ខ្នងផ្ទះទី ២៣៧ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីស្រុក ស្ទោង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន
កំពង់ធំ ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរដែនដី អញ្ជើញប្រគល់ខ្នងផ្ទះទី២៣៧ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ។
លោកស្រី ឈិន ទី អាយុ ៥៥ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ៤នាក់ ជាភរិយាសពលោកពលបាលឯក អាំង វៀន អតីតយុទ្ធជនពលី ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៥ នៅអង្គភាពវរសេនាតូចលេខ៦ យោធាខេត្តកំពង់ធំ ពលីជីវិតនៅឆ្នាំ១៩៩១ នៅសមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ មានជីវភាពលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះថ្មី ថ្ងៃនេះត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ សាងសង់ផ្ទះជូនសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ ក្រុមគ្រួសារអតីតយុទ្ធជន និង ប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤និងដូសទី៥ នៅតាមមណ្ឌលសុខភាព តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក៏បាននាំយកអំណោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភបន្ថែម មាន អង្ករ មី ទឹកត្រី ត្រីខកំប៉ុង និងសម្ភារសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកា មួយចំនួនផងដែរ ៕
ដោយ ប៊ុន រដ្ឋា