មន្ត្រីមន្ទីរទេសចរខេត្តបាត់ដំបង អំពាវនាវឱ្យអ្នកទេសជាតិទៅទស្សនាស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន
បាត់ដំបង៖ មន្ត្រីមន្ទីរទេសចរខេត្តបាត់ដំបងអំពាវនាវឱ្យអ្នក ទេសចរ ជាតិទៅទស្សនាស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ។មន្ត្រីមន្ទីរទេសចរនៃខេត្តនេះបានឱ្យដឹងថាស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ដែលមានអាយុកាលជាង ៧ម៉ឺនឆ្នាំមកហើយ ។
ប្រភពដដែលបន្តថា ល្អាងស្ពាននេះ ជាស្ថានីយបុរេប្រវត្តិសាស្ត្រ តែ មួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៌ហាវប៊ីនញៀនច្រើនប្រភេទ ដែលស្ថិតក្នុងស្រទាប់ដី និងមានវត្ថុបុរាណជាច្រើនដូចជា ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយជាដើម។
លោក នូ ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាន ថ្លែងថា ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ ជាកន្លែង ដែលមានវត្ថុបុរាណជាច្រើនប្រភេទ ហើយថែមទាំងជាកន្លែង ដែល បន្សល់ទុកអត្តសញ្ញាណរបស់មនុស្សបុរាណទៀតផង។ ហើយស្ថានីយបុរេប្រវត្តិសាស្ត្រនេះ ក៏បានចូលរួមចំណែកជួយ ដល់សហគមន៍មូលដ្ឋាន ខណៈដែរមានអ្នកទេសចរចូលមក ទស្សនា ហើយសហគមន៍ទាំងនោះទទួលបានប្រាក់ចំណូល ដូចជា ការលក់ម្ហូបអាហារ លក់ផ្លែឈើ និងលក់គ្រឿងសក្ការៈ បូជាជាដើម។
លោកបន្តថា អ្នកទេសចរភាគច្រើនដែលមកទស្សនា ស្ថានីយ បុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ គឺជាជនជាតិបរទេស ដែល ពួកគាត់មានការចាប់អារម្មណ៍ និងចូលចិត្តមើលវត្ថុបុរាណ និងស្រាវជ្រាវពីវត្ថុទាំងនោះខ្លាំងកាលពីសម័យមុន។ ចំណែកឯជនជាតិខ្មែរ ភាគច្រើនមិនសូវមកចូលទស្សនា និងដើរកម្សាន្តនៅស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះឡើយ។
លោក នូ ថា លើកឡើងថា ៖ «ខាងខេត្ត ក៏មានបំណង ចង់ ពង្រីកតំបន់នេះ ឱ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរដែរ ប៉ុន្តែល្អាងស្ពាននេះ គឺវាពាក់ព័ន្ធនឹងវិស័យច្រើន ទាំងមន្ទីរ វប្បធម៌ និងជាមួយសារមន្ទីរជាតិ ដូច្នេះសព្វថ្ងៃនេះ មន្ទីរ ទេសចរ យើងគ្រាន់តែបានផ្សព្វផ្សាយទេ ដើម្បីទាក់ទាញឱ្យភ្ញៀវ ទេសចរចូលមកទស្សនាកាន់តែច្រើន ជាពិសេសអ្នកទេសចរ ជាតិ»។
ក្រុមអ្នកជំនាញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងសារមន្ទីរ ជាតិ ប្រវត្តិសាស្ត្រធម្មជាតិនៃប្រទេសបារាំង ដែលមាន លោក ហេង សុផាឌី និងលោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ កំពុងដឹកនាំស្រាវ ជ្រាវបន្ថែមទៀតដើម្បីសិក្សាកាន់តែស៊ីជម្រៅពីស្ថានីយបុរេប្រវត្តិល្អាងស្ពាន។
ការធ្វើកំណាយជាហូរហែរកន្លងមក បានរកឃើញវត្ថុបុរាណជា ច្រើនដូចជា ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿង លម្អកាយ (អង្កាំ និងកងដៃធ្វើពីថ្ម និងបន្តោងខ្សែក ធ្វើពី ចង្កូមសត្វ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសពជាដើម។ លទ្ធផលវិភាគលើវត្ថុបានពីកំណាយ បានបង្ហាញថា ស្ថានីយល្អាងស្ពាន មានមនុស្សមកតាំងទី បីដំណាក់កាល ផ្សេងគ្នាគឺ សម័យថ្មបំបែកមានអាយុកាលប្រហែល ៧១ ០០០ឆ្នាំ, វប្បធម៌ហាវប៊ីនញៀន មានអាយុចន្លោះពី ១១ ០០០ ដល់ ៥ ០០០ឆ្នាំ និងចុងក្រោយគឺ សម័យថ្មរំលីង មានអាយុ ប្រហែល ៣០០០ឆ្នាំ ដោយគេបានយកល្អាងស្ពាន ជាកន្លែងបញ្ចុះសព។
ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយ ប្រមាណ ៤០គីឡូម៉ែត្រ ពីទីរូមខេត្តបាត់ដំបង តាមបណ្តោយ ផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន។ ស្ថានីយបុរេប្រវត្តិសាស្ត្រ ល្អាងស្ពាននេះ ត្រូវបានរកឃើញ និងត្រូវបានធ្វើកំណាយ លើកដំបូង ដោយលោកស្រី សេស៊ី ម៉ូរ៉េ និង លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០ បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង ៤០ឆ្នាំ៕
ដោយ៖ជា សុខនី