អាល្លឺម៉ង់ថា ការនាំចេញយោធូបករណ៍ជាង ៩០ភាគរយ របស់ខ្លួន បញ្ជូនទៅកាន់ប្រទេសដៃគូជិតស្និទ្ធ និងអ៊ុយក្រែន
ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុអាល្លឺម៉ង់ (BMWK) ក្នុងថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា ការនាំចេញយោធូបករណ៍ (សម្ភារយោធា) របស់អាល្លឺម៉ង់ទៅកាន់អ៊ុយក្រែនមានចំនួនច្រើនជាងមួយភាគបួននៃការនាំចេញអាវុធសរុបរបស់ខ្លួនគិតត្រឹមឆ្នាំ២០២២។
ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុអាល្លឺម៉ង់ (BMWK) បានឱ្យដឹងថា អ៊ុយក្រែនក៏ជាប្រទេសទទួលធំបំផុតនៃការនាំចេញអាវុធរបស់អាល្លឺម៉ង់ក្នុងឆ្នាំ២០២២ផងដែរ។ សរុបមក អាល្លឺម៉ង់បាននាំចេញយោធូបករណ៍ដែលមានតម្លៃ ៨,៣៦ពាន់លានអឺរ៉ូ ឬប្រមាណ ៨,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលភាគច្រើនបានបញ្ជូនទៅកាន់ប្រទេសដៃគូរបស់ខ្លួន រួមទាំងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប (EU) និងអង្គការណាតូ។
ការនាំចេញអាវុធដែលមានអាជ្ញាប័ណ្ណទៅកាន់សហភាពអឺរ៉ុប និងសមាជិកណាតូ ព្រមទាំងប្រទេសដៃគូផ្សេងទៀត រួមទាំងប្រទេសជប៉ុន និងស្វីស មានតម្លៃប្រហែល ៥.១ពាន់លានអឺរ៉ូនៃចំនួនសរុប។ បើតាមរដ្ឋមន្រ្តីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុអាល្លឺម៉ង់ (BMWK) លោក Sven Giegold ជាង៩០ភាគរយនៃការនាំចេញអាវុធរបស់ប្រទេសអាល្លឺម៉ង់ បានបញ្ជូនទៅកាន់ប្រទេសដៃគូជិតស្និទ្ធ និងទៅកាន់អ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា