នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៤២នាក់ ត្រូវឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៤ ម្សិលមិញ
ភ្នំពេញ៖ ជនសង្ស័យចំនួន ៤២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះបើយោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៤២នាក់នេះ មាន ១១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ០៧ករណី និងជនសង្ស័យ ៣១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មេីសគ្រឿងញៀន ១១ករណី។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញការងារភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕ ដោយ៖ ឆៃហួត