ជនចំណាកស្រុកប្រមាណ ១,០៨៨នាក់ ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរសមុទ្រលីប៊ី កាលពីសប្តាហ៍មុន
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ជនចំណាកស្រុកប្រមាណ ១,០៨៨នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅប្រទេសលីប៊ីវិញកាលពីសប្តាហ៍មុន។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពីថ្ងៃទី២៥ ដល់៣១ ខែធ្នូ ឆ្នាំ២០២២ ជនចំណាកស្រុកប្រមាណ ១,០៨៨នាក់ត្រូវបានស្ទាក់ចាប់ ហើយបញ្ជូនត្រឡប់ទៅប្រទេសលីប៊ីវិញ។
ជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះទាំងនោះ រួមមានស្ត្រី ១,២៤១នាក់ និងកុមារ ៧៧៦នាក់។ ក្នុងឆ្នាំ២០២២ ជនចំណាកស្រុកសរុបចំនួន ២៤,៦៨៤នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅប្រទេសលីប៊ីវិញ។ បើតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ជនចំណាកស្រុកចំនួន ៥២៥នាក់បានស្លាប់ និង ៨៤៨នាក់ផ្សេងទៀតបានបាត់ខ្លួននៅឆ្នេរសមុទ្រលីប៊ី។
ដោយសារតែអសន្តិសុខ និងភាពចលាចលនៅក្នុងប្រទេស ចាប់តាំងពីការដួលរលំនៃរបបមេដឹកនាំចុងក្រោយលោក មូអាម៉ា ហ្គាដាហ្វី ក្នុងឆ្នាំ ២០១១ ជនចំណាកស្រុកជាច្រើនដែលភាគច្រើនជាជនជាតិអាហ្វ្រិក បានជ្រើសរើសឆ្លងកាត់ច្រកសមុទ្រមេឌីទែរ៉ាណេទៅកាន់ច្រាំងអឺរ៉ុបពីប្រទេសលីប៊ី។
ជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះ ជាធម្មតា បញ្ជូនទៅកាន់មជ្ឈមណ្ឌលទទួលភ្ញៀវដែលមានមនុស្សច្រើនកកកុញនៅទូទាំងប្រទេសលីប៊ី ទោះបីជាមានការអំពាវនាវពីអន្តរជាតិម្តងហើយម្តងទៀត ឱ្យបិទមជ្ឈមណ្ឌលទាំងនោះ និងដោះលែងជនចំណាកស្រុកក៏ដោយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា