សិស្សមួយចំនួន ដែលទើបជាប់បាក់ឌុប ចាប់អាមរម្មណ៍ដាក់ ពាក្យរៀនជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ
ភ្នំពេញ៖ ឆ្នាំសិក្សាថ្មីនេះ សិស្សានុសិស្សដែលទើបនឹង ប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិបាន ស្វះស្វែង រកសកល វិទ្យាល័យដើម្បីបន្តការសិក្សារៀនសូត្រកម្រិតបរិញ្ញាបត្រ។ សកលវិទ្យាល័យផ្សេង ៗក្នុង ក្រុងភ្នំពេញកំពុងតែមមាញឹកនឹង ការទទួលពាក្យយ៉ាងច្រើនកុះករពីសំណាក់សិស្សានុសិស្ស។
ដោយឡែក ជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នាឆ្នាំនេះក៏ ចាប់ផ្ដើមឃើញមានការចាប់អារម្មណ៍ និងដាក់ពាក្យចូល រៀនច្រើនផងដែរ។ ជំនាញនេះមាននៅក្នុងដេប៉ាតឺម៉ង់មួយ របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានឈ្មោះថា ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។
ជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅទីនេះគឺក្ដោបរួមទាំង ជំនាញសរសេរព័ត៌មាន ការផលិតកម្មវិធីទូរទស្សន៍ វិទ្យុ ជាពិធីករ/ពិធីការនី បង្កើតមាតិកា ផលិតកុន និងជំនាញ ក្រាហ្វីកឌីហ្សាញជាដើម។ ខុសពីជំនាញផ្សេងៗ ជំនាញ ប្រព័ន្ធផ្សព្វផ្សាយនេះមិនសូវជាមានអ្នកស្គាល់ច្រើនប៉ុន្មានទេ ជាហេតុធ្វើ ឱ្យធនធានមនុស្សផ្នែកនេះនៅមានកង្វះខាត។
ប៊ុន លាភ ជាឈ្មោះយុវសិស្សមួយរូប ដែលរស់នៅទី ក្រុង ភ្នំពេញ និងដែលបានទៅដាក់ពាក្យសម្រាប់ត្រៀមប្រឡង ចូលរៀនជំនាញគ្រប់គ្រង់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃខាងមុខ។ យុវសិស្ស ប៊ុន លាភ ដែលមានអាយុ១៦ឆ្នាំរូបនេះបាន រៀបរាប់ថា ខ្លួនចូលចិត្តនូវជំនាញដែលមាននៅក្នុងដេ ប៉ាតឺ ម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនដែលបានដឹងឡើយ ថាមាន សាលារៀន ជំនាញនេះនៅកម្ពុជា។
យុវសិស្សរូបនេះបន្តថា ខ្លួនបានស្គាល់ដេប៉ាតឺម៉ង់នេះ ដោយ ចៃដន្យ ហើយមានការភ្ញាក់ផ្អើល ដោយអ្វីដែលយុវសិស្ស នេះចង់រៀន គឺមានវត្តមាននៅទីក្រុងភ្នំពេញតាំងតែពីឆ្នាំ ២០០១ មកម្លេះ។
យុវសិស្ស ប៊ុន លាភ បានរៀបរាប់ថា៖ «ខ្ញុំចូលចិត្តថតវីដេអូ កាត់វីដេអូ និងចង់ក្លាយជាអ្នកផលិត មាតិកាបង្ហោះតាម បណ្ដាញ សង្គម ហើយខ្ញុំភ្ញាក់ផ្អើលមែនទែនដែលបានដឹង ថាមានសាលាបង្រៀន ជំនាញនេះ។»ប៉ុន្តែដើម្បីបានជាប់រៀន ជំនាញនេះ សិស្សានុសិស្សដែលបានដាក់ ពាក្យត្រូវឆ្លងកាត់ ដំណាក់កាល ប្រឡងជម្រុះចំនួនពីរដង គឺវិញ្ញាសាសំណេរ និងការសម្ភាសន៍ផ្ទាល់មាត់។
ដោយមិនបានត្រៀមទុកជាមុនច្រើន យុវសិស្សរូបនេះមិនហ៊ាន សង្ឃឹមខ្ពស់ថានឹងអាចប្រឡងជាប់នោះទេ ដោយបានត្រឹមតែ ខិត ខំប្រឹងប្រែងឱ្យ អស់ពីសមត្ថភាពដើម្បីអាចចូលរៀនជំនាញ ប្រព័ន្ធផ្សព្វផ្សាយបាន។ សិស្សម្នាក់ទៀតដែលបានដាក់ពាក្យចូលសម្រាប់ប្រឡងចូលរៀនជំនាញខាងលើ គឺកញ្ញា ឃីម សុគន្ធី បានឱ្យដឹងថា ខ្លួនស្គាល់ ដេប៉ាតឺម៉ង់នេះតាមរយៈគ្រូរបស់ខ្លួននៅឯខេត្តកំពង់ធំ។
យុវតីរូបនេះបានបង្ហាញពីបំណងរបស់ខ្លួនដោយមិនស្ទាក់ស្ទើរថា៖ «ខ្ញុំមានក្ដីស្រម៉ៃចង់ក្លាយជាអ្នកសារព័ត៌មាន ដែលនេះជា អ្វីដែលខ្ញុំស្រឡាញ់យូរមកហើយ។» សម្រាប់កញ្ញា ឃីម សុគន្ធី វិញបានឱ្យដឹងថាខ្លួនមានសង្ឃឹម ខ្ពស់ ទៅលើការប្រឡងចូល ដោយខ្លួនបាន ត្រៀមលក្ខណៈ រួចរាល់ សម្រាប់ដំណាក់កាលទាំងពីរ។ ម្យ៉ាងទៀតយុវតីរូបនេះតែងតែតាមដាននូវរាល់ ស្ថានការណ៍ សង្គម និងបង្កើននូវចំណេះដឹងទូទៅរបស់ខ្លួនដើម្បី ត្រៀម ចូលរៀន។
កញ្ញាក៏បានបញ្ជាក់ផងដែរថា ការចូលរៀនជំនាញនេះគឺជាក្ដី ស្រមៃ របស់ខ្លួន ដោយមិនបានទទួលគំ នាបពីនរណាម្នាក់ ឡើយ ហើយខ្លួនមានការសប្បាយចិត្តក្នុងការដើរតាមក្ដីស្រមៃ នេះ។ លោក អ៊ុង ប៊ុនអ៊ី ដែលជាប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគម៍ បានមានប្រសាសន៍រៀបរាប់អំពីការចូលរៀន ជំនាញនេះថា៖ «ជាទូទៅសិស្សត្រូវមានចំណង់ចំណូល ចិត្ដ របស់គាត់ចូលចិត្ដខាងហ្នឹង គ្រាន់តែកន្លងមកសិស្សគាត់ អត់សូវស្គាល់ អត់សូវដឹងថាតើកន្លែងយើងមានរៀន ជំនាញ អ្វីខ្លះ…ដូច្នេះបើសិនជាគាត់គិតថាគាត់ចូលចិត្ដខាងសរសេរ ខាងតែងនិពន្ធ ខាងថតរូប ផលិតវីដេអូ ខាងអីហ្នឹង ឫក៏ខាង ទំនាក់ទំនងគាត់អាចរៀនជំនាញនេះបាន»។
លោក អ៊ុង ប៊ុនអ៊ី បានរៀបរាប់បន្តថា៖ «បើនិយាយពី កត្ដាប្រឈមវិញគឺដូចជាអត់មានទេ និស្សិតដែលចប់ពី យើងទៅទីផ្សារការងារមានច្រើន ប៉ុន្ដែធនធានយើង ផលិតបានតិច ដូច្នេះទីផ្សារត្រូវការអ្នកជំនាញផ្នែក ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នេះច្រើនក្នុងពេល បច្ចុប្បន្ន ហើយបើយើងនិយាយទៅវាគឺជាគុណសម្បត្ដិវិញទេ ព្រោះជំនាញមួយដែលគេមិនសូវស្គាល់ បែបនេះពេលសិស្ស រៀនចប់ហើយតម្រូវការទីផ្សារធំ»។
កម្មវិធីសិក្សានឹងរួមមានដូចជា ឆ្នាំទីមួយគឺនឹងផ្ដោត សំខាន់ ទៅលើមូលដ្ធានគ្រិះ ដូច្នេះសិស្សត្រូវរៀនមុខវិជ្ជា ទូទៅ ច្រើនជាងឆ្នាំទី២។ រីឯឆ្នាំទី ៣ ផ្ដោតសំខាន់ទៅលើ ប្រព័ន្ធផ្សព្វផ្សាយ សរសេរពត័មានសម្រាប់វិទ្យុទូរទស្សន៍ ការផលិតកម្មវិធីវិទ្យុ ទូរទស្សន៍ ការផលិតវីដេអូឯកសារ និងមានទំនាក់ទំនងសាធារណៈនិងស្រាវជ្រាវ។សម្រាប់ឆ្នាំចុងក្រោយ វិញគឺនឹងផ្ដោតសំខាន់ទៅលើ ខាងគ្រប់គ្រងច្រើនជាងដូចជា គ្រប់គ្រងបន្ទប់ពត័មាន គ្រប់គ្រងគម្រោង និងប្រព័ន្ធផ្សព្វផ្សាយ និងមានគ្រប់គ្រង យុទ្ធនាការផ្សេងៗ (Campaign)ពាក់ព័ន្ធផ្នែក សារគមនា គមន៍។
គួរបញ្ជាក់ថា នៅកម្ពុជាមានសកលវិទ្យាល័យចំនួន៣ដែល មានជំនាញប្រព័ន្ធផ្សព្វផ្សាយ។ សកលវិទ្យាល័យទាំងនោះ រួមមាន សកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យ បញ្ញាសាស្ត្រ និងសកលវិទ្យាល័យកម្ពុជា៕
ដោយ៖ កែវ បុស្បា

