កសិករម្នាក់នៅខេត្តកែប កែច្នៃកិនចំណីមាន់ដោយខ្លួនឯង
កែបៈវិស័យចិញ្ចឹមសត្វនៅកម្ពុជាជារួមតែងជួបនូវផលវិបាកជារឿយ ៗដោយបញ្ហាកន្លងមកគឺ អ្នកផលិតតែងត្អូញត្អែរថា លក់បាន ថ្លៃទាប ខណៈដែលតម្លៃនៅលើទីផ្សារបែរជាឡើងថ្លៃជាដើម។
ការចិញ្ចឹមសត្វ ក៏ត្រូវការដើម ទុនច្រើនផងដែរ ដោយមួយផ្នែកត្រូវ បែងចែកទៅលើចំណីសត្វ និងមួយផ្នែកទៀតត្រូវគិតគូ សម្រាប់ ការគាំពារ សុខភាពសត្វ។
ប៉ុន្តែប្រសិនបើអ្នកចិញ្ចឹមសត្វអាចមានលទ្ធភាពធ្វើចំណីដោយខ្លួនឯងវាពិតជារឿងដែល អាចចំណេញបានច្រើន ពោលគឺកាត់បន្ថយ ថ្លៃដើមផលិតបានមួយផ្នែក។ ដូចអ្វីដែលកសិករម្នាក់បានធ្វើ គឺការ ស្រាវជ្រាវ រិះរកវិធី ដើម្បីកិនចំណីសត្វដោយខ្លួនឯង ដោយមិនចាំ បាច់ទិញពីគេ។
កសិកររូបនេះមានទីលំនៅនៅក្នុងខេត្តកែប ដែលសព្វថ្ងៃលោក ជា ប្រធានបណ្ដុំចិញ្ចឹមមាន់ស្រែ។ លោកបានប្រើប្រាស់នូវម៉ាស៊ីន សម្រាប់ វាយចំណី ដោយមានបច្ចេកទេសកាត់បន្ថយការចំណាយ តាមរយៈការកិនកូនត្រី និងសម្បកក្ដាម ជាដើម។
លោក អោម ភារុំ បានឱ្យដឹងថា លោកផលិតចំណីនេះ ដើម្បី លើ ការ ផ្គត់ ផ្គង់ការចិញ្ចឹមមាន់មេ ព្រមទាំងផលិតកូនមាន់ដើម្បីលក់ផង ដែរ។ ម្យ៉ាងទៀត លោកមើលឃើញថា បច្ចុប្បន្នទីផ្សារមាន់សាច់ កំពុងមានតម្រូវការខ្ពស់។
លោក ភារុំ បានបញ្ជាក់ទៀតថា លោកបានចាប់ផ្ដើមការចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់អស់រយៈពេល៤ឆ្នាំហើយដោយលោកធ្វើមិនជាធំដុំទេពោលគឺជាលក្ខណៈគ្រួសារឆ្លៀតពេលពីការធ្វើការងារប្រចាំថ្ងៃ។ រីឯចំណូលវិញលោកបានប្រាប់ថា លោកអាចចំណេញ បាន ប្រមាណ ៥០ម៉ឺនរៀលក្នុងមួយខែ។
ដោយឡែកសម្រាប់ការកិនចំណីសត្វរបស់លោកវិញ គឺលោក ទើបតែចាប់ផ្ដើមធ្វើដែលការចាប់ផ្ដើម របស់លោកគឺស្ថិត ក្រោម ការណែនាំ និងគាំទ្រពីមន្ត្រីជំនាញផលិតកម្ម និងពសុព្យាបាលសត្វ របស់មន្ទីរកសិម្មខេត្ត និងក្រុមការងារ Aspire។
លោក អោម ភារុំ បានប្រាប់ថា ៖ «គ្រឿងផ្សំចំណី ខ្ញុំដាក់ម្សៅឆ្អឹង ត្រី ពោត ចុងអង្ក ត្រកូន (ស្លឹកឆៃយ៉ា ចកអសូឡា) កន្ទក់ និង ចំណីទាពង ហើយចាប់តាំងពីខ្ញុំកិនចំណីឱ្យមាន់ស៊ីខ្លួនឯង។ ខ្ញុំអាចកាត់បន្ថយការចំណាយបានប្រហែលជា ៣០ភាគរយដែរ»។
បើទោះជាការកិនចំណីដោយខ្លួនឯងនេះអាចកាត់បន្ថយថ្លៃចំណាយបានច្រើន ប៉ុន្តែលោកក៏នៅជួបបញ្ហាក្នុងការស្វែងរកគ្រឿងផ្សំ ក្នុងការផលិតចំណីផងដែរ។ ដូច្នេះសម្រាប់ពេលបច្ចុប្បន្ន អោម ភារុំ កំពុង ស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យការផលិតចំណីមាន ស្ថេរភាព ដែលអាចនាំឱ្យលោកចំណេញបានច្រើន ជាមុន។
រីឯតម្លៃនៃការលក់មាន់ លោកបានបញ្ជាក់ថា សម្រាប់កូនមាន់ លោក លក់ជូនសមាជិកក្នុងក្រុមអ្នកចិញ្ចឹមមាន់ក្នុងតម្លៃ៦ 000 រៀល ក្នុងមួយក្បាល(អាយុ២១ថ្ងៃ)។ សម្រាប់មាន់ដែលពេញគីឡូ ឬហៅថា មាន់សាច់គឺលោកលក់ជួនឈ្មួញនៅក្នុងខេត្ត ដែលបាន ចុះកុងត្រាទិញជាមួយគ្នាក្នុងតម្លៃ ១៨ 000 រៀល ក្នុងមួយគីឡូ ក្រាម។
ប៉ុន្តែដោយសារការចិញ្ចឹមសព្វថ្ងៃមានលក្ខណៈជាគ្រួសារនៅឡើយ លោកមានបំណងចង់ ពង្រីកបន្ថែមទៀត តាមរយៈការយកកម្ចីពី ធនាគារ ព្រោះបច្ចុប្បន្នកសិដ្ឋានមានមេមាន់ ៥០ក្បាល និង ឈ្មោល ១០ក្បាល កូនមាន់ ១៣០ក្បាល។
កសិករចិញ្ចឹមមាន់រូបនេះបន្តថា៖ «ខ្ញុំមានផែនការពង្រីកផលិតកម្ម ដោយមានបំណង់ចង់ផ្លាស់ប្តូរ រោងឈើ ទៅជាដែក បង្កើនបន្ទប់ ទុក ដាក់ មាន់បន្ថែម តាមផែនការអាជីវកម្មដែលខ្ញុំបានរៀបចំ ដើម្បីស្របតាមតម្រូវការទីផ្សារ»។
សម្រាប់ការពង្រីកការចិញ្ចឹមមាន់របស់លោកនៅខែកក្កដាឆ្នាំនេះ លោកចង់ឱ្យកើនមេមាន់ដល់ ១៥០ក្បាល និងជំទង់៤០ក្បាល និងពង្រីកលទ្ធភាពនៃការកិនចំណី ដើម្បីកាត់បន្ថយចំណាយ កាន់តែច្រើន៕
ដោយ៖កែវ បុស្បា