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមក្នុង ការ ស្វែង រកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពី ឆ្នាំ១៩៩២ ក៏ដូចជាចូលរួមដល់ការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤។

ឯកឧត្តមបានមានប្រសាសន៍ថា ៖ «ចាប់តាំងពីឆ្នាំ១៩៩៤ អូស្រ្តាលី បានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ នៅកម្ពុជាយ៉ាងសកម្ម និងបានផ្តល់ជំនួយជាង ១០០ លាន ដុល្លារអាមេរិក ដោយរំដោះបាននូវផ្ទៃដីប្រមាណជា ២៥០ គីឡូម៉ែត្រ ក្រឡា សម្រាប់ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ ជីវភាពរបស់នៅជូនដល់ប្រជាជនកម្ពុជានៅតាមមូលដ្ឋានប្រមាណជាង ១លាននាក់»។

លោកក៏បានចាត់ទុកប្រទេសអូស្រ្តាលីគឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការងារបោសសម្អាតមីន ព្រមទាំងបានស្នើសុំឲ្យរដ្ឋា ភិបាល អូស្រា្តលី បន្តបន្ថែមថវិកាជួយដល់កម្ពុជា ដើម្បីបញ្ចប់ ការងារបោសសម្អាតមីននៅឆ្នាំ២០២៥ និងជួយដោះស្រាយ ហានិភ័យពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ផងដែរ។

នាឱកាសនោះដែរ លោក Pablo Kang ក៏បានថ្លែងអំណរ គុណ ចំពោះអាជ្ញាធរមីន ដែលបានផ្តល់កិច្ចសហការយ៉ាងជិត ស្និទ្ធក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងអាចសម្រេច នូវគោលដៅរបស់ខ្លួន ក្នុងការបញ្ចប់ការងារបោសសម្អាត មីននៅឆ្នាំ២០២៥។

លោករាជទូតក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរបស់អាជ្ញាធរមីន ក្នុងការងារសម្របសម្រួលវិស័យសកម្មភាពមីន នៅកម្ពុជា ដោយបានទទួលលទ្ធផលជាច្រើនរយៈពេល ៣០ឆ្នាំនេះ។

ឆ្លៀតឱកាសនោះដែរឯកឧត្តម លី ធុជ ក៏បានលើកឡើងពីរបត់ ការងារបោសសម្អាតមីនក្នុងឆ្នាំ២០២២នេះ ដែលមានវិស័យ ឯកជន និងសប្បុរសជននានាជាច្រើនបានចូលរួម វិភាគទាន ជាមួយចលនាជាតិរបស់នាយករដ្ឋមន្រ្តី ដើម្បីដោះស្រាយ បញ្ហាមីននៅកម្ពុជា តាមរយៈគម្រោងសម្តេចតេជោសម្រាប់ សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ដែលអាជ្ញាធរមីនបានយកវិភាគទានទាំងនេះ ទៅធ្វើការផ្ទៃដីមានមីនបានជាង ៩១គីឡូម៉ែត្រក្រឡា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ៖ «បន្ទាប់ពីបញ្ចប់ការងារ បោសសម្អាតមីនក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនទាំងស្រុង កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីនប្រមាណជា ៥៨៧ គីឡូម៉ែត្រក្រឡាទៀត ដែលមានកម្ពុជាមានមហិច្ឆតាត្រូវ បញ្ចប់ឱ្យអស់ត្រឹមឆ្នាំ២០២៥»។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២នេះ ជនរងគ្រោះដោយ សារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.) មានចំនួន ៤១នាក់ ដែលតួលេខនេះមានការ ថយចុះ ៧ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២១ ដែលមានជនរងគ្រោះចំនួន ៤៤នាក់។

របាយការណ៍ដដែលបានបញ្ជាក់ដែរថា ចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែធ្នូ ឆ្នាំ២០២២ មានជនរងគ្រោះដោយ សារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៦៥ ០០៥នាក់ ដែលបាន កត់ត្រាដោយការិយាល័យនៃប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (CMVIS)៕
ដោយ៖នាង សុគន្ធា

ads banner