ការទទួលបានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ផលិតផលអំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ នឹងពង្រីក ទីផ្សារ បន្ថែមសម្រាប់ផលិតផល ៣មុខនេះ

ភ្នំពេញ៖ វិស័យឯកជនរំពឹងថា ក្រោយពីផលិតផលរបស់ខ្មែរ បីមុខ រួមមាន អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កង តាកែវ ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុង ឆ្នាំ២០២៣នេះរួចហើយ ទីផ្សារនៃផលិតផលទាំងនេះ នឹងកាន់តែធំជាងមុន ដែលអាចនឹងឈានដល់នាំចេញទៅក្រៅ ប្រទេសផងដែរ។

លោក ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រីអ៊ីឆេ ង៉ូវ ហេង កំពត បានប្រាប់ថា ជាដំណឹងល្អណាស់ ដែលទឹកត្រី កំពតកែប អាចចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបាន នៅក្នុងឆ្នាំ២០២៣នេះ ដែលនឹងជួយឱ្យទីផ្សារទឹកត្រីកំពត កាន់តែធំ ជាពិសេសងាយស្រួលក្នុងការនាំចេញទៅ ក្រៅ ប្រទេស។

លោកបានបញ្ជាក់ថា ៖ «ខ្ញុំមានបំណងនាំទឹកត្រីកំពត ទៅដល់ ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន ខណៈដែលបច្ចុប្បន្នយើង កំពុងរៀបចំ សិប្បកម្ម ឱ្យមានលក្ខណៈស្តង់ដារ និងមានការ ទទួល ស្គាល់ជាអន្តរជាតិ។យើងកំពុងពិភាក្សាជាមួយភាគីកូរ៉េ ដើម្បីអាចនាំចេញទឹកត្រីកំពតទៅកូរ៉េបានក្នុងឆ្នាំនេះ»។

លោក ចាន់ ស៊ីថា បានបន្ថែមថា លោកកំពុងពង្រីកសន្សឹមៗ ប៉ុន្តែត្រូវមានការហិរញ្ញវត្ថុច្រើន ព្រោះថា វត្ថុធាតុដើម គឺជាត្រី ធម្មជាតិ ដែលមានរដូវកាលមួយឆ្នាំម្តង ដូចនេះត្រូវការ ប្រមូលទិញស្តុកទុក ដែលត្រូវការទីតាំងធំជាងមុន ហើយ បើសិនជាទឹកត្រីកំពត បានចុះបញ្ជីជាផលិតផលសម្គាល់ ភូមិសាស្រ្តទៀតនោះ កេរ្តិ៍ទឹកត្រីកំពតកាន់តែល្បីល្បាញ និងងាយស្រួលក្នុងការនាំចេញ។

ចំណែក កញ្ញា ថូង ធីតា ស្ថាបនិកនៃសហគ្រាស Thaung Enterprise ដែលផលិតនិងវេចខ្ចប់អំបិលធម្មជាតិចេញ ពីខេត្តកំពត បានឲ្យដឹងដែរថា វាជាមោទនភាពមួយ ចំពោះ អ្នកផលិតអំបិល ដែលអាចបង្កើតបាន និងបង្ហាញពីកេរ្តិ៍ ឈ្មោះអំបិលរបស់ប្រទេសកម្ពុជា ដល់អ្នកបរិភោគ ក្នុងស្រុក និងក្រៅស្រុកផងដែរ។

កញ្ញា បានបញ្ជាក់ថា៖« ការចុះបញ្ជីនេះ នឹងអនុញ្ញាតឱ្យ ប្រជាជនបានស្គាល់កាន់តែច្រើនថា អ្វីជាអំបិលកំពត អ្វីដែល យើងកំពុងធ្វើនៅលើការអនុវត្តរបស់យើងដើម្បីផលិតផលិតផលនេះ ទាំងប្រពៃណី និងវប្បធម៌របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយកសិកររបស់យើង និងអ្នកពាក់ព័ន្ធទាំងអស់ ទាក់ទងនឹងសេដ្ឋកិច្ចតាមរយៈការជួយដល់សុខុមាលភាពរបស់ពួកគេ តាមរយៈការបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់ ពួកគេ ដោយការលក់ផលិតផលដែលមានតម្លៃសមរម្យ»។

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន លេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឱ្យដឹងថា គម្រោង ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ លើផលិតផល “អំបិល កំពតកែប” “ទឹកត្រីកំពតកែប” និង “បង្កងតាកែវ” គឺជាការផ្តួច ផ្តើមគំនិតរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមបានថ្លែងថា ៖« ផលិតផលទាំងបីមុខនេះ គ្រោងនឹងចុះបញ្ជីនៅក្នុងឆ្នាំ២០២៣នេះ តែមិនទាន់ អាចបញ្ជាក់ថា ក្នុងខែណានៅឡើយទេ។ការចុះបញ្ជីម៉ាក សម្គាល់ភូមិសាស្រ្តទំនិញនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាង ច្រើន ដល់ប្រជាកសិករដែលមានមុខរបរផលិតទំនិញបី មុខនេះ»។

បើតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញា ការចុះបញ្ជី «អំបិលកំពតកែប» ជាជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ (Agence Francaise de Development) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (World Intellectual Property Organization) ខណៈ «ទឹកត្រីកំពតកែប និងបង្កងតាកែវ» ជាជំនួយបច្ចេកទេសរបស់ អង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EU Arise+ IPR)។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ពិតជាមាន សារសំខាន់ ណាស់ ព្រោះវាជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលត្រូវបានសកលលោកចាត់ទុកថា ជាឈោ្មះ ឬសញ្ញា សម្គាល់ ប្រើប្រាស់លើទំនិញមានក្នុងតំបន់ភូមិសាស្ត្រជាក់លាក់ និងមានគុណភាព ឬកេរ្តិ៍ឈ្មោះ ដែលផ្សារភ្ជាប់នឹងទីតាំង ភូមិសាស្ត្រ និងជាប្រភពកំណត់អត្តសញ្ញាណ។

ក្រៅពីផលិតផលទាំងនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ក៏កំពុងសហការជាមួយអង្គការ UNIDO ដើម្បីចុះសិក្សាស្រាវជ្រាវ និងកំណត់យកផលិតផល សក្ដានុពល បីមុខទៀត រួមមាន «បង្គារក្រៀមកំពង់សោម បង្គាក្រៀមកោះកុង និងប្រហុកសៀមរាប» ដើម្បីចុះបញ្ជីការពារ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

ជាមួយគ្នានេះ ក្រសួង ក៏កំពុងស្នើសុំអង្គការកម្មសិទ្ធិ បញ្ញា ពិភពលោក ចុះសិក្សា និងវាយតម្លៃលើផលិតផលនេសាទ «ក្ដាមថ្មកោះកុង» និងរៀបចំចុះបញ្ជី «អង្ករបាត់ដំបង» ដើម្បីការពារជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ៕
ដោយ៖វណ្ណ សុជាតា

ads banner