ប៉ាគីស្ថានអំពាវនាវសុំជំនួយគ្រោះទឹកជំនន់ នៅមុនសន្និសីទ ម្ចាស់ជំនួយ

អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារទី ៣ ខែ មករា បានចេញការអំពាវនាវដ៏រំជើបរំជួលមួយ ដោយ ជំរុញ សហគមន៍អន្តរជាតិឱ្យបរិច្ចាគថវិកាដោយសប្បុរស សម្រាប់ជនរងគ្រោះដោយទឹកជំនន់ក្នុងប្រទេសរបស់ខ្លួន។

ការអំពាវនាវនេះធ្វើឡើង ខណៈសន្និសីទអង្គការសហប្រជា ជាតិ និងប៉ាគីស្ថាន នឹងរៀបចំសន្និសីទមួយនៅទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ក្នុងបំណងរៃអង្គាសថវិកាសម្រាប់ ជនរងគ្រោះនៃទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក កាល ពីឆ្នាំមុន។

លោករដ្ឋមន្ត្រី Bilawal Bhutto-Zardari បានថ្លែងអំពាវនាវ ទាក់ទាញឱ្យមានការយកចិត្តទុកដាក់ចំពោះស្ថានភាពអ្នកបាត់បង់ផ្ទះសម្បែងដោយសារទឹកជំនន់ ហើយបង្ខំខ្លួនរស់នៅក្នុងទី វាល ចំហរក្នុងរដូវរងាដ៏ត្រជាក់នេះ។ លោកថា គោលដៅរបស់ លោកគឺដើម្បីឱ្យពិភពលោកមិនទុកជនរងគ្រោះដោយទឹកជំនន់ចោល។

គួររំឭកថា ថ្មីៗនេះ អង្គការសហប្រជាជាតិ(អ.ស.ប) បាន ព្រមាន ថា មូលនិធិដែលបានរៃអង្គាសមកដល់ពេលនេះ សម្រាប់ ជនរងគ្រោះដោយទឹកជំនន់នៅប៉ាគីស្ថាន នឹងត្រូវ ចំណាយអស់បន្ទាប់ ត្រឹមថ្ងៃទី ១៥ ខែមករា។ មកទល់ពេលនេះ អ.ស.ប បានទទួលជំនួយត្រឹមតែ១ភាគ៣នៃជំនួយសង្គ្រោះ បន្ទាន់ចំនួន ៨១៦ លានដុល្លារ ដែលត្រូវការសម្រាប់ជំនួយ ស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ផ្សេងៗទៀតសម្រាប់អ្នក រស់រាន មាន ជីវិតពីទឹកជំនន់ប៉ុណ្ណេះ។

លោក Bhutto-Zardari បានថ្លែងក្នុងសុន្ទរកថាតាម ទូរទស្សន៍ ពី Badin ដែលជាតំបន់រងគ្រោះដោយសារទឹក ជំនន់ដ៏អាក្រក់បំផុតមួយនៅក្នុងខេត្តភាគខាងត្បូង Sindh ថា៖ «ប្រជាជនប៉ាគីស្ថានស្លូតត្រង់មិនមានកំហុសនោះទេ ប៉ុន្តែ ពួកគេត្រូវទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែទឹកជំនន់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ»។

លោកបានគូសបញ្ជាក់ថា ប៉ាគីស្ថានបានចូលរួមចំណែកយ៉ាង តិចតួចក្នុងការធ្វើឱ្យផែនដីឡើងកំដៅ ប៉ុន្តែនៅតែងាយរងគ្រោះ ដោយសារការបំផ្លិចបំផ្លាញដែលបណ្តាលមកពីអាកាសធាតុ។ អ្នកជំនាញនិយាយថា ប៉ាគីស្ថានបញ្ចេញកាបូនឌីអុកស៊ីត ដែល ជាឧស្ម័នផ្ទះកញ្ជក់ខ្ទប់កម្ដៅលើស្រទាប់ផែនដី តិចជាង ១ ភាគរយ។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់នៅប៉ាគីស្ថានដែលចាប់ផ្ដើម ពីខែមិថុនា ដល់ខែកញ្ញា បានសម្លាប់មនុស្ស ១ ៧៣៩ នាក់ និងប៉ះពាល់ដល់ប្រជាជនប៉ាគីស្ថានចំនួន ៣៣ លាននាក់ ខណៈធ្វើឱ្យផ្ទៃដីនៃប្រទេសប៉ាគីស្ថាន ១ភាគ៣ លិចទឹក។ មុនគ្រោះនេះកើតឡើង ប៉ាគីស្ថានបានប្រឈមមុខនឹងវិបត្តិ ហិរញ្ញវត្ថុ ធ្ងន់ធ្ងររួចទៅហើយ។

អ្នកជំនាញបានប៉ាន់ស្មានថា ទឹកជំនន់បានបណ្តាលឱ្យមាន ការខូចខាតដល់ទៅ ៤០ ប៊ីលានដុល្លារហើយថា បើគ្មាន ជំនួយអន្តរជាតិទេ ប្រទេសប៉ាគីស្ថាននឹងមិនអាចសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញឡើងវិញបាននោះទេ៕ ដោយ៖ ហួន ឌីណា

ads banner