នៅខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយជំរុញការចុះបញ្ជីសារពេីភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ដើម្បីការពារដីជាកម្មសិទ្ធិរបស់រដ្ឋ ជៀសផុតការរំលោភបំពាននានា
បន្ទាយមានជ័យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយក្រសួងរៀបចំដែនដីនគររូបនីយកម្ម ធ្វើជាសហប្រធានគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យនិងធ្វើបច្ចុប្បន្នភាពដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ គ្រប់ជាន់ថ្នាក់មូលដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីរៀបចំធ្វើប័ណ្ណកម្មសិទ្ធិសម្រាប់ខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ។
លោក បឹង គឹមសឹង ដែលជាប្រធានមន្ទីរសេដ្ឋកិច្ច និង បន្ទប់ខេត្តបានលើកឡើងថា ផ្អែកតាមបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២១ មន្ទីរ និងអង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងខេត្តបន្ទាយមានជ័យ មានទីតាំងសរុបចំនួន ១៤១០ទីតាំងមានប័ណ្ណកម្មសិទ្ធិចំនួន ៧០៣ទីតាំង ស្មើនឹង ៤៩,៨៥ភាគរយ និងដីគ្មានកម្មសិទ្ធិចំនួន ៧០៧ទីតាំងស្មើនឹង ៥០,១៥ភាគរយ ដូចនេះគណៈកម្មការអន្តរក្រសួងទាំងពីរ គឺតម្រូវឲ្យ មន្ទីរ អង្គភាព ស្រុក ឃុំ សង្កាត់ ទាំងអស់ពន្លឿនការធ្វើបញ្ជីប័ណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋឲ្យបានរួចរាល់។
លោក ហ៊ីល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ និងឯកឧត្ដម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ បានមានប្រសាសន៍លើកឡើងស្រដៀងគ្នាថា៖ ការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទៅជាការងារអាទិភាពមួយដើម្បី ការពារដីជាកម្មសិទ្ធិរបស់រដ្ឋជៀសផុតការរំលោភបំពាននានា និងធ្វើឲ្យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កាន់តែមានគុណភាព និងប្រសិទ្ធភាពល្អ ៕ ដោយ៖ឃិន គន្ធា