មូលនិធិប្រេងឥន្ធនៈនឹងខ្ចីប្រាក់ចំនួន ៣០ពាន់លានបាត បន្ថែមទៀតដើម្បីរក្សាតម្លៃប្រេងម៉ាស៊ូតឱ្យទាប នៅប្រទេសថៃ
បាងកក៖ នាយក មូលនិធិប្រេងឥន្ធនៈ នៅប្រទេសថៃ លោក Wisak Watanasap បាននិយាយ កាលពីថ្ងៃពុធថា ការិយាល័យមូលនិធិប្រេងឥន្ធនៈនឹងខ្ចីប្រាក់ចំនួន ៣០ ពាន់លានបាតបន្ថែមទៀត ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅសប្តាហ៍ក្រោយ។
លោក Wisak បាននិយាយថា ក្រុមប្រឹក្សាភិបាលរបស់មូលនិធិនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីផែនការរបស់ខ្លួនក្នុងការខ្ចីប្រាក់ចំនួន ៣០ពាន់លានបន្ថែមទៀត ហើយបន្ទាប់មក នឹងដាក់ផែនការនេះ សម្រាប់ការអនុម័តរបស់គណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ។
លោក Wisak បាននិយាយថា មូលនិធិនេះបានខ្ចីប្រាក់ចំនួន ៣០ពាន់លានបាតពីធនាគារ Krung Thai និងធនាគារសន្សំរដ្ឋាភិបាល បន្ទាប់ពីមានក្រឹត្យប្រតិបត្តិពីក្រសួងហិរញ្ញវត្ថុដែលធានាប្រាក់កម្ចីរបស់មូលនិធិនេះបានចូលជាធរមាន កាលពីឆ្នាំមុន។
លោកបាននិយាយថា មូលនិធិនេះនឹងបន្តឧបត្ថម្ភធនដល់តម្លៃប្រេងម៉ាស៊ូត ដើម្បីឱ្យតម្លៃលក់រាយអាចរក្សានៅតម្លៃ ៣៥ បាតក្នុងមួយលីត្រ រហូតដល់រដ្ឋាភិបាលធ្វើការសម្រេចចិត្តដំឡើង ឬបញ្ចុះតម្លៃ៕ ប្រភពពី The Nation , ប្រែសម្រួលដោយ៖ សារ៉ាត